ឯកឧត្តម ឈិន កេតនា៖ ជំរុញឱ្យក្រសួង ស្ថាប័ន មន្ទីរ រាជធានី ខេត្ត ត្រូវពិនិត្យមើលការដាក់តាំងព្រះបរមឆាយាល័ក្ខណ៍ រូបទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រឱ្យបានសមរម្យទៅតាមការកំណត់
ភ្នំពេញ៖ ថ្លែងនៅក្នុងកិច្ចប្រជុំស្តីពី ការត្រៀមលក្ខណៈរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ព.ស ២០២២ ខាងមុខនេះ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានជំរុញឱ្យក្រសួង ស្ថាប័ន មន្ទីរ រាជធានី ខេត្ត ត្រូវពិនិត្យមើលការដាក់តាំងព្រះបរមឆាយាល័ក្ខណ៍ រូបទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ ឱ្យបានសមរម្យ ទៅតាមការកំណត់។
ការថ្លែងបែបនេះ បន្ទាប់ពី ការពិនិត្យមើលឃើញពីការដាក់តាំង នៅមានការខុសឆ្គង និងមិនសមស្របតាមការកំណត់។
ឯកឧត្តម ឈិន កេតនា មានប្រសាសន៍បន្តថា ក្រសួង ស្ថាប័ន មួយចំនួន នៅតែបន្តដាក់តាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះមហាក្សត្រ ខុសមិនបានពិនិត្យឱ្យបានត្រឹមត្រូវ ទាំងអស់នេះ ធ្វើឱ្យខុសតគ្នា ដែលនេះគឺជាការខ្វះខាតមួយត្រូវមានការគិតគូរឡើងវិញជាបន្ទាន់។
ឯកឧត្តម អគ្គលេខាធិការ បានជម្រុញឱ្យអាជ្ញាធរមានសមត្ថកិច្ចមេត្តាពិនិត្យ មើលការដាក់តាំងទង់ជាតិ សាសនា ព្រះមហាក្សត្រ ដែលបានដាក់តាំងនៅតាម កន្លែងមិនសមរម្យពិសេសនៅតាមឡាន ឬម៉ូតូកង់បី ជាដើម។ ឯកឧត្តម បានបន្ថែមថា ទង់ មិនមែនចេះតែយកដាក់នៅគ្រប់កន្លែងបានដោយគ្មានការអនុញ្ញាតនោះទេ ខណៈដែលប្រទេសជាច្រើន បានរិតត្បិត ទៅលើការប្រើប្រាស់ ទង់នេះផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តម ឈិន កេតនា សំណូមពរទៅដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលមានកាតព្វកិច្ចធ្វើកិច្ចការងារទាំងអស់នេះត្រូវពិនិត្យមើល ទាំងអស់គ្នា ព្រោះថា ការប្រើប្រាស់ទង់ជាតិ សាសនា ព្រះមហាក្សត្រ ត្រូវសមស្របទៅតាមការកំណត់ ដែលជាការលើកតម្កើងនូវកិត្យានុភាព របស់ជាតិ ទៅកាន់ពិភពលោក ជាប្រទេសមួយដែលមានវប្បធម៌ អរិយធម៌ ចំណាស់ និងបន្តកេរ្តិ៍ឈ្មោះ រហូតដល់បច្ចុប្បន្ន និងតទៅជំនាន់ក្រោយៗទៀត។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បើកកិច្ចប្រជុំជាមួយនិង តំណាង ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំស្តីពីការត្រៀមលក្ខណៈរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី១៤ ១៥ ១៦ ខែមេសា ព.ស ២០២២ បន្ទាប់ពីការអាក់ខានដោយសារបញ្ហាវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលតម្រូវឱ្យបិទការរៀបចំពិធីបុណ្យប្រពៃណីជាតិ និងពិធីជួបជុំនានា ។
សំរាប់ឆ្នាំនេះដោយសារការគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ បានល្អប្រសើរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ឱ្យមានការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ទៅតាមកាលកំណត់របស់ប្រតិទិន និងដោយមានការបើកឱ្យមានកម្មវិធីសាសនា លេងល្បែងប្រជាប្រិយ នៅតាមបណ្តារមនីយ៍ដ្ឋាន ទីវត្តអារាមនានា តែត្រូវអនុវត្តន៍ទៅតាមវិធានការណ៍របស់ក្រសួងសុខាភិបាលផងដែរ៕ ដោយ ៖ ង៉ាន់ ទិត្យ