នាយករដ្ឋមន្ត្រីកម្ពុជា-ជប៉ុន អំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សានៅមីយ៉ាន់ម៉ា បញ្ឈប់ការនាំអាវុធចូល និងស្នើគ្រប់ភាគីទាំងអស់អត់ធ្មត់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន បានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា បញ្ឈប់ការនាំអាវុធចូល និងស្នើគ្រប់ភាគីទាំងអស់ឱ្យធ្វើការអត់ធ្មត់ជាអតិបរមា និងចាប់ផ្ដើមដំណើរការចរចាសម្រាប់ដំណោះស្រាយប្រកបដោយសន្តិវិធី ដោះលែងអ្នកជាប់ឃុំដោយរឿងនយោបាយ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាព និងប្រព័ន្ធនយោបាយប្រជាធិបតេយ្យ។ ការអំពាវនាវរបស់នាយករដ្ឋមន្ត្រីទាំងពីរ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមគីស៊ីដា ហ្វឹមីអូ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ នៅវិមានសន្តិភាព។

នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាទាមទារឱ្យមានការជំរុញសកម្មភាពជាក់ស្តែងនានា ដើម្បីអនុវត្ត«ការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច» ដែលសម្រេចបាននៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន នៅថ្ងៃទី២៤ មេសា ២០២១ឱ្យបានឆាប់រហ័ស។ នាយករដ្ឋមន្ត្រីទាំងពីរបានលើកឡើងពីសារៈសំខាន់នៃការអនុវត្តយ៉ាងសកម្មនូវការចែកជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា ដែលកំពុងត្រូវការជំនួយខ្លាំងបំផុត ដោយផ្អែកលើគោលការណ៍មនុស្សធម៌ ដោយធ្វើការសម្របសម្រួលជាមួយមជ្ឈមណ្ឌលសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន(AHA Center) និងអង្គការអន្តរជាតិនានា។

ឯកឧត្តមនាយករដ្ឋមន្ត្រី គីស៊ីដា បានស្វាគមន៍ចំពោះការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន ដើម្បីទម្លាយភាពជាប់គាំង ហើយបានបង្ហាញក្ដីសង្ឃឹមពីលទ្ធផលជាផ្លែផ្កានៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ទៅកាន់ប្រទេសមីយ៉ាន់ម៉ាជាលើកដំបូងនៅក្នុងសប្ដាហ៍ទី៣ នៃខែមីនា ឆ្នាំ២០២២។ ពាក់ព័ន្ធនឹងបញ្ហានេះ នាយករដ្ឋមន្ត្រីទាំងពីរបានបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃការខិតខំប្រឹងប្រែងដោះស្រាយបញ្ហាតាមរយៈការប្រាស្រ័យទាក់ទងជាមួយគ្រប់ភាគីពាក់ព័ន្ធ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រទេសជប៉ុនចំពោះតួនាទីដ៏សកម្មរបស់ខ្លួនក្នុងការទម្លាយភាពជាប់គាំងតាមរយៈការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដោយគោរពឯកភាព និងមជ្ឈភាពរបស់អាស៊ាន និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា៕
ដោយ៖ពលជ័យ

ads banner