លទ្ធផលនៃសិក្ខាសាលា និងកម្មវិធីវេទិកាតុមូល ដើម្បីផ្សព្វផ្សាយនិងបណ្ដុះបណ្ដាលច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ

ភ្នំពេញ៖ អនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួម នៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អអផ) នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានឱ្យដឹងថា ក្រុមការងារទី២ ទទួលបន្ទុកអនុវត្តសកម្មភាពនៅក្នុងលទ្ធផលជាក់ស្ដែងទី១១ ទាក់ទងនឹងទណ្ឌកម្មហិរញ្ញវត្ថុលើហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ បានរៀបចំសិក្ខាសាលាចំនួន២លើក និងវេទិកាតុមូលចំនួន១លើក ដើម្បីបណ្តុះបណ្តាល និងផ្សព្វផ្សាយឱ្យបាន កាន់តែទូលំទូលាយបន្ថែមទៀតពីច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដល់ក្រសួង-ស្ថាប័នត្រួតពិនិត្យបុគ្គល ឬអង្គភាពក្រៅពីបុគ្គលរាយការណ៍ និងសាធារណជន។

១-អំពីសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ៖ ដើម្បីបន្តផ្សព្វផ្សាយ និងបណ្តុះបណ្តាលពីច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ ការរីកសាយភាយអាវុធមហាប្រល័យ ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦២០/ ០១៩ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ក្រុមការងារទី២ បានរៀបចំសិក្ខាសាលា ចំនួន២លើកបន្ថែមទៀត តាមប្រព័ន្ធអនឡាញ (Zoom) ក្រោមអធិបតីភាព ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម ងី ច័ន្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សាយ សំអាត ប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ជាសហប្រធាននៃក្រុមការងារទី២។

សិក្ខាសាលាលើកទី១ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៤:០០នាទីរសៀល ដោយមានការចូលរួមពីសមាជិកក្រុមការងារទី២ និងមន្ត្រី-បុគ្គលិក សរុបចំនួន១០០នាក់ មកពីក្រសួង-ស្ថាប័ន ត្រួតពិនិត្យ ចំនួន៧រួមមាន៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំនួន៣រូប, ក្រសួងពាណិជ្ជកម្ម ចំនួន២រូប, អគ្គស្នងការនគរបាលជាតិ ចំនួន១រូប, អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ចំនួន៤៧រូប, គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ចំនួន៣៦រូប, អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ចំនួន៣រូប និងសមាជិកក្រុមការងារទី២ ចំនួន៨រូប។ ដោយឡែកសិក្ខាសាលាលើកទី២ ត្រូវបានធ្វើឡើងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ៩:០០ នាទីព្រឹក ដោយមានការចូលរួមពីសមាជិកក្រុមការងារទី២ និងមន្ត្រី-បុគ្គលិក របស់ក្រសួង-ស្ថាប័នត្រួតពិនិត្យ សរុបចំនួន ១៤៦នាក់ ដែលក្នុងនោះរួមមាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំនួន៥រូប, ក្រសួងពាណិជ្ជកម្ម ចំនួន៣៩រូប, ធនាគារជាតិនៃកម្ពុជា ចំនួន៤រូប អគ្គស្នងការនគរបាលជាតិ ចំនួន១រូប, គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ចំនួន១១រូប, និយ័តករបរធនបាលកិច្ច ចំនួន១៦រូប, និយ័តករមូលបត្រកម្ពុជា ចំនួន១៥រូប, និយ័តករគណនេយ្យ និងសវនកម្ម ចំនួន៨រូប, និយ័តករសន្តិសុខសង្គម ចំនួន៨រូប, និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំចំនួន១១រូប,និយ័តករធានារ៉ាប់រងកម្ពុជា ចំនួន៥រូប, អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាចំនួន៦រូប និងសមាជិកក្រុម ការងារទី២ ចំនួន១៧រូប។ សិក្ខាសាលាទាំង ២លើកនេះ ត្រូវបានធ្វើឡើង ដើម្បីផ្សព្វផ្សាយ បណ្ដុះបណ្ដាល លើកកម្ពស់ការយល់ដឹង និងចែករំលែកបទពិសោធន៍ពីការអនុវត្តច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យដល់មន្ត្រី-បុគ្គលិកនៃក្រសួង-ស្ថាប័នត្រួតពិនិត្យនានា ដែលមានតួនាទីត្រួតពិនិត្យបុគ្គលរាយការណ៍ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន សំដៅពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់នេះ និងដើម្បីឆ្លើយតបនឹងអនុសាសន៍ របស់ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកស្តីពីការសម្អាតប្រាក់ (APG)។

នៅក្នុងសិក្ខាសាលាទាំង២លើកនេះ វាគ្មិន ដែលជាគ្រូបង្គោលចំនួន២រូប គឺឯកឧត្តម ប៉ែន ពេជសាលី អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការ អយ្យការ និងព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ និងឯកឧត្តមឧត្តមសេនីយ៍ទោ ផាន សុភ័ក្រ ប្រធានលេខាធិការដ្ឋាននាយកដ្ឋានកណ្តាលសន្តិសុខនៃអគ្គស្នងការនគរបាលជាតិ បានធ្វើបទបង្ហាញដើម្បីពន្យល់ដល់ក្រសួង-ស្ថាប័នត្រួតពិនិត្យ ឱ្យមានការយល់ដឹងកាន់តែស៊ីជម្រៅបន្ថែមទៀតអំពី៖ (១)-តួនាទីរបស់ក្រសួង ស្ថាប័នត្រួតពិនិត្យ ក្នុងការអនុវត្តសេចក្ដីសម្រេចចិត្តនានារបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ, (២)-កាតព្វកិច្ចរបស់បុគ្គលរាយការណ៍ និងបុគ្គលឬអង្គភាពក្រៅពីបុគ្គលរាយការណ៍ស្របតាមច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងការហាមឃាត់មិនឱ្យប្រើប្រាស់ទ្រព្យសម្បត្តិ, (៣)-នីតិវិធីនៃការស្នើសុំបង្កកទ្រព្យសម្បត្តិ (ការដាក់ឈ្មោះក្នុងបញ្ជីដោយក្រុមប្រឹក្សាសន្តិសុខនៃអង្គការ សហប្រជាជាតិការដាក់ឈ្មោះដោយតុលាការ និងការបង្កកទ្រព្យសម្បត្តិ) និងការរឹបអូសទ្រព្យសម្បត្តិដែល ត្រូវបានបង្កក, (៤)-ទណ្ឌកម្មដែលត្រូវទទួលរងដោយបុគ្គលរាយការណ៍ និងបុគ្គលឬអង្គភាពក្រៅពីបុគ្គលរាយការណ៍ ពាក់ព័ន្ធនឹងបទល្មើសនៃការបំពានសេចក្ដីសម្រេចបង្កក, បទល្មើសនៃការប្រគល់ទ្រព្យសម្បត្តិ និងបទល្មើសនៃការបំពានកាតព្វកិច្ចរាយការណ៍ ដូចមានចែងក្នុងទោសប្បញ្ញត្តិនៃច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និង(៥)-ទម្រង់របាយការណ៍របស់បុគ្គលរាយការណ៍ និងរបស់បុគ្គលឬអង្គភាពក្រៅពីបុគ្គលរាយការណ៍។

សិក្ខាសាលាទាំង២លើកនេះ ក៏បានពន្យល់ពីខ្លឹមសារនៃដីកាសម្រេចបង្កកទ្រព្យសម្បត្តិលេខ ១១ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ និងដីកាសម្រេចបង្កកទ្រព្យសម្បត្តិ លេខ១២ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ របស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចបង្កកទ្រព្យសម្បត្តិរបស់បុគ្គល ឬអង្គភាពដែលមានឈ្មោះក្នុងបញ្ជីផ្អែកតាមសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង និងប្រទេសអ៊ីរ៉ង់ នាពេលកន្លងមកផងដែរ។ ដីកាសម្រេច បង្កកទ្រព្យសម្បត្តិទាំង២នេះ ជាប្រភេទ “ដីកាសម្រេចពុំមានរយៈពេលកំណត់” (Standing Order) ដែលមានសុពលភាពអនុវត្តជាអចិន្ត្រៃយ៍ លើកលែងតែត្រូវបានលុបចោលវិញដោយតុលាការ។ ក្រៅពីបទបង្ហាញរបស់វាគ្មិនកិត្តិយសទាំង២រូបខាងលើ តំណាងក្រសួងយុត្តិធម៌ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិក្រសួងពាណិជ្ជកម្ម និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ក៏បានចូលរួមផ្តល់ ជាមតិយោបល់ និងចែករំលែកនូវព័ត៌មាន និងបទពិសោធន៍អំពីការអនុវត្តច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យនាកន្លងមកផងដែរ។

២. អំពីការរៀបចំកម្មវិធីពិភាក្សាតុមូល ដើម្បីផ្សព្វផ្សាយពីច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការ រីកសាយភាយអាវុធមហាប្រល័យ៖ ក្រុមការងារទី២ ដោយមានកិច្ចសហការពីទូរទស្សន៍ជាតិកម្ពុជា (ទទក) បានរៀបចំកម្មវិធីពិភាក្សាតុមូល នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទីព្រឹក ដោយមានវាគ្មិន ចូលរួមចំនួន៧រូប ជាតំណាងមកពីក្រសួង-ស្ថាប័នចំនួន៥ គឺ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ឯកឧត្តម គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ែន ពេជសាលី អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌, លោក ង៉ែត សុវណ្ណារិទ្ធ អនុប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា, ឯកឧត្តមឧត្តមសេនីយ៍ទោ ផាន សុភ័ក្រ ប្រធានលេខាធិការដ្ឋាននាយកដ្ឋានកណ្តាលសន្តិសុខនៃអគ្គស្នងការនគរបាលជាតិ និងលោក សេង ម៉េងហុង អនុប្រធាននាយកដ្ឋាននៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

កម្មវិធីពិភាក្សាតុមូលនេះ ត្រូវបានរៀបចំឡើង ដើម្បីធ្វើការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដល់បុគ្គលឬអង្គភាពក្រៅពីបុគ្គលរាយការណ៍ និងសាធារណជន។ កម្មវិធីពិភាក្សាតុមូលនេះ បានលើកយកមកពិភាក្សាអំពីចំណុចសំខាន់ៗ រួមមាន៖ (១)-នីតិវិធីនៃការស្នើសុំបង្កកទ្រព្យសម្បត្តិ (ការដាក់ឈ្មោះក្នុងបញ្ជីដោយក្រុមប្រឹក្សាសន្តិសុខនៃអង្គការ សហប្រជាជាតិ ការដាក់ឈ្មោះដោយតុលាការ និងការបង្កកទ្រព្យសម្បត្តិ) (២)-នីតិវិធីនៃការស្នើសុំដកឈ្មោះចេញពីបញ្ជី និងការអនុញ្ញាតឱ្យប្រើប្រាស់ទ្រព្យសម្បត្តិ (ការស្នើសុំទៅក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ, ការសុំទៅតុលាការដកឈ្មោះចេញពីបញ្ជីនៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិនិងលុបចោល ការបង្កកទ្រព្យសម្បត្តិ និងការអនុញ្ញាតឱ្យប្រើប្រាស់ទ្រព្យសម្បត្តិបង្កក) (៣)-ការហាមឃាត់មិនឱ្យប្រើប្រាស់ទ្រព្យសម្បត្តិបង្កក និងកាតព្វកិច្ចរបស់បុគ្គលក្រៅពីបុគ្គលរាយការណ៍ (ការហាមឃាត់មិនឱ្យប្រើប្រាស់ទ្រព្យសម្បត្តិ, បុគ្គលរាយការណ៍ និងកាតព្វកិច្ចរាយការណ៍របស់បុគ្គលរាយការណ៍, កាតព្វកិច្ចរាយការណ៍របស់បុគ្គលឬអង្គភាព ក្រៅពីបុគ្គលរាយការណ៍, (៤)-ការរឹបអូសទ្រព្យសម្បត្តិបង្កក, (៥)-យន្តការគ្រប់គ្រង (គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិ ការតាមដាននិងត្រួតពិនិត្យ ការបង្ហាញព័ត៌មាន និងលិខិតបទដ្ឋានគតិយុត្តសម្រាប់ ការអនុវត្តច្បាប់) និង (៦)-ទោសប្បញ្ញត្តិពាក់ព័ន្ធនឹងរូបវន្តបុគ្គលនិងនីតិបុគ្គល (បទល្មើសនៃការបំពាន សេចក្តីសម្រេចបង្កកបទល្មើសនៃការប្រគល់ទ្រព្យសម្បត្តិ និងបទល្មើសនៃការបំពានកាតព្វកិច្ចរាយការណ៍ និងការទទួលខុសត្រូវរបស់នីតិបុគ្គល)។ វេទិកាតុមូលនេះ ត្រូវបានធ្វើការចាក់ផ្សាយនៅស្ថានីយ៍ទូរទស្សន៍ជាតិ កម្ពុជា (ទទក) នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២។ ក្រសួង-ស្ថាប័នត្រួតពិនិត្យ បុគ្គលរាយការណ៍ បុគ្គលឬអង្គភាពក្រៅពីបុគ្គលរាយការណ៍ និងតួអង្គដែល មានការពាក់ព័ន្ធ ព្រមទាំងសាធារណជន អាចស្វែងរកបាននូវវីដេអូអំពីកម្មវិធីពិភាក្សាតុមូល និងឯកសារនានា នៃសិក្ខាសាលាទាំង២ លើកខាងលើនេះ នៅក្នុងគេហទំព័រផ្លូវការរបស់ក្រសួងយុត្តិធម៌ និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា៕
ដោយ៖ពលជ័យ

ads banner