រដ្ឋមន្ត្រីការបរទេសកម្ពុជាអបអរសាទរចំពោះលោកស្រីវរសេនីយ៍ទោ ជា ម៉ៃសារ៉ស់ ដែលទើបទទួលបានមេដាយអង្គការសហប្រជាជាតិ

ភ្នំពេញ៖ នៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៥ ខែមីនានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានចោទសួរថា តើអ្នកដឹងទេថា កម្ពុជាដែលធ្លាប់ជាប្រទេសហែកហួរដោយសង្រ្គាម បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជិត៨ពាន់នាក់ ទៅកាន់ប្រទេសចំនួន៩ចាប់តាំងពីឆ្នាំ២០០៦មក?

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្តថា ពិសេសដែរនោះ គឺការចូលរួមយ៉ាងសំខាន់ពីសំណាក់បងប្អូនកូនក្មួយជាស្ត្រីកម្ពុជាក្នុងការរក្សាសន្តិភាពនៅតាមតំបន់នានានៅលើពិភពលោក។ កម្ពុជានឹងបន្តជំរុញរបៀបវារៈ «ស្ត្រី សន្តិភាព និងសន្តិសុខ»នេះ។ ក្នុងស្មារតីនេះ ខ្ញុំសូមចូលរួមអបអរសាទរចំពោះលោកស្រីវរសេនីយ៍ទោ ជា ម៉ៃសារ៉ស់ ដែលទើបទទួលបានមេដាយអង្គការសហប្រជាជាតិសម្រាប់ការកោតសរសើរមេបញ្ជាការកងកម្លាំង រួមជាមួយនឹងការទទួលស្គាល់យ៉ាងទូលំទូលាយចំពោះភាពក្លាហាន និងការប្តេជ្ញាចិត្តរបស់លោកស្រី។ លោកស្រីបានបំពេញបេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង និងព្រំប្រទល់លីបង់ និងអ៊ីស្រាអែល ខណៈដែលត្រូវបានជ្រើសរើសយកមកផ្សព្វផ្សាយក្នុងយុទ្ធនាការ «ស្ត្រីដើម្បីពហុភាគីនិយម»។ យើងពិតមានមោទនភាពចំពោះលោកស្រី ក៏ដូចជាបុគ្គលជាច្រើនរូបទៀតដែលខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីបុព្វហេតុសន្តិភាព និងសន្តិសុខនៃតំបន់និងពិភពលោក៕
ដោយ៖ពលជ័យ

ads banner