លោក សាយ សំអាល់៖ “ក្រុមគ្រួសារ ស.ស.យ.ក. បានអនុវត្តតួនាទី ភារកិច្ច បេសកកម្ម ប្រកបដោយការទទួលខុសត្រូវ ឯករាជ្យម្ចាស់ការ និងគំនិតច្នៃប្រឌិតខ្ពស់ស្របតាមបំណងប្រាថ្នារបស់យុវជន និងប្រជាជន និង ការវិវឌ្ឍសភាពការណ៍ថ្មីៗ”

អត្ថបទដោយ៖
AMS OneMinute

ក្នុងរបាយការណ៍បូកសរុបសមិទ្ធផល និងទិសដៅបន្ទាប់របស់គណៈកម្មាធិការកណ្តាល ដែលអានដោយ លោក សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានឱ្យដឹងថា៖ “ក្រុមគ្រួសារ ស.ស.យ.ក. ទូទាំងប្រទេសបានអនុវត្តតួនាទី ភារកិច្ច បេសកកម្ម ប្រកបដោយការទទួលខុសត្រូវ ឯករាជ្យម្ចាស់ការ និងគំនិតច្នៃប្រឌិតខ្ពស់ស្របតាមបំណងប្រាថ្នារបស់យុវជន និងប្រជាជន និង ការវិវឌ្ឍសភាពការណ៍ថ្មីៗដោយទទួលបានលទ្ធផលគួរជាទីមោទកៈ។”

ជាមួយគ្នានេះ ក្នុងរបាយការណ៍ដដែល ក៏បានគូសបញ្ជាក់បន្ថែមផងដែរថាយុវជនស.ស.យ.ក.បានក្តាប់ជាប់នូវមូលដ្ឋានប្រវត្តិសាស្រ្តដែលអតីតថ្នាក់ដឹកនាំនៃសមាគមយុវជនដែលកើតចេញពីកម្លាំងសាមគ្គីដ៏អស្ចារ្យនៃរណសិរ្សសង្រ្គោះជាតិកម្ពុជា ដែលបានបន្សល់ទុកនូវស្មារតី២ធ្នូក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលដក់ជាប់នៅក្នុងបេះដូងយុវជនជាសមាជិក ស.ស.យ.ក. ឱ្យមានភាពក្លាហាន និងឆន្ទៈដ៏មោះមុតក្នុងការបំពេញបេសកកម្មរបស់ខ្លួន។

សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលរបស់ខ្លួន រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៨-២០ មីនា ២០២២ នៅលើទឹកដីខេត្តសៀមរាប ដែលកិច្ចប្រជុំនេះដឹកនាំដោយលោក ហ៊ុន ម៉ានី ជាប្រធាន ស.ស.យ.ក. រួមជាមួយវត្តមានរបស់សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ភ្ញៀវកិត្តិសយល និងសមាជិក សមាជិកាអង្គប្រជុំ។ គោលបំណងនៃការរៀបចំកិច្ចប្រជុំ គឺដើម្បីស្វែងរកធាតុចូលជាច្រើនចេញពីការចែករំលែកយ៉ាងផុលផុសពីសំណាក់សមាជិក សមាជិកានៃកិច្ចប្រជុំទាំងអស់ ដែលធាតុចូលទាំងនេះជាមូលដ្ឋាននៃគំនិតបន្ថែមទៀតក្នុងការដឹកនាំយុវជន និងការអនុវត្តកិច្ចការជាបន្តនៅតាមមូលដ្ឋានរៀងៗខ្លួន។

ads banner