ឯកឧត្តម ហ៊ុន ម៉ាណែត៖ យុវជនជាឆ្អឹងខ្នងដ៏រឹងមាំរបស់សង្គមជាតិ និងជាកម្លាំងបន្តវេនដ៏មុតស្រួច  

ភ្នំពេញ​៖ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានមានប្រសាន៍បញ្ជាក់ថា​ យុវជនជាឆ្អឹងខ្នងដ៏រឹងមាំរបស់សង្គមជាតិ និងជាកម្លាំងបន្តវេនដ៏មុតស្រួច ក្នុងការដឹកនាំកម្ពុជា​ឆ្ពោះទៅរកវឌ្ឍនភាពជឿនលឿន រុងរឿង។ ដូច្នេះ សូមខិតខំប្រឹងប្រែង យកចិត្តទុកដាក់ពង្រឹង និងពង្រីកសក្តានុពលរបស់​ខ្លួនឱ្យកាន់តែ​រឹងមាំច្បាស់លាស់ទាំងផ្នែកសមត្ថភាពចំណេះដឹងជំនាញ និងផ្នែក​ចរិយាសម្បត្តិប្រកប​ដោយគុណធម៌ សីលធម៌រួមជាមួយនឹងស្មារតី និងសកម្មភាពចូលរួម​ថែរក្សានូវសមិទ្ធផលដែលមានស្រាប់ឱ្យបានគង់វង្ស និងបន្តពង្រីកបន្ថែមទៀតនូវសមិទ្ធផលវិជ្ជមានថ្មីៗ សម្រាប់​ជាប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន។

ការបញ្ជាក់នេះ​ បានធ្វើឡើងក្នុងពិធីប្រកាសសមាសភាពក្រុមការ​ងារ​យុវជនគណបក្សខេត្តកំពង់ស្ពឺ នៅក្រុងច្បារមន​ កាលពីព្រឹកថថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២​។ 

ឯកឧត្តម ហ៊ុន ម៉ាណែត បានអរគុណគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ និងអង្គការចាត់តាំងចំណុះ ព្រមទាំងយន្តការចុះជួយគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងក្នុងការបម្រើ និងចុះសួរសុខទុក្ខ​ប្រជា​ពលរដ្ឋ​ជាប់ជាប្រចាំ។ ទាំងនេះ​ បានឆ្លុះបញ្ចាំងឱ្យឃើញអំពីកម្លាំងសាមគ្គីភាពដ៏ខ្លាំងក្លា និងភាពរឹងមាំ​របស់គណបក្ស​ប្រជាជន​កម្ពុជា ដែលតែងនៅក្បែរប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

ជាមួគ្នានេះ​ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានអរគុណដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ដែលតែងជឿទុកចិត្ត​ និងគាំទ្រដោយឥតងាករេចំពោះ សម្តេចតេជោ និងគណបក្ស​ប្រជា​​ជន​​កម្ពុជា ដែលទទួលភារៈដឹកនាំ កសាង និងអភិវឌ្ឍប្រទេសជាតិ ងើបចេញពីភាពក្រីក្ររហូតមានការរីកចម្រើនឈានឡើងស្មើមុខស្មើមាត់ទាំងក្នុងកម្រិតតំបន់ និងឆាកអន្តរជាតិ ជាពិសេសកម្រិតជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋកាន់តែ​ត្រូវបានលើកកម្ពស់ជាលំដាប់។​ នេះគឺជាផលច្ច័យជាផ្លែផ្ការួម នៃការជ្រើសរើសដ៏ត្រឹមត្រូវរបស់ប្រជាពលរដ្ឋនិងការខិតខំប្រឹងប្រែងបម្រើប្រកបដោយឆន្ទៈស្មោះត្រង់របស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា របស់គណបក្សឱ្យស័ក្តិសមនឹងទំនុកចិត្តដែលទទួលបានពីប្រជាពលរដ្ឋ៕​ 

ដោយ៖ពលជ័យ

ads banner