ក្រសួងការបរទេសបង្ហាញលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត 

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ (His Highness Prince Faisal bin Farhan Al Saud ) រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានយាងមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ខែមីនា ឆ្នាំ២០២២ សំដៅពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនៃព្រះរាជទស្សនកិច្ច ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ បានយាងចូលជួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានយាងព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត មកបំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅកម្ពុជា។

នៅក្នុងកិច្ចប្រជុំទ្វេភាគី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ បានពិភាក្សាលើវិស័យផ្សេងៗនៃកិច្ចសហប្រតិបត្តិការ និងបានឯកភាពថា ព្រះរាជទស្សនកិច្ចនេះ គឺជាចំណុចចាប់ផ្តើមសម្រាប់ការលើកកម្ពស់ទំនាក់ទំនងជាមិត្តភាព និងកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពថា ប្រទេសទាំងពីរនៅមិនទាន់បានប្រើប្រាស់សក្តានុពលទាំងអស់នៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់នៅឡើយ និងបានប្តេជ្ញាចិត្តរួមគ្នាដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។

អំពីពាណិជ្ជកម្ម និងការវិនិយោគ បន្ទាប់ពីបានលើកឡើងនូវកាលានុវត្តភាពប្រកបដោយការលើកទឹកចិត្តរបស់កម្ពុជា ជាពិសេសច្បាប់វិនិយោគថ្មីដែលអំណោយផល កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយចំនួន និងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ ជ្រុង ជ្រោយ ក្នុងតំបន់ (RCEP) ដែលបានចូលជាធរមានកាលពីដើមឆ្នាំនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានស្នើសុំសមភាគីរបស់ឯកឧត្ដម ឱ្យជំរុញពាណិជ្ជករអារ៉ាប៊ីសាអូឌីតមកបណ្តាក់ទុននៅកម្ពុជាក្នុងវិស័យសំខាន់ៗមួយចំនួន រួមមាន ទេសចរណ៍ កសិកម្ម និងថាមពលកកើតឡើងវិញ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះបទពិសោធន៍ និងជំនាញរបស់អារ៉ាប៊ីសាអូឌីតក្នុងផលិតកម្មប្រេង និងឧស្ម័ន និងបានស្នើឱ្យផ្តល់អាហារូបករណ៍ក្នុងការបណ្តុះបណ្តាលផ្នែកវិស្វកម្មប្រេង និងឧស្ម័ន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើដល់អារ៉ាប៊ីសាអូឌីតពិចារណាលើការនាំចូលកសិផលពីកម្ពុជា និងចែករំលែកបទពិសោធន៍ស្ដីពីការផលិតអាហារហាឡាល់ (Halal Food)។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងការផ្លាស់ប្តូរជំនាញការទូតរវាងវិទ្យាស្ថានការទូតនៃប្រទេសទាំងពីរ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជំរុញភាគីអារ៉ាប៊ីសាអូឌីតឱ្យធ្វើការពិចារណាចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយកម្ពុជា និងពន្លឿនការពិចារណាចំពោះអនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងអប់រំ រវាងប្រទេសទាំងពីរ។ ឯកឧត្តម ប្រាក់ សុខុន និងព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ ក៏បានពិភាក្សា និងបានឯកភាពគ្នាផងដែរ អំពីការបង្កើតយន្តការសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើកិច្ចពិគ្រោះយោបល់ជាប្រចាំរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។

ក្នុងអំឡុងពេលនៃជំនួប រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាផងដែរ លើបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗមួយចំនួន ដែលជាផលប្រយោជន៍ និងការបារម្ភរួម។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងការពេញចិត្តចំពោះការគាំទ្រគ្នាទៅវិញទៅមកនាពេលបច្ចុប្បន្ន និងបានសន្យាថា នឹងពង្រឹងការគាំទ្រគ្នាបែបនេះបន្ថែមទៀត។ ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់អាល់ សូដ បានសម្តែងនូវការគាំទ្រ និងជូនពរដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា។ ភាគីទាំងពីរ មានគោលជំហរដូចគ្នាក្នុងការគោរពតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ និងការគោរពចំពោះអធិបតេយ្យភាព និងគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានទទួលយកការអញ្ជើញរបស់ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ ទៅបំពេញទស្សនកិច្ចផ្លូវការនៅអារ៉ាប៊ីសាអូឌីត៕

ដោយ៖ពលជ័យ

ads banner