ឥណទានខ្នាតតូចបំផុតកំពុងចូលរួមអភិវឌ្ឍន៍សង្គម តាមរយៈការជួយដល់ប្រជាពលរដ្ឋក្នុងការពង្រីកអាជីវកម្ម និងបង្កើតមុខរបរថ្មី

ភ្នំពេញ ៖ នាយកផ្នែកទីផ្សារ និងអភិវឌ្ឍន៍ផលិតផលនៃគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ បានលើកឡើងថា ឥណទានខ្នាតតូចបំផុតដែលត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីចូលរួមអភិវឌ្ឍន៍សង្គម លើកកម្ពស់កម្រិតជីវភាពអតិថិជនឲ្យកាន់តែប្រសើរឡើង ផ្តល់អត្ថប្រយោជន៍ដល់អាជីវកម្មខ្នាតតូចរបស់ប្រជាពលរដ្ឋតាមរយៈការពង្រីកអាជីវកម្ម ឬបង្កើតមុខរបរថ្មី។

លោក សុខ សំណាង នាយកនៃនាយកដ្ឋានទីផ្សារ និងអភិវឌ្ឍន៍ផលិតផលនៃគ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត បានឱ្យដឹងថា ឥណទានខ្នាតតូចបំផុតគឺជាប្រភេទឥណទានអាជីវកម្ម ផ្តល់ជូនអតិថិជនក្នុងគោលបំណងពង្រីកអាជីវកម្មដែលមានស្រាប់ និងបង្កើតថ្មីឲ្យកាន់តែរីកចម្រើន ជាមួយនឹងទំហំឥណទានរហូតដល់ ៥ ០០០ ដុល្លារ (សមមូលប្រាក់រៀល) ហើយមានអត្រាការប្រាក់ប្រកួតប្រជែង និងមានរយៈពេលវែងរហូតដល់ ៣៦ខែ។ លោក សុខ សំណាង បានបញ្ជាក់ដូច្នេះថា “ឥណទានខ្នាតតូចបំផុតត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីចូលរួមអភិវឌ្ឍន៍សង្គម លើកកម្ពស់កម្រិតជីវភាពអតិថិជនឲ្យកាន់តែប្រសើរឡើង ដោយជំរុញឲ្យមានការវិនិយោគកម្រិតតូច និងពង្រីក ឬបង្កើតអាជីវកម្មថ្មីៗ”។

លោកនាយកបន្តថា អតិថិជនដែលអាចប្រើប្រាស់កម្ចីនេះបានគឺជាអតិថិជនដែលមានចំណូលតិច ឬមធ្យម ហើយជានីតិជន មានអាយុចាប់ពី១៨ឆ្នាំ-៦៥ឆ្នាំ មានប្រវត្តិ និងអត្តចរិតល្អដែលអាចជឿទុកចិត្តបាន មានអត្តសញ្ញាណច្បាស់លាស់ជាបុគ្គល ឬនីតិបុគ្គល និងពុំមែនជាពិរុទ្ធជនពាក់ព័ន្ធនឹងបទល្មើស មានទីលំនៅអចិន្រ្តៃយ៍ក្នុងតំបន់ប្រតិបត្តិការរបស់គ្រឹះស្ថាន ខេមា និងមានការបញ្ជាក់ពីអាជ្ញាធរក្នុងតំបន់ដែលខ្លួនរស់នៅ ហើយជាអាជីវករលក់ដូរ កសិករធ្វើស្រែចំការ ចិញ្ចឹមសត្វ និងអតិថិជនដែលមានមុខរបរការងារច្បាស់លាស់ ស្របច្បាប់។ លោក សុខ សំណាង បន្ថែមដូច្នេះថា “ឥណទានខ្នាតតូចបំផុតផ្តល់អត្ថប្រយោជន៍ដល់សង្គម និងអតិថិជន តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុដ៏សមស្របក្នុងការពង្រើកអាជីវកម្ម ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម និងកាត់បន្ថយការចំណាកស្រុករបស់ប្រជាជន”។ លោកបញ្ជាក់ទៀតថា ឥណទានខ្នាតតូចបំផុតផ្តល់អត្ថប្រយោជន៍ដល់អាជីវកម្មខ្នាតតូច ដោយអតិថិជនអាចប្រើប្រាស់កម្ចីសម្រាប់ពង្រីក ឬបង្កើតមុខរបរតាមលក្ខខណ្ឌជាក់ស្តែងសម្រាប់អតិថិជន អតិថិជននឹងសម្រេចបានតាមគោលបំណងក្នុងការប្រកបអាជីវកម្ម ជួយឲ្យអតិថិជនមានចំណូលកាន់តែប្រសើរឡើង និងបង្កើនប្រភេទអាជីវកម្មផងដែរ។

របៀបនៃការសងប្រាក់ ៖ អតិថិជនអាចសងរំលស់ប្រាក់ដើម និងការប្រាក់ថយចុះរៀងរាល់ខែ និងសងរំលស់ប្រាក់ដើមបូកការប្រាក់ថេររៀងរាល់ខែ។ លក្ខខណ្ឌចាំបាច់ត្រូវមាន ៖ – មានអាយុចាប់ពី ១៨ ដល់ ៦៥ ឆ្នាំ – មានកេរ្ដិ៍ឈ្មោះល្អ ឥរិយាបទល្អ ប្រវត្តិរូបល្អ និងមានឆន្ទៈក្នុងការសងប្រាក់កម្ចីត្រឡប់មកស្ថាប័នវិញ – មានការងារ ឬប្រភពចំណូលច្បាស់លាស់ និរន្តរភាព សម្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការសងបំណុល – មានលំនៅដ្ឋានពិតប្រាកដ ដែលបញ្ជាក់ដោយអាជ្ញាធរមូលដ្ឋាន និងមានទ្រព្យសម្បត្តិជាទ្រព្យបង្កើតហ៊ីប៉ូតែក។ ឯកសារចាំបាច់តម្រូវរួមមាន ៖ – ឯកសារអត្តសញ្ញាណមួយចំនួនដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ឬថតចម្លងឯកសារសម្គាល់ផ្សេងៗដែលមានសុពលភាព – លិខិតបញ្ជាក់ទីលំនៅរបស់អតិថិជនដែលចេញដោយអាជ្ញាធរមូលដ្ឋានដែលស្ថិតនៅក្នុងតំបន់ប្រតិបត្តិការរបស់ ខេមា – ឯកសារទាក់ទងជាមួយស្ថាប័ន ឬអង្គភាពដែលអតិថិជនបំរើការដូចជា លិខិតបញ្ជាក់ប្រាក់ខែ និងអត្ថប្រយោជន៍ទទួលបានផ្សេងៗ – ឯកសារទាក់ទងជាមួយមុខរបរ សហគ្រាស ឫក្រុមហ៊ុនដែលជាម្ចាស់សម្ព័ន្ធ ឬ ម្ចាស់អាជីវកម្ម និង ឯកសារដែលទាក់ទងជាមូយប្រវត្តិកម្ចីរបស់អតិថិជន (ប្រសិនបើមាន)។

ពាក់ព័ន្ធនឹងកម្ចីឥណទាននេះដែរ លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិញ្ញវត្ថុ បានឱ្យដឹងថា កត្តាដែលធ្វើឱ្យអតិថិជនជោគជ័យក្នុងការប្រើប្រាស់ឥណទាន គឺការមានទម្លាប់ល្អ ក្នុងការចាត់ចែងលុយកាក់របស់ពួកគាត់ ហើយផ្ទុយទៅវិញអតិថិជនដែលមិនជោគជ័យ ជាទូទៅគាត់មិនមានទម្លាប់ច្បាស់លាស់ក្នុងការគ្រប់គ្រងលុយកាក់ រួមទាំងការមិនចេះសន្សំផងដែរ។ ជាការណែនាំលោក កាំង តុងងី ជំរុញឱ្យអតិថិជនដែលប្រើប្រាស់កម្ចីឱ្យទទួលបានជោគជ័យ សូមប្រឹក្សាជាមួយធនាគារ ឬមីក្រូហិរញ្ញវត្ថុ ដោយផ្តល់ព័ត៌មានពីភាពជាក់ស្តែងរបស់ខ្លួន នោះខាងធនាគារ ឬមីក្រូហិរញ្ញវត្ថុ នឹងផ្តល់យោបល ដែលយោបល់ទាំងនោះជួយឱ្យអតិថិជនរីកចម្រើន។

ដោយឡែកទាក់ទិននឹងការទប់ស្កាត់បំណុលច្រើនលើសលុប និងយន្ដការការពារអតិថិជន លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសំណូមពរដល់អ្នកមានបញ្ហាបំណុល សូមកុំប្រើវិធីសាស្ត្រ រកបំណុលមកដោះបំណុល ដែលធ្វើឲ្យបំណុលការប្រាក់ កាន់តែកើនឡើង ដែលឈានទៅដល់បំណុលវ័ណ្ឌករ។ លោក សុខ វឿន បានបញ្ជាក់ដូច្នេះថា ប្រសិនណា បើអតិថិជនមានបញ្ហាបំណុលច្រើន សូមកុំឱ្យស្វែងរកបំណុលបន្ថែមទៀត ដើម្បីមកដោះបំណុល គួរតែអង្គុយជជែករកដំណោះស្រាយសិន ហើយកុំព្យាយាមរកកន្លែងផ្សេងទៀត ដើម្បីដោះបំណុល ដែលធ្វើឱ្យបំណុលការប្រាក់កាន់តែកើនឡើង ដែលឈានទៅដល់បំណុលវ័ណ្ឌ.ក។ លោកបន្ដថា បញ្ហាដែលកើតមានឡើង សូមអង្គុយជជែកគ្នាដោយភាតរភាព រវាងធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ ថាតើមានបញ្ហាអ្វីបង្ហាញឱ្យធនាគារឱ្យយល់អស់ ដើម្បីឱ្យខាងធនាគាររកដំណោះស្រាយជូន។ ធនាគារតែងតែមានដំណោះស្រាយជូនអតិថិជនជានិច្ច ប្រសិនណាខាងធនាគារទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ, ច្បាស់ការណ៍ និងត្រឹមត្រូវ។

បន្ថែមលើនេះ លោក ឡេង សេងឡន អនុប្រធានគណៈកម្មាធិការបរិយាបន្នហិរញ្ញវត្ថុ នៃសមាគមធនាគារនៅកម្ពុជា ក៏បានបញ្ជាក់ផងដែរថា អតិថិជនដែលត្រូវការប្រើសេវាកម្មកម្ចី ឬមួយក៏សេវាកម្មផ្សេងៗរបស់គ្រឹះស្ថានហិរញ្ញវត្ថុ គួរតែព្យាយាមសិក្សាស្វែងយល់អំពីលក្ខខណ្ឌតម្រូវផ្សេងៗ ក្នុងការទទួលបានសេវាកម្ម ដែលផ្តល់ជូនដល់គ្រឹះស្ថាននៅក្នុងប្រព័ន្ធ។ លោក ឡេង សេងឡន បន្ថែមទៀតថា សូមកុំទៅរកសេវាកម្មក្រៅប្រព័ន្ធ ដោយហេតុគ្រឹះស្ថានក្នុងប្រព័ន្ធ តម្រូវលក្ខខណ្ឌច្រើន ព្រោះការផ្តល់ជូននូវសេវាកម្មក្នុងប្រព័ន្ធ វាមានកិច្ចការពារដោយបទប្បញ្ញត្តិរបស់អាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាកិច្ចការពារផ្ដល់ជូននូវក្រមប្រតិបត្តិថ្មី៕ ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner