នាយករដ្ឋមន្ត្រីកម្ពុជា និងជប៉ុន ទទូចឱ្យមានការបញ្ឈប់ការប្រើកម្លាំងជាបន្ទាន់ និងដកកម្លាំងយោធាចេញពីទឹកដីអ៊ុយក្រែន
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម គីស៊ីដា ហ្វឹមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន បានទទូចឱ្យមានការបញ្ឈប់ការប្រើកម្លាំងជាបន្ទាន់ និងដកកម្លាំងយោធាចេញពីទឹកដីអ៊ុយក្រែន។ នាយករដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់ថា ការគំរាមកំហែង ឬការប្រើប្រាស់អាវុធមហាប្រល័យគ្រប់ប្រភេទ គឺមិនអាចទទួលយកបានទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ ការទទូចរបស់នាយករដ្ឋមន្ត្រីទាំងពីរ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សានៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម គីស៊ីដា ហ្វឹមីអូ បានរំលឹកថា ប្រទេសទាំងពីរបានចូលរួមជាប្រទេសសហស្ថាបនិកនៃសេចក្តីសម្រេចចិត្តលេខ A/RES/ES-11/1N ដែលត្រូវបានអនុម័តនៅក្នុងសម័យប្រជុំពិសេសបន្ទាន់លើកទី១១ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃទី២ខែមីនា និងថា រដ្ឋមន្ត្រីការបរទេសអាស៊ាន បានចេញសេចក្តីថ្លែងការណ៍ស្តីពីអ៊ុយក្រែននៅថ្ងៃទី ២៦ ខែកុម្ភៈ និងទី៣ ខែមីនា ឆ្នាំ២០២២។ ថ្នាក់ដឹកនាំទាំងពីរបានចែករំលែកទស្សនៈថា ការឈ្លានពានទៅលើរដ្ឋសមាជិកអង្គការសហប្រជាជាតិមួយដោយបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋនោះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ដែលហាមប្រើប្រាស់កម្លាំង និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ។

ថ្នាក់ដឹកនាំទាំងពីរបានទទួលស្គាល់ថា ការឈ្លានពាននេះបង្កមហន្តរាយដល់មូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ ដែលមិនទទួលយកនូវការកែប្រែជាឯកតោភាគីណាមួយ ចំពោះពំ្រដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ តាមរយៈការប្រើប្រាស់កម្លាំងនោះទេ។ ក្នុងស្មារតីដូចគ្នានេះដែរ នាយករដ្ឋមន្ត្រីទាំងពីរ បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខ នៅឥណ្ឌូ-ប៉ាស៊ីហ្វិក។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីបទពិសោធន៍ផ្ទាល់ខ្លួនថា សង្រ្គាមមិនអាចបញ្ចប់សង្រ្គាមបាននោះទេ ហើយគួរតែបន្តស្វែងរកដំណោះស្រាយដោយសន្តិវិធី។
នាយករដ្ឋមន្ត្រីទាំងពីរ បានទទូចឱ្យមានការបញ្ឈប់ការប្រើកម្លាំងជាបន្ទាន់ និងដកកម្លាំងយោធាចេញពីទឹកដីអ៊ុយក្រែន។ នាយករដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់ថា ការគំរាមកំហែង ឬការប្រើប្រាស់អាវុធមហាប្រល័យគ្រប់ប្រភេទ គឺមិនអាចទទួលយកបានទេទោះក្នុងកាលៈទេសៈណាក៏ដោយ។ ថ្នាក់ដឹកនាំទាំងពីរក៏បានគូសបញ្ជាក់ផងដែរថា រាល់ការវាយប្រហារប្រដាប់អាវុធទៅលើ និងការគំរាមកំហែងប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែរ ដែលបង្កើតឡើងក្នុងគោលបំណងសន្តិភាព គឺជាការរំលោភលើច្បាប់អន្តរជាតិ៕
ដោយ៖ពលជ័យ