ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានយាងមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា

តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ (His Highness Prince Faisal bin Farhan Al Saud ) រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានយាងមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ សំដៅពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនៃព្រះរាជទស្សនកិច្ច ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ បានយាង ចូលជួប​សម្តែង​ការ​គួរសមចំពោះ សម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី​នៃ ព្រះរាជា​ណា​​ចក្រកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានយាងព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត មកបំពេញព្រះរាជទស្សនកិច្ចផ្លូវការ នៅកម្ពុជា។

នៅក្នុងកិច្ចប្រជុំទ្វេភាគី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និង ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ បានពិភាក្សាលើវិស័យផ្សេងៗនៃកិច្ចសហប្រតិបត្តិការ និងបានឯកភាពថា ព្រះរាជទស្សនកិច្ចនេះ គឺជាចំណុចចាប់ផ្តើមសម្រាប់ការលើកកម្ពស់ទំនាក់ទំនងជាមិត្តភាព និងកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពថា ប្រទេសទាំងពីរនៅមិនទាន់បានប្រើប្រាស់សក្តានុពល
ទាំងអស់នៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់នៅឡើយ និងបានប្តេជ្ញាចិត្តរួមគ្នាដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ អំពីពាណិជ្ជកម្ម និងការវិនិយោគ បន្ទាប់ពីបានលើកឡើងនូវកាលានុវត្តភាពប្រកបដោយការលើកទឹកចិត្តរបស់កម្ពុជា ជាពិសេសច្បាប់វិនិយោគថ្មីដែលអំណោយផល កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយចំនួន និងភាពជាដៃគូសេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​ក្នុងតំបន់ (RCEP) ដែលបានចូលជាធរមានកាលពីដើមឆ្នាំនេះ

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានស្នើសុំសមភាគីរបស់ឯកឧត្ដម ឱ្យជំរុញពាណិជ្ជករអារ៉ាប៊ីសាអូឌីតមកបណ្តាក់ទុននៅកម្ពុជាក្នុងវិស័យសំខាន់ៗមួយចំនួន រួមមាន ទេសចរណ៍ កសិកម្ម និងថាមពលកកើតឡើងវិញ។ នឹងបានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះបទពិសោធន៍ និងជំនាញរបស់អារ៉ាប៊ីសាអូឌីតក្នុងផលិតកម្មប្រេង និងឧស្ម័ន និងបានស្នើឱ្យផ្តល់អាហារូបករណ៍ក្នុងការបណ្តុះបណ្តាលផ្នែកវិស្វកម្មប្រេង និងឧស្ម័ន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើដល់អារ៉ាប៊ីសាអូឌីតពិចារណាលើការនាំចូលកសិផលពីកម្ពុជា និងចែករំលែកបទពិសោធន៍ស្ដីពីការផលិតអាហារហាឡាល់ (Halal Food)។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងការផ្លាស់ប្តូរជំនាញការទូតរវាងវិទ្យាស្ថានការទូតនៃប្រទេសទាំងពីរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជំរុញភាគីអារ៉ាប៊ីសាអូឌីតឱ្យធ្វើការពិចារណាចំពោះការចុះហត្ថលេខាលើ អនុស្សារណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយកម្ពុជា និងពន្លឿនការពិចារណាចំពោះអនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងអប់រំ រវាងប្រទេសទាំងពីរ។

ឯកឧត្តម ប្រាក់ សុខុន និងព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ ក៏បានពិភាក្សា និងបានឯកភាពគ្នាផងដែរ អំពីការបង្កើតយន្តការសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើកិច្ចពិគ្រោះយោបល់ជាប្រចាំរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។

ក្នុងអំឡុងពេលនៃជំនួប រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាផងដែរ លើបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗមួយចំនួន ដែលជាផលប្រយោជន៍ និងការបារម្ភរួម។រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងការពេញចិត្តចំពោះការគាំទ្រគ្នាទៅវិញទៅមកនាពេលបច្ចុប្បន្ន និងបានសន្យាថា នឹងពង្រឹងការគាំទ្រគ្នាបែបនេះបន្ថែមទៀត។  ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ បានសម្តែងនូវការគាំទ្រ និងជូនពរដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា។  ភាគីទាំងពីរ មានគោលជំហរដូចគ្នាក្នុងការគោរពតាមធម្មនុញ្ញរបស់ អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ និងការគោរពចំពោះអធិបតេយ្យភាព និងគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង។​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានទទួលយកការអញ្ជើញរបស់ ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ ទៅបំពេញទស្សនកិច្ចផ្លូវការនៅអារ៉ាប៊ីសាអូឌីត៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner