យុវជន ៧៧៥នាក់ នៅស្រុកល្វាឯម ប្រកាសបញ្ចូលជាសមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជា

កណ្តាល៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សមាជិកអចិន្រ្តិយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល លើកឡើងនៅក្នុងពិធីប្រកាសសេចក្តីសម្រេចបញ្ចូលសមាជិកបក្សថ្មី នៃគណបក្សប្រជាជនកម្ពុជា ចំនួន ៧៧៥នាក់ នៅស្រុកល្វាឯមខេត្តកណ្តាល នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលចាស់ទុំជាងគេ និងរឹងមាំជាងគេ ដែលកើតឡើងដោយសារប្រជាជន, ដើម្បីប្រជាជន និងរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ក្នុងនោះសម្រាប់សមាជិកបក្សថ្មីនាថ្ងៃនេះភាគច្រើនជាយុវជន ។

ជុំវិញប្រវត្តិរបស់គណបក្ស អគ្គបណ្ឌិតសភាចារ្យ ថ្លែងឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ១៩៥១, គណបក្សយើងបានចូលរួមតស៊ូរំដោះប្រទេសកម្ពុជាចេញពីអាណានិគមបារាំង និងបានរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយបានផ្តល់កំណើតទី ២ ជូនប្រជាជនកម្ពុជាគ្រប់រូបនៅថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ ។ គណបក្សប្រជាជនកម្ពុជាបានសម្រេចនូវមហាសមិទ្ធផល មួយទៀតនៅឆ្នាំ ១៩៩៨ គឺការបញ្ចប់សង្គ្រាមទាំងស្រុង និងការនាំមកនូវសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេសតាមរយៈ “នយោបាយ ឈ្នះ-ឈ្នះ” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, ដែលសម្តេចគឺជាអគ្គមហារដ្ឋបុរសដ៏ឆ្នើម នៃយើងទាំងអស់គ្នា ដែលបានបន្តដឹកនាំប្រទេសកម្ពុជាឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ រហូតមកដល់ពេលបច្ចុប្បន្ននេះ ។ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន បានថ្លែងពីគុណបំណាច់ និងការលះបង់ដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូលះបង់ស្វិតស្វាញ ខិតខំប្រឹងប្រែង រំដោះប្រទេសជាតិពីរបបអាវខ្មៅប៉ុលពត ដែលបានបំផ្លាញបំផ្លាញប្រទេសជាតិ លាប់សម្លាប់ប្រជាជន ដោយនាំមកវិញនូវសុខសន្តិភាព ស្ថេរភាពនយោបាយ ការបង្រួបបង្រួមជាតិ ដែលកាលណោះប្រទេសជាតិ ស្ថិតនៅក្នុងផេះផង់ ហើយប្រឹងតស៊ូដឹកនាំប្រទេសជាតិតាំងពីបាតដៃទទេក្នុងលក្ខខណ្ឌលំបាក រហូតទទួលបានការរីកចម្រើនមានការអភិវឌ្ឍ មានសេដ្ឋកិច្ចលូតលាស់ ប្រជាជនមានជីវភាពកាន់តែល្អប្រសើរឡើងជាលំដាប់ និងបន្តការអភិវឌ្ឍទៅមុខជារៀងដរាប។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បន្តថា អ្វីដែលគណបក្សបានកំពុងធ្វើ គឺដើម្បីសម្រេចឱ្យបាននូវបុព្វហេតុចំនួន ២ គឺសន្តិភាព និងការអភិវឌ្ឍ ដែលយើងទាំងអស់គ្នាត្រូវតែធានាការពារឱ្យបានជាដាច់ខាត ក្នុងនោះសមាជិកបក្សទើបចូលថ្មីនេះ គឺជាកម្លាំងថ្មីបន្ថែមដ៏មានសក្តានុពលរបស់គណបក្សប្រជាជនកម្ពុជាក្នុងការចូលរួមធ្វើសកម្មភាពការងារបក្ស ដែលបម្រើដល់ផលប្រយោជន៍របស់ប្រជាជនទូទៅនៅក្នុងភូមិ ឃុំរបស់ខ្លួន ក៏ដូចជាជួយពន្យល់ដល់ប្រជនពលរដ្ឋទូទៅ ឱ្យបានយល់ដឹងជ្រួតជ្រាបអំពីបុព្វហេតុ, ស្នាដៃ និងរាល់សមិទ្ធផលរបស់រាជរដ្ឋាភិបាល ។ ជុំវិញបញ្ហានេះ, សមាជិកបក្សទាំងអស់ត្រូវគោរពតាមលក្ខន្តិកៈគណបក្ស និងត្រូវធានាឱ្យបានថា សមាជិកម្នាក់ជាសំលេងឆ្នោត ១ សន្លឹកជូនបក្ស និងត្រូវរកសម្លេងឆ្នោតមួយសន្លឹកបន្ថែមទៀតជូនគណបក្ស ក្នុងចំណោមមិត្តភ័ក្រ ឬសមាជិកគ្រួសារ ។ គណបក្សប្រជាជនកម្ពុជា លើកទឹកចិត្តនូវការចូលរួមរបស់យុវជន ព្រោះថាយុវជនជំនាន់នេះ ក៏ដូចជាជំនាន់ក្រោយៗទៀត គឺជាអនាគតរបស់គណបក្ស និងប្រទេសជាតិ ។ ដូច្នេះសមាជិកវ័យក្មេងគ្រប់រូប ត្រូវបន្តដើរតួសំខាន់ក្នុងការធ្វើជាសម្លេង និងស្ពានរវាងគណបក្ស និងយុវជនកម្ពុជា ព្រមទាំងអប់រំខ្លួននូវគោលការណ៍ និងកម្មវិធីនយោបាយរបស់គណបក្ស ហើយបន្តផ្សព្វផ្សាយគោលការណ៍ និងកម្មវិធីនយោបាយរបស់បក្ស ឱ្យបានកាន់តែទូលំទូលាយ ។

សូមបញ្ជក់ថា៖ នៅក្នុងពិធីនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានផ្តល់ការឧបត្ថម្ភអ្នកចូលរួមសរុបចំនួន ៧៧៥នាក់, ម្នាក់ៗថវិកា ២ ម៉ឺនរៀល ព្រមទាំងអាវ និងមួកបក្ស, ឧបត្ថម្ភកងកម្លាំងប្រដាប់អាវុធ និងប្រជាការពារសរុប ៨០ នាក់, ម្នាក់ៗ ២ ម៉ឺនរៀល និងឧបត្ថម្ភការរៀបចំពិធី និងការចំណាយពាក់ព័ន្ធផ្សេងៗចំនួន ៨ លានរៀលជូនគណបក្សស្រុក២លៀនរៀល ៕ ប្រភព ៖ ទទក

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner