នាយករដ្ឋមន្រ្តីជប៉ុន-កម្ពុជា ឯកភាពគ្នាថា នឹងទទួលយកកម្មសិក្សាការី និងពលករជំនាញកម្ពុជាថែមទៀត ទៅកាន់ប្រទេសជប៉ុន
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីជប៉ុន-កម្ពុជា បានឯកភាពគ្នាថា នឹងទទួលយកកម្មសិក្សាការី និងពលករជំនាញកម្ពុជាថែមទៀតទៅកាន់ប្រទេសជប៉ុន ។ នេះបើតាមការថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នារវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម គីស៊ីដា ហ្វូមីអូ (Kishida Fumio) នាយករដ្ឋមន្ត្រីជប៉ុន នាល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នៅវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានស្នើជប៉ុន ក្នុងការទទួលយកកម្មសិក្សាការី និងពលករកម្ពុជាបន្ថែមទៀត ដោយនាយករដ្ឋមន្រ្តីជប៉ុន សង្ឃឹមថា ពេលស្ថានភាពកូវី១៩បានល្អប្រសើរ ពលករជំនាញ និងកម្មការសិក្សាការីកម្ពុជាច្រើនទៀតនឹងទៅកាន់ប្រទេសជប៉ុនជាបន្តបន្ទាប់។ សម្ដេចតជោក៏បានបញ្ជាក់ថា យើងទាំងពីរក៏បានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគីរួមទាំងខ្សែសង្វាក់ផលិតកម្ម ថាមពល សន្តិសុខសេដ្ឋកិច្ចឌីជីថល និងការផ្លាស់ប្ដូរបញ្ញវន្តជាដើម។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពពង្រឹងការអភិវឌ្ឍធនធានមនុស្សផ្នែកឧស្សាហកម្ម ដែលមានជំនាញខ្ពស់ ដោយសហការជាមួយមជ្ឈមណ្ឌលកម្មន្តសាលឌីជីថលកម្ពុជា-ជប៉ុននៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ធុរកិច្ចរបស់ប្រទេសទាំងពីរ ក្នុងការបង្កើតឧស្សាហកម្មថ្មី ដើម្បីដោះស្រាយបញ្ហាសង្គម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។
សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរយ៉ាងខ្លាំងចំពោះការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងការធ្វើពិពិធកម្មឧស្សាហកម្មរបស់កម្ពុជា៕ ដោយ វណ្ណលុក




