សម្ដេចតេជោ លើកទឹកចិត្តដល់ក្រុមហ៊ុនល្បីៗរបស់ជប៉ុន ឱ្យមកវិនិយោគនៅកម្ពុជា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ក្រុមហ៊ុនល្បីៗរបសជប៉ុន ឱ្យមកវិនិយោគនៅកម្ពុជា។ នេះបើតាមការថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នារវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម គីស៊ីដា ហ្វូមីអូ (Kishida Fumio) នាយករដ្ឋមន្ត្រីជប៉ុន នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ។
សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យនាយករដ្ឋមន្ត្រីជប៉ុនជួយទិញផលិតផលកម្ពុជា ជាពិសេសផលិតផលកសិកម្មអាទិភាពកម្ពុជាឲ្យបានច្រើនបន្ថែមទៀត និងពិចារណាសិក្សាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ជប៉ុន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ។
សម្តេចតេជោ បានបន្តថា ក្នុងការទាក់ទាញការវិនិយោគបន្ថែម ដោយលើកទឹកចិត្តវិនិយោគិនជប៉ុន មមកវិនិយោគនៅកម្ពុជាឱ្យច្រើនថែមទៀត ជាពិសេសក្រុមហ៊ុនល្បីៗរបស់ជប៉ុន មកដំឡើងរោងចក្រនៅកម្ពុជា ដូចជា Pannasonic Toshiba mishubishi Yamaha corporation ជាដើម។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នាយករដ្ឋមន្ត្រីជប៉ុនបានឆ្លើយតប នូវការឯកភាពជាមួយនឹងខ្ញុំ ក្នុងការពង្រីកថែមទៀត នូវបរិយាកាសវិនិយោគនៅកម្ពុជា ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បន្ថែមថា ឯកឧត្តម នាយករដ្ឋមន្ត្រីជប៉ុន និងខ្ញុំ បានបង្ហាញការរីករាយ បើទោះបីជាក្នុងវិបត្តិជំងឺកូវីដ១៩ តែទំហំពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន នៅមានស្ថេរភាព ក្នុងរង្វង់ជិត ២ពាន់លានដុល្លារអាមេរិក ចំណែកការវិនិយោគជប៉ុននៅកម្ពុជាវិញ បានកើនឡើងនៅឆ្នាំ ២០២១ បន្ទាប់ពីការធ្លាក់ចុះយ៉ាងកំហុកនៅឆ្នាំ ២០២០៕ ដោយ វណ្ណលុក








