ពលរដ្ឋជាង ៧០ភាគរយរស់នៅក្នុងភូមិគោកដូងបានប្រកបមុខរបរធ្វើកន្ត្រក ជាល អង្រុត ឈ្នាង លក់សម្រាប់ទ្រទ្រង់ជីវភាពក្នុងគ្រួសារប្រចាំថ្ងៃ

សៀមរាប៖ ពលរដ្ឋប្រមាណជាង ៧០ភាគរយរស់នៅក្នុងភូមិគោកដូង សង្កាត់ទឹកវឹល ក្រុងសៀមរាប បានប្រកបមុខរបរធ្វើ (កន្ត្រក ជាល អង្រុត ឈ្នាង) ទុកលក់ឲ្យម៉ូយៗ ដែលបានកម្ម៉ងទិញយកទៅលក់បន្ត ឬក៏យកទៅតុបតែងលម្អតាមគេហដ្ឋាន ភោជនីយដ្ឋាន សណ្ឋាគារជាដើម ពួកគាត់អាចរកប្រាក់ចំណូលបានគួរសមពីការលក់កន្ត្រក ជាល អង្រុត ឈ្នាង សម្រាប់ទ្រទ្រង់ជីវភាពក្នុងគ្រួសារប្រចាំថ្ងៃបានល្អប្រសើរ។

លោក ធុយ ហ៊ត មេភូមិគោកដូង បានថ្លែងបែបនេះ ក្នុងកិច្ចសម្ភាសន៍មួយ កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ថា ប្រជាពលរស់នៅក្នុងភូមិរបស់លោក ដែលបានប្រកបមុខរបរធ្វើ (ឈ្នាង អង្រុត កន្ត្រក ជាល) មានប្រមាណជាង ៧០ភាគរយ បន្ទាប់ពីពួកគាត់បានធ្វើស្រែ ហើយនឹងក្រោយមកប្រមូលផលរួច ទើបពួកគាត់ឆ្លៀតធ្វើការងារបន្ទាប់បន្សំនេះ គ្រាន់បានប្រាក់ផ្គត់ផ្គងក្នុងក្រុមគ្រួសារ។

លោក បន្តថា ការងារធ្វើ (កន្រក អង្រុត ឈ្នាង) គឺបងប្អូនប្រជាពលរដ្ឋបានធ្វើតាំងពីយូរលង់ណាស់មកហើយ យើងធ្វើតៗគ្នាតាំងពីដូនតាមកម្លេះ ការងារនេះ គឺបែបលក្ខណ:ជាគ្រួសារ ប្រាក់ដែលយើងរកបានពីការលក់នោះ វាមិនអាចជួយឲ្យជីវភាពរបស់ពួកគាត់មានបានច្រើនណាស់ណាទេ តែវាអាចជួយកាត់បន្ថយការខ្វះខាតមួយចំនួនដែរ ជាពិសេស គឺការកាត់បន្ថយចំណាកស្រុករបស់បងប្អូនប្រជាពលរដ្ឋ នៅពេលពួកគាត់មានការងារធ្វើច្រើនក្នុងស្រុកនោះ គឺពួកគាត់មិនអាចទៅរកការងារឆ្ងាយបានឡើយ ។

ប្អូនស្រី វី ណារ៉ុង ជាអ្នកប្រកបមុខរបរធ្វើ ឈ្នាង អង្រុត កន្ត្រក ជាល រស់នៅភូមិខាងលើ បានលើកឡើងថា ចំពោះមុខរបរធ្វើ ឈ្នាង អង្រុត កន្ត្រក ជាល ដែលជារបស់សម្រាប់តុបតែងលម្អនៅតាមគេហដ្ឋាន ភោជនីយដ្ឋាន និងសណ្ឋាគារ ឬក៏សម្រាប់ដាក់អំពូលភ្លើងនោះ គឺយើងធ្វើវាតូចៗល្មម យើងអាចលក់បានតម្លៃតិចច្រើនទៅតាមទំហុំរបស់វា អាតូចដូចជា (ឈ្នាង អង្រុត កន្ត្រក ជាល) យើងអាចលក់បានមួយក្នុងតម្លៃចាប់ពី ៤០០រៀល រហូតដល់ ៦០០រៀល អាធំជាងនេះ យើងអាចលក់បានប្រាក់ ក្នុងមួយតម្លៃចាប់ពី ៣៥០០រៀល រហូតដល់ទៅ ៤៥០០រៀល ការលក់នេះ វាមិនទៀងទាត់ទេ បើយើងធ្វើបានច្រើន យើងលក់បានលុយច្រើនទៅតាមហ្នឹង។ អាខ្នាតទំហុំតូចក្នុងមួយថ្ងៃៗ យើងធ្វើបានចាប់ ១០ រហូតដល់ ២០-៣០ និងអាខ្នាតទំហុំធំជាង ក្នុងមួយថ្ងៃ គឺយើងធ្វើបានត្រឹមតែ ៤-៥ ប៉ុណ្ណោះ។

ប្រជាពលរដ្ឋជាច្រើន ដែលប្រកបមុខរបរធ្វើ ឈ្នាង អង្រុត កន្ត្រក ជាល បានបង្ហាញស្រដៀងៗគ្នាថា កាលពីមិនទាន់មានផ្ទុះកូវីដ ១៩ ការរកស៊ីលក់ដូរមុខរបរនេះ គឺយើងលក់បានថ្លៃគួរសមដែរ តែឥឡូវលក់មិនបានថ្លៃដូចមុនៗទេ ហើយក៏មានផលវិបាកចំពោះការចំណាយពេលវេលានិងប្រាក់ ដើម្បីទៅរកទិញល្ពាក់ ទិញឬស្សី ឬក៏វល្លិ យកមកធ្វើវា ភាគច្រើនគឺយើងទៅរកនៅខេត្តកំពង់ធំ ខេត្តពោធិ៍សាត់ ទៅម្តងៗ ២-៣ថ្ងៃទើបត្រឡប់មកវិញ មិនសូវចំណេញប៉ុន្មានទេ តែនៅផ្ទះមិនដឹងធ្វើអ្វី ម៉្យាងមុខរបរនេះ គឺអ្នកស្រុកធ្វើតកូនតចៅរហូតមកដល់សព្វថ្ងៃតែម្តង។

បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិគោកដូង ដែលបានប្រកបមុខរបរខាងលើ សូមអំពាវនាវដល់បងប្អូនអាជីវករ ពាណិជ្ជករ តាមសហគ្រាស ភោជនីយដ្ឋាន សណ្ឋាគារ សូមជួយគាំទ្រផលិតផលខ្មែរធ្វើដោយដៃនេះផង ៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner