ប្រឡាយទឹកស្អុយលូ៥ បានក្លាយជាសួនដ៏ស្រស់ស្អាត និងជាកន្លែងហាត់ប្រាណសម្រាប់ប្រជាពលរដ្ឋយ៉ាងល្អ នៅខណ្ឌមានជ័យ

ភ្នំពេញ៖ ប្រឡាយទឹកស្អុយលូ៥ ដែលមានទីតាំងស្ថិតនៅភូមិ ដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ពេលនេះបានក្លាយខ្លួនជាសួន(សួនសហគមន៍កុមារមេត្រី ឬហៅថាសួនលូ៥)ដ៏ស្រស់ស្អាតនិងជាកន្លែងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់នេះយ៉ាងល្អផងដែរ។

សួននេះបានស្ថាបនាឡើងក្រោមការជួយឧបត្ថមពីស្ថានទូតចិន ប្រចាំនៅកម្ពុជា ហើយត្រូវបានបើកសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី១៨ មីនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងឱ្យ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោក ឆាង ជាន អគ្គទីប្រឹក្សានៃស្ថានទូតចិន តំណាង ឱ្យ ឯឧ វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ។

លោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានមានប្រសាសន៍អោយដឹងថាសួនសហគមន៍កុមារមេត្រី ឬហៅថាសួនលូ៥ មានទីតាំងស្ថិតនៅភូមិ ដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ មានផ្ទៃដីសរុប ២៧៧៥ ម៉ែត្រក្រឡា បណ្តោយប្រវែង ២២៩ ម៉ែត្រ ទទឹង ១០ ម៉ែត្រ និងទទឹងប្រឡាយទឹកក្រោមដី ៥ ម៉ែត្រ ។ ជាទីធ្លាបើកចំហសាធារណៈ ដែលមានប្រជាពលរដ្ឋរស់នៅ និងកម្មករ និយោជិតរោងចក្រជាច្រើននៅជុំវិញ ។

កាលពីមុនសួនលូ៥នេះ គឺជាប្រឡាយ ទឹកស្អុយបើកចំហ ដែលមានគម្របបេតុង និងក្រាលក្បឿងពីលើ ហើយសួននេះ ជាទីតាំងសំខាន់មួយក្នុងតំបន់ស្ទឹងមានជ័យ ដែលអ្នករស់នៅអាចដើរហាត់ប្រាណ និងក្មេងលេងកម្សាន្តបាន ។ សួននេះសាងសង់ឡើយ ដោយប្រើប្រាស់រយៈពេល ០៦ ខែ ដោយចាប់ផ្តើមពីថ្ងៃទី ០៩ ខ កញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ២៥ ខែ មករា ឆ្នាំ២០២២ ចំណាយថវិកាសរុប ៦៧,៤៩៧ ដុល្លា រៀបចំសាងសង់ឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ ។ ក្នុងនោះដែរ រដ្ឋបាលរាជធានីភ្នំពេញបានដាក់បំពាក់ឧបករណ៍សម្រាប់ហាត់ប្រាណអស់ថវិកា ចំនួន ៦,០០០ ដុល្លា សរុបថវិកាចំណាយទាំងអស់ចំនួន ៧៥,៤៩៧ ដុល្លា ។

ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍លើកឡើងថា សួនសហគមន៍កុមារមេត្រីនេះមិនត្រឹមតែលើកសោភណ្ឌភាពរាជធានីភ្នំពេញប៉ុណ្ណោះទេ តែវាជាកន្លែងមួយ ផ្ដល់ឲ្យប្រជាពលរដ្ឋនៅតំបន់នេះបានហាត់ប្រាណដើម្បីសុខភាព។ ទោះបីជាយ៉ាងណាក្តីលោកសូមអោយ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំសាងសង់រោងការនៅលើសួនច្បារនេះអោយសោះ វានឹងនាំធ្វើឱ្យខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធនានានៅលើសួននេះ។

ឯកឧត្តម នួន ផារ័ត្ន បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះមហាមិត្តចិនដែលបានជួយកម្ពុជាជាច្រើន ជាក់ស្តែងនៅពេលនេះចិនបានផ្ដល់នូវថវិកា ដើម្បីសាងសង់សួនសហគមន៍កុមារមេត្រីនេះឡើង ។ ចិនបានផ្តល់វ៉ាក់សាំងការពារជំងឺ covid-19 និងការជួយលើវិស័យច្រើនទៀតមកដល់កម្ពុជា។

លោក ឆាង ជាន បានមានប្រសាសន៍លើកឡើងផងដែរថា ការស្ថាបនាសួនសហគមន៍កុមារមេត្រីវាមិនត្រឹមតែបានអោយក្មេងៗបានលេងប៉ុណ្ណោះទេ វាក៏បានលើកសោភ័ណភាពរាជធានីភ្នំពេញ អោយកាន់តែស្រស់ស្អាត ហើយវាក៏ជាកន្លែងសម្រាប់អោយបងប្អូនប្រជាពលរដ្ឋបានហាត់ប្រាណផងដែរ។

លោកឆាង ជាន បានសម្តែងនូវការអរគុណចំពោះរដ្ឋបាលរាជធានីភ្នំពេញក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាដែលបានគាំទ្រនូវគម្រោងនៃការសាងសង់សួនសហគមន៍កុមារមេត្រី នេះឡើង។សួរនេះ វាពិតជាបានបង្កើតនូវទំនាក់ទំនងមិត្តភាព កម្ពុជា-ចិនកាន់តែល្អប្រសើរមួយកម្រិតថែមទៀត៕ ដោយ ហេង សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner