រឿងប្រឌិតករណីបូមយកឈាម​ និងវះយកសរីរាង្គ​នៅខេត្តព្រះសីហនុ​៖ ស្ត្រីជនជាតិថៃសារភាពទទួលកំហុស និងបានធ្វើការសុំទោសជាសារធារណៈ 

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នគរបាលជាតិបានប្រាប់​ AMS ថា​ ក្រោមកិច្ចសហប្រតិបត្តិអន្តរជាតិរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គស្នងការនគរបាលភូមិនថៃ បានស្រាវជ្រាវរកឃើញថា ករណីនារីជនជាតិថៃមួយរូបដែលបានរាយការណ៍ទៅនគរបាលភូមិន្ទថៃថា ជនជាតិចិននៅខេត្តព្រះសីហនុ ចាប់បង្ខាំង និងបូមឈាមយកទៅលក់នោះ ជារឿងដែលនាងប្រឌិតឡើងក្នុងគោលបំណងចង់ឱ្យនគរបាលថៃជួយឱ្យនាងបានទៅប្រទេសថៃវិញ ក្រោយពីលួចឆ្លងដែនចូលមកធ្វើការនៅប្រទេសកម្ពុជាដោយខុសច្បាប់។ក្រោយពីបានធ្វើការសាកសួរ និងស្រាវជ្រាវយ៉ាងហ្មត់ចត់ នារីខាងលើបានសារភាពទទួលកំហុស និងបានធ្វើការសុំទោសជាសារធារណៈចំពោះនគរបាលទាំងពីរប្រទេសផងដែរ។

តាមប្រភពព័ត៌មានពីអគ្គស្នងការនគរបាលភូមិនថៃ នារីខាងលើត្រូវបានចោទប្រកាន់ដាក់ពន្ធធនាគារចំនួនបីឆ្នាំ ពីបទរាយការណ៍ព័ត៌មានក្លែងក្លាយ។

កន្លងទៅនេះ លោកឧត្តមសេនីយ៍ទោ​ ជួន​ ណារិន​ ស្នងការនគរបាលខេត្តព្រះសីហនុ​ បានធ្វេីការបដិសេធថា​ មិនមានករណីបូមយកឈាម​ និងវះយកសរីរាង្គនៅខេត្តព្រះសីហនុ​ ដូចជាការផ្សព្វផ្សាយព័ត៌មានរបស់ថៃនោះទេ។ នេះ​ គឺជាព័ត៌មានប្រឌិតធ្វេីឲ្យប៉ះពាល់សណ្តាប់ធ្នាប់ប្រទេសកម្ពុជា។ លោកឧត្តមសេនីយ៍ទោ​ ជួន​ ណារិន​ បានបញ្ជាក់កាលព្រឹកថ្ងៃទី១៣​ ខែមីនាថា​ ” មិនមានករណីវះឬបូមឈាមទេ​ !​ ពេលនេះទើបដឹងថា​ បុគ្គលមួយចំនួនតូចកំពុងវាយប្រហារនិងបំពុលព័ត៌មានមិនពិតធ្វើឲប៉ះពាល់សណ្ដាប់ធ្នាប់ប្រទេសកម្ពុជា។ ខ្ញុំមិនយល់ថា​ ពួកគាត់មានចេតនាបែបណាបានជាប្រឌិតរឿងមិនពិតបែបនេះ”។ 

ការបដិសេធរបស់ស្នងការនគរបាលខេត្តព្រះសីហនុ​ បានធ្វេីឡេីងបន្ទាប់ពីលោក Surachate Hakparn  រដ្ឋលេខាធិកានៃនគរបាលជាតិថៃបានប្រាប់កាសែតអនឡាញរដ្ឋថៃជាភាសាអង់គ្លេសឈ្មោះ Thai PBS World ថា​ ជនរងគ្រោះពីការប៉ុនប៉ងយកសរីរាង្គដោយជនទុច្ចរិតជនជាតិចិនកំពុងស្នាក់នៅកម្ពុជា គឺជាស្ត្រីជនជាតិថៃមកពីទីក្រុងបាំងកក មានវ័យ២៥ឆ្នាំ។ បើតាមលោកមន្ត្រីនគរបាលថៃ នាងត្រូវបានគេល្បួងមកធ្វើការខុសច្បាប់ ក្នុងក្រុមហ៊ុនហៅទូរស័ព្ទមួយនៅក្នុងខេត្តព្រះសីហនុ ដែលដំណើរការដោយជនជាតិចិន។ នៅពេលនាងធ្វើដំណើរពីថៃដល់កំពង់ផែក្រុងព្រះសីហនុ នាងត្រូវបានប្រាប់ឱ្យទៅធ្វើការភ្លាម។ ពេលនាងមិនព្រមនាងក៏ត្រូវគេវាយដំឃុំខ្លួនទុកឱ្យស្រេកឃ្លាន ហើយប្រាប់ឱ្យទាក់ទងទៅគ្រួសារនាងនៅប្រទេសថៃដើម្បីជំរិតទារយកប្រាក់ជាថ្នូរនឹងការដោះលែងនាង។ ​នៅក្នុងអំឡុងពេលនៃការឃុំខ្លួននោះ នាងថា នាងត្រូវចរន្តអគ្គិសនីឆក់ និងមានអ្នកបូមយកឈាមនាងដែរ។ធ្ងន់ធ្ងរជាងនេះ នាងក៏បិះនឹងត្រូវគេវះយកសរីរាង្គរបស់នាងដែរ។ ក្រោយមក នាងបានស្វែងរកផ្លូវរត់គេចខ្លួនមកដល់ មន្ទីរពេទ្យក្រុងប៉ោយប៉ែត ព្រំដែនថៃ រហូតបាត់បង់ស្មារតី និងនាងក៏ត្រូវបានអាជ្ញាធរថៃនៅព្រំដែន ជួយសង្គ្រោះ នៅថ្ងៃទីពុធទី០៩ ខែមីនាកន្លងទៅនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែតអនឡាញ Thai PBS World៕

ដោយ៖ពលជ័យ

ads banner