នាយករដ្ឋមន្ត្រីជប៉ុន ប្រកាសបន្តគាំទ្រដល់ការបោះឆ្នោត នៅកម្ពុជា
ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នារវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គីស៊ីដា ហ្វូមីអូ (Kishida Fumio) នាយករដ្ឋមន្ត្រីជប៉ុន បានប្រកាសថា ជប៉ុន នឹងនៅតែបន្តគាំទ្រជួយដល់ការបោះឆ្នោតនៅកម្ពុជាដើម្បីឈរបញ្ចាំងពីមតិចម្រុះនៅក្នុងប្រទេសនេះ។
ឯកឧត្តម គីស៊ីដា ហ្វូមីអូ បានបញ្ជាក់អំពីការគាំទ្រដល់ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ដោយប្រកាសក្នុងការចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាដើម្បីគាំទ្រដល់វិស័យទាំងនេះ ខណៈដែលកម្ពុជានឹងរៀបចំការបោះឆ្នោតនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ ឯកឧត្តម បានប្រកាសថា រដ្ឋាភិបាលជប៉ុន នឹងនៅតែគាំទ្រដល់ការបោះឆ្នោតនៅកម្ពុជា បន្តទៀត ដើម្បីឆ្លុះបញ្ចាំងពីមតិចម្រុះនៅកម្ពុជា ។
សូមជម្រាបថា នៅក្នុងឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដែលមានគណបក្សនយោបាយចំនួន១៧ ចូលរួមក្នុងការបោះឆ្នោត ខណៈនៅឆ្នាំ២០២៣ ខាងមុខការបោះឆ្នោតថ្នាក់ជាតិជ្រើសរើសសមាជិកសភាសភានឹងរៀបចំឡើង៕ ដោយ វណ្ណលុក








