នាយកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វីក សរសើរសម្តេចតេជោហ៊ុនសែន ពាក់ព័ន្ធនឹងការងារប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍន៍ រយៈពេលវែង នៃកាបូនរបស់កម្ពុជា
ភ្នំពេញ ៖ លោក Benoit Bosquest បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការងារប្រែប្រួលអាកាសធាតុ ជាពិសេសការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនរបស់កម្ពុជា។
ការបង្ហាញកោតសរសើរនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាមួយ លោក Benoit Bosquest នាយកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វីកសម្រាប់ការអភិវឌ្ឍដោយចីរភាព នៃធនាគារពិភពលោក(Regional Director for Sustainable Development for East Asia and Pacific Region នារសៀលថ្ងៃ ទី២១ ខែមីនា ឆ្នាំ២០២២ ។
នៅក្នុងឱកាសនោះ លោក Benoit Bosquest បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការងារប្រែប្រួលអាកាសធាតុ ជាពិសេសការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនរបស់កម្ពុជា។ កម្ពុជាដែលកំពុង អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការ ប្តេជ្ញាចិត្តរបស់ខ្លួនក្រោម អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួល អាកាសធាតុ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា សុខសន្តិភាពពេញលេញ និងកំណើនសេដ្ឋកិច្ចក្នុងរយៈពេល ២០ឆ្នាំចុងក្រោយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ ធ្វើឱ្យប្រទេសជាតិមានសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍគ្រប់វិស័យ ជីវភាពប្រជាជនខ្ពស់ជាងមុន និងការពារសុខុមាលភាពប្រជាពលរដ្ឋទូទាំងប្រទេសតាមរយៈយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស ការពារជំងឺកូវីដ១៩។
ថ្មីៗនេះ កម្ពុជាបានបង្ហាញឆន្ទៈក្នុងការដឹកនាំ ចូលរួម ក្នុងនាមជាប្រធានអាស៊ាន និងសមាជិកនៃសហគមន៍សហប្រជាជាតិ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនជាមួយនឹងគោលដៅឆ្នាំ២០៥០ សម្រាប់ការបញ្ចេញឧស្ម័នស្មើសូន្យ ស្របទៅនឹងយុទ្ធសាស្រ្តរបស់កម្ពុជា ក្នុងការគាំទ្រពហុភាគីនិយម។
ក្រសួងបរិស្ថាននិងធានាគារពិភពលោក បន្តយកចិត្តទុកដាក់ក្នុងការជម្រុញការងារគ្រប់គ្រងសំរាម សំណល់រឹង អេកូទេសចរណ៍ និងទីផ្សារឥណទានកាបូន ដើម្បីលើកកម្ពស់ជីវភាពប្រជាសហគមន៍ និងសេដ្ឋកិច្ចមូលដ្ឋាន ៕ ដោយ ៖ ម៉ាដេប៉ូ