ក្រសួងការងារ បើកកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តសៀមរាប ស្តីពីការ ត្រួតពិនិត្យ និងវាយតម្លៃ លើការអនុវត្តគោលនយោបាយជាតិស្តីពី មុខរបរ និងការងារ
សៀមរាប៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការ ត្រួតពិនិត្យ និងវាយតម្លៃ លើការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារខេត្តសៀមរាប ឆ្នាំ២០១៥-២០២៥ (គ.ខ.ម.ក) បានដឹកនាំមន្ត្រីរដ្ឋបាលខេត្ត មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមអធិបតីភាព ឯកឧត្តមអនុរដ្ឋលេខាធិការ សោម ចំណាន ដើម្បីត្រួតពិនិត្យ និងវាយតម្លៃ លើការអនុវត្តគោលនយោបាយជាតិស្តីពី មុខរបរ និងការងារ (គ.អ.ម.ក)។
ក្នុងនាមរដ្ឋបាលខេត្តនិងអាជ្ញាធរខេត្តសៀមរាប លោក នាក់ ណេរ៉ុន មានប្រសសន៍ថា រាជរដ្ឋាភិបាលកម្ពុជានិតិកាលទី៥នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ឋសាស្ត្រដំណាក់កាលទី៣ ដើម្បីកំណើនការងារសមធម៌និងប្រសិទ្ឋភាពនៅកម្ពុជា ដែលបានបង្កើតការងារថ្មីកាន់តែច្រើនឡើងជូនប្រជាពលរដ្ឋ ហើយត្រូវបានចាត់ទុកជាយុទ្ធសាស្ត្រអាទិភាពមួយក្នុងចំណោមគោលដៅទាំង៤។
ដើម្បីចូលរួមចំណែកក្នុងការអនុវត្តប្រកបដោយជោគជ័យនូវគោលនយោបាយ យុទ្ធសាស្ត្រ និងឆ្លើយតបទៅនឹងបញ្ហាប្រឈមមួយចំនួន រាជរដ្ឋាភិបាលបានដាក់ចេញនូវ គោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ សំដៅបង្កើនឱកាសការងារសមរម្យដល់ប្រជាពលរដ្ឋកម្ពុជា និងលើកកម្ពស់ផលិតភាពការងារ ជម្រុញការអភិវឌ្ឍជំនាញ និងធនធានមនុស្សព្រមទាំងពង្រឹងអភិបាលកិច្ចទីផ្សារការងារដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងការវីវដ្តផ្លាស់ប្តូរនៃសេដ្ឋកិច្ចក្នុងទូទាំងប្រទេស តំបន់ និងសកលលោក។
លោក នាក់ ណេរ៉ុន បានបញ្ចាក់ទៀតថា ក្នុងអំឡុងពេលដែលយើងជួបនូវវិបត្តិដោយសារជំងឺកូវីដ-១៩ ពីរឆ្នាំមកនេះ បណ្តាលឱ្យជួបនូវភាពអាក់ខាននៃសកម្មភាពការងារជាច្រើន ដោយសារតែអាជ្ញាធរខេត្ត បង្វែរមុខព្រួញលើការងារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ហើយនេះជាលើកដំបូងដែលកិច្ចប្រជុំនេះធ្វើឡើងដើម្បីត្រួតពិនិត្យការងារក្នុងឆ្នាំកន្លងមកសម្រាប់ត្រៀមលក្ខណៈចូលរួមក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីគោលនយោបាយគាំពារ និងគោលនយោបាយជាតិស្តីពីមុខរបរនិងការងារដែលគ្រោងនឹងរៀបចំឡើងក្នុងខេត្តសៀមរាបនាពេលឆាប់ៗខាងមុខនេះ និងដើម្បីពិភាក្សាក្នុងក្របខ័ណ្ឌនៃគណៈកម្មការខេត្តស្តីពីការគាំពារសង្គម ទៅលើនិតិវិធីនៃការស្នើសុំចូលជាសមាជិករបស់ក្រុមមគ្គុទេសក៍ទេសចរណ៍ខេត្តសៀមរាបទៅក្នុងប្រព័ន្ឋ ប.ស.ស ។
ថ្លែងតាមប្រព័ន្ធហ្សូម ឯកឧត្តម សោម រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានលេខាធិការដ្ឋានអន្តរក្រសួងនៃគណៈកម្មការចំណាន បានឯកភាពជាមួយស្ថានភាពលំបាកដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ដែលបណ្តាលឱ្យអាក់ខានការងារទាំងអស់គ្នា ទាំងថ្នាក់ខេត្តនិងថ្នាក់ជាតិ តែយ៉ាងណាក៍ដោយក៍យើងបានខិតខំប្រឹងប្រែងអនុវត្តការងារយ៉ាងអស់ពីលទ្ធភាពដែលអាចធ្វើបាន។ ពេលនេះជាវេលាសមស្របយើងនឹងចាប់ផ្តើមរៀបចំឱ្យមាននូវផែនការសកម្មភាពច្បាស់លាស់សម្រាប់គណៈកម្មការនៅថ្នាក់ក្រោមជាតិក្នុងការអនុវត្តគោលនយោបាយនេះ។ដោយសារខេត្តសៀមរាបជាខេត្តមានសក្តានុពលលើវិស័យទេសចរណ៍ តែដោយជំងឺកូវីដ-១៩ រាតត្បាតអស់ជាង២ឆ្នាំ បណ្តាលឱ្យកម្មករនិយោជិកក្នុងខេត្តនេះជាច្រើនត្រូវបាត់បង់ការងារ វិស័យឯកជន ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារត្រូវបានបិទឬផ្អាក ហេតុនេះតាមរយៈគម្រោងស្តីពីការងារសមរម្យសម្រាប់យុវជន ជាគម្រោងទទួលបានការគាំទ្រនិងសម្របសម្រួល ពីអង្គការយូអិនឌីភី រួមជាមួយ អាយឡូ យូនីសេហ្វ ផងដែរនោះ បានសម្រេចយកខេត្តសៀមរាបដើម្បីភ្ជាប់រវាងគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ជាមួយនឹងគម្រោងនេះ និងយកខេត្តនេះជាខេត្តគំរូដំបូងគេ សម្រាប់ការកសាងនូវផែនការសកម្មភាពដើម្បីអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ និងដើម្បីជួយផ្នែកបច្ចេកទេសសម្រាប់លេខាធិការដ្ឋានគណៈកម្មការថ្នាក់ខេត្តអាចអនុវត្តការងាររបស់ខ្លួនបានដោយរលូន។
គួរំលឹកថា កិច្ចប្រជុំបានដាក់នូវរបៀបវារៈមួយចំនួនដូចជា ៖១- ស្នើសុំមន្ទីរអង្គភាពជាសមាជិក ពិនិត្យលើសេចក្តីព្រាង អំពីសមាសភាពគណៈកម្មការខេត្តសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃ លើការអនុវត្តគោលនយោបាយជាតិស្តីពី មុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ (គ.ខ.ម.ក)។ ២.-ស្នើសុំឱ្យមន្ទីរ អង្គភាព ជាសមាជិក ដូចមានក្នុងសេចក្តីសម្រេច សហការជាមួយលេខាធិការដ្ឋាន នៃគណៈកម្មការសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃ លើការអនុវត្តគោលនយោបាយជាតិស្តីពី មុខរបរនិងការងារឆ្នាំ២០១៥-២០២៥ (គ.ខ.ម.ក) ក្នុងការផ្តល់ផែនការសកម្មភាព ឆ្នាំ២០២២-២០២៣ លើការអនុវត្តគោលបាយជាតិ ដោយមានការសម្របសម្រួលពីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (ក្រុមការងារលេខាធិការដ្ឋាន និងធ្វើសំណើប្រមូលផែនការនៅតាមន្ទីរអង្គភាព ដោយមានភ្ជាប់ជាមួយនូវ តារាងគំរូលម្អិត)។ ៣. ស្នើឱ្យមន្ទីរអង្គភាពជាសមាជិក ចាត់មន្រ្តីជំនាញ ០១រូប ទទួលបន្ទុកការងារនេះ ដើម្បីធ្វើការទំនាក់ទំនងការងារជាមួយលេខាធិការដ្ឋាន គ.ខ.ម.ក ដែលមានមន្ទីរការងារ ជាអ្នកសម្របសម្រួល ៕ ដោយ ស៊ាន សុផាត