ផ្លូវ១ខ្យែពីផ្លូវក្រាលគ្រួសក្រហម ត្រូវបានបើកការដ្ឋានកសាងជាផ្លូវក្រាលកៅស៊ូ DBST ដែលមានប្រវែង ៣ពាន់ម៉ែត្រ នៅ ក្នុងភូមិចំនួន ៣ ក្នុងសង្កាត់កំពង់ឆ្នាំង
កំពង់ឆ្នាំង ៖ ក្នុងឱកាសអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ផ្លូវកៅស៊ូ DBST ក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសថា៖ បើគ្មានសន្តិភាពទេ កុំនិយាយ ពីប្រជាធិបតេយ្យ ការកសាង និងការគោរពសិទ្ធិមនុស្ស ផ្ទុយទៅវិញបើមានសន្តិភាព គឺមានការគោរពសិទ្ឋមនុស្ស និងការកសាងសមិទ្ធផលនានាឲ្យមានការរីកចម្រើន ។
ពិធីនេះក៍មានការអញ្ជើញចូលរួមពីឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង មន្ត្រីរាជការនិងប្រជាពលរដ្ឋជាច្រើននាក់។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ៖ ជាក់ស្ដែងថ្ងៃនេះ យើងបានបើកការដ្ឋានសាងសង់ផ្លូវ១ខ្យែឲ្យប្រែក្លាយពីក្រាលក្រួសក្រហម មកជាផ្លូវចាក់កៅស៊ូ DBST ដែលមានប្រវែងជាង ៣ពាន់ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងសង្កាត់ ក៍ដូចជាក្នុងក្រុងកំពង់ឆ្នាំង ។ ម៉្យាងវិញទៀតផ្លូវមួយខ្សែនេះក៍ជាផ្លូវដែលមានសារសំខាន់ផងដែរ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ កាត់ចេញពីរង្វង់មូលវិមានឯករាជ្យ មកភូមិត្រពាំងចិក្សា ដែលអាចឱ្យសិស្សានុសិស្ស វាងផ្លូវជាតិលេខ៥ ទៅនិងមក វិទ្យាល័យសុរាម្រឹតងាយស្រួល ហើយក៍ជាផ្លូវមួយក្នុងចំណោមផ្លូវជាច្រើនខ្សែ ដែលរដ្ឋបាលខេត្តកំពង់ឆ្នាំង បានកសាង ក្នុងក្រុង និងទូទាំងខេត្ត ។ សូមបងប្អូនប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ ដែលកំពុងដំណើរការកសាងនេះ ចូលរួមវិភាគទាន នៅមុខផ្ទះរបស់ខ្លួន ដែលចូលចំណីផ្លូវ ដើម្បីឲ្យការកសាងបានដំណើរការទៅដោយរលូន។
លោក យិន សាវេន អភិបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា៖ ផ្លូវដែលបើកការដ្ឋានសាងសង់ ពីផ្លូវក្រួសក្រហមឲ្យក្លាយជាផ្លូវ កៅស៊ូ DBST ពេលនេះមានប្រវែង ៣ពាន់ម៉ែត្រ ទទឹង ៨ម៉ែត្រ និងចាក់កៅស៊ូទទឹង ៥ម៉ែត្រ ឆ្លងកាត់ភូមិចំនួន ៣ គឺភូមិដំណាក់ពពូល ភូមិសែ្រព្រីង និងភូមិត្រពាំងចឹកសាក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលកសាងឡើងដោយរដ្ឋបាលខេត្តកំពង់ឆ្នាំង។
សូមបញ្ជាក់ដែរថា ក្នុងពិធីខាងលើនេះ ក៏មានការចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួម ១៦០នាក់ក្នុងម្នាក់ៗទទួលបានអង្ករ ២០គីឡូក្រាម ទឹកត្រី ១យួរទឹកស៊ីអ៊ីវ ១យួរ និងថវិកា 3ម៉ឺនរៀលផងដែរ ៕ សុខ គឹមសៀន