ថ្ងៃស្អែកនេះ គ.ជ.ប នឹងបើកសវនាការជាសាធារណៈ លើបណ្ដឹងសុំបដិសេធបញ្ជីបេក្ខជន របស់គណបក្សភ្លើងទៀន
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹងថា ខ្លួននឹងបើកសវនាការជាសាធារណៈ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៩៖០០នាទីព្រឹក នៅទីស្តីការ គ.ជ.ប ដើម្បីជំនុំជម្រះលើបណ្តឹង/សំណុំរឿងលេខ ០៥១ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២។
ក្នុងសេចក្ដីជូនដំណឹង គ.ជ.ប បញ្ជាក់ថា សមាសភាពក្រុមប្រឹក្សាជំនុំជម្រះមាន ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជាប្រធាន, ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ចំនួន ៧រូបទៀត ជាសមាជិក ក្រុមប្រឹក្សាជំនុំជម្រះ។
សូមជម្រាបជូនថា ពាក្យបណ្តឹងខាងលើនេះ មានកម្មវត្ថុប្តឹងសុំបដិសេធបញ្ជីបេក្ខជន នៃគណបក្សនយោបាយរបស់គណបក្សភ្លើងទៀន នៃសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ ដែលមានដើមបណ្តឹងឈ្មោះ ម៉ៅ មុន្ទី ហើយដែលបានប្រគល់សិទ្ធិជូន លោកមេធាវីឈ្មោះ ទៀង វុទ្ធា ជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ៕ ដោយ-រ៉ាវុធ