ប្រទះឃើញហ្វូងសត្វដំរី៨ក្បាលនៅក្នុងតំបន់ដែនជម្រកសត្វព្រៃ ស្រែពក ខេត្ត មណ្ឌលគិរី

មណ្ឌលគិរី៖ ដំរីមួយហ្វូងមានចំនួន ប្រាំបីក្បាល ក្នុងនេះមាន៖ ឈ្មោល មួយក្បាល ញីបួនក្បាល កូនជំទង់មួយក្បាល និងកូនតូច ពីរក្បាលត្រូវបានមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងអ្នកស្រាវជ្រាវរបស់អង្គការ WWF បានប្រទះឃើញនៅក្នុងតំបន់ ដែន ជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី។

ក្រុមមន្រ្តីទាំងនេះបានឱ្យដឹងថាការប្រទះឃើញហ្វូងសត្វដំរីនេះកាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ក្នុងពេលពួកគេដើរល្បាត និងចុះសិក្សាស្រាវជ្រាវជីវៈចម្រុះក្នុងដែនជម្រកសត្វព្រៃស្រែពក។

ជាមួយការរកឃើញនិងរួមទាំងក្តីរំភើបរីករាយឥតឧបមា ក្រុមអ្នក វិទ្យាសាស្រ្តផ្នែកស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី និងអង្គការWWF បានផ្តល់របាយការណ៍នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នេះ ដោយបញ្ជាក់ថាពួកគេបានប្រទះឃើញ ហ្វូងសត្វ ដំរីអាស៊ីសរុបចំនួនប្រាំបី ក្បាល (Asian elephant ) Elephas maximus ខណៈពេលដែលពួកគេបានចុះតាមដាន និងកត់ត្រា ទិន្នន័យបន្ទាត់ត្រង់សិក។ការសិក្សាស្រាវជ្រាវនេះ នៅក្នុងដែន ជម្រក ធម្មជាតិនៃតំបន់ស្រែពក។ សកម្មភាពតាមដាន សិក្សានេះ ជាផ្នែកមួយនៃកម្មវិធីស្រាវជ្រាវអំពីសត្វដំរីអាស៊ីនៃគម្រោងកាំប៉ាស(CAMPAS) ដឹកនាំដោយក្រសួងបរិស្ថាន ហើយមានការរួមថវិកា បន្ថែមពី អង្គការWWF ។

ស្ថិតក្រោមលក្ខខណ្ឌអាកាសធាតុដ៏លំបាក ហើយផ្គួបជាមួយនឹង ភាព អត់ធ្មត់ខ្ពស់ គំហើញនៃសត្វដ៏កម្រមួយប្រភេទនេះ ត្រូវបាន កត់ត្រាទុកនៅទីតាំងស្រាវជ្រាវមួយដែលអ្នកវិទ្យាសាស្រ្តធ្លាប់បានប្រមូលលាមក និងដានជើងរបស់វាកាលពីអំឡុងរដូវប្រាំងឆ្នាំមុន។ ហ្វូងសត្វដំរីទាំងនេះ បច្ចុប្បន្នកំពុងរស់នៅដោយសុវត្ថិភាពនៅក្នុង ទីជម្រក ធម្មជាតិរបស់ពួកវា ក្រោមការការពារយ៉ាងតឹងរ៉ឹងដោយ មន្រ្តីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃស្រែពកនៃខេត្តមណ្ឌលគិរី។ដំរីអាស៊ីជាប្រភេទជិតផុតពូជ និងបានចុះបញ្ជីក្រហម IUCN (EN) ជាប្រភេទសត្វដែលជិតផុតពូជនៅលើពិភពលោក ។

ដំរីនៅអាស៊ីត្រូវបានគេចាត់ថ្នាក់នៅក្នុងបញ្ជីឧបសម្ព័ន្ធIនៃ អនុសញ្ញា សាយតេស ។
* ភិនភាគ៖ ដំរីជាប្រភេទសត្វចតុបាទដែលមានមាឌធំជាងគេបំផុត។ វាមាន ប្រមោយវែងមានស្បែកកក្រាស់ពណ៌ប្រផេះ និងមានរោមរឹងៗ ស្លឹកត្រចៀកមានរាងដូចផ្លិតតែស្តើង ដំរីមានក្រចកម្រាមជើង១៨ គឺ នៅជើងមុខនីមួយៗមានក្រចកម្រាមជើងប្រាំ។ ឯក្រចកជើង ក្រោយ នីមួយៗមានម្រាមបួន តែក៏មានដំរីខ្លះមានក្រចកម្រាម ជើង ដល់ទៅ២០ដែរ។ ដំរីញីមានភ្លុក “ចែ” ដែរ តែវាមិនបញ្ចេញ ឲ្យឃើញ ច្បាស់ដូចដំរីឈ្មោលពេញវ័យទេ។ ភ្លុកដំរីធំ ឈ្មោលមួយចំនួន មានប្រវែងរហូតដល់ទៅមួយម៉ែត្រ។

ដំរីនៅតំបន់អាស៊ីខុសពីដំរីនៅតំបន់អាហ្វ្រិកដោយសារមាឌនិងស្លឹកត្រចៀកមានទំហំតូចជាង។ដំរីអាស៊ីមានខ្នងស្ទើររាបស្មើ ឯដំរី អាហ្រ្វិកមានខ្នងកោងជាទួលខ្ពស់ឡើងលើ ។

*ជីវសាស្ត្រ៖ ដំរីច្រើនរស់នៅតាមព្រៃល្បោះ វាលស្មៅ ព្រៃឬស្សី ព្រៃជាំទឹក តាមដងអូរ ព្រៃពាក់កណ្តាលស្រោង និងព្រៃស្រោង។ វាស៊ីសំបកឈើ ស្លឹកឈើ មើមឈើ ឬសឈើខ្ចីៗ ទំពាំងឬស្សី ផ្តៅ និងវល្លិ៍ជាដើម។ ចំពោះការចិញ្ចឹមក្នុងសួនសត្វ ដំរីអាចស៊ីផ្លែឈើ អំពៅ ចេក។ល។ វាផឹកទឹករហូតដល់ ២០០លីត្រ ក្នុងមួយថ្ងៃ (នៅកន្លែងសំបូរទឹក)។ ដំរីច្រើនផ្តល់កំណើតកូនក្នុងខែកក្តដា-សីហា កូនម្តងបាន១ក្បាល ឬភ្លោះក៏មានដែរ ។ ប៉ុន្តែកម្រណាស់ បន្ទាប់ពីពពោះរយៈពេល២១ខែ (យូរបំផុត២៥ខែ)។

ដំរីមេអាចបង្កើតកូនបាន ៤ ឬ៥ដង ហើយអាចមានកូន រហូតដល់ ៥០-៧០ឆ្នាំ។

គេអាចសម្គាល់ដំរីឈ្មោលចុះប្រេងនៅពេលដែលគេឃើញមានសារធាតុរាវម្យ៉ាងហូរចេញពីរន្ធមួយនៅចន្លោះត្រចៀក និងភ្នែក ដែលជា ទូទៅនៅចន្លោះខែវិច្ឆិកា និងខែធ្នូ។

*រប៉ាយរស់នៅ៖ ដំរីមានតិចតួចនៅក្នុងប្រទេសកម្ពុជាដែល ស្ថិតនៅ តំបន់មួយចំនួនដូចជាភូមិភាគឦសាន និរតី និងភូមិភាគ ខាងជើង។ ដំរីមានរបាយនៅប្រទេសឥណ្ឌា រហូតដល់អាស៊ីអាគ្នេហ៍ កោះ ស៊ូម៉ាត្រា និងនៅភាគខាងជើងនៃកោះបរណេអូ។ ចំនួនសត្វដំរីបាន ថយចុះដោយសារការប្រមាញ់យកភ្លុក និងការបាត់បង់ទីជម្រក។

សូមអរគុណដល់មន្រី្ត ឧទ្យានុរក្សមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដែល ខិតខំប្រឹងប្រែងទប់ស្កាត់បទល្មើស ធនធម្មជាតិ និងក្រុម សិក្សា ស្រាវជា្រវជីវ:ចម្រុះ ដែលការពារថែរក្សាធនធាន ធម្មជាតិ ជាពិសេសសត្វព្រៃ ដែលកម្រនិងជិតផុតពូជឱ្យនៅគង់វង្ស សម្រាប់មនុស្សជំនាន់ក្រោយ៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner