រុស្ស៊ីសម្រេចហាមឃាត់ Facebook និង Instagram ហើយថែមទាំងហៅក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក ទាំងពីរថា ជាអង្គការជ្រុលនិយម
ម៉ូស្គូ៖ តុលាការក្រុងម៉ូស្គូបានសម្រេចនៅថ្ងៃចន្ទដើមសប្តាហ៍នេះ ដើម្បីហាមឃាត់ក្រុមហ៊ុន Facebook និង Instagram ក្នុងប្រទេសរុស្ស៊ី ដោយដាក់ស្លាកក្រុមហ៊ុនមេនៃបណ្តាញទំនាក់ទំនងសង្គមទាំងពីរ គឺ Meta Platforms Inc. ជាក្រុមហ៊ុន “ជ្រុលនិយម”។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ការិយាល័យអគ្គរដ្ឋអាជ្ញានៃប្រទេសរុស្ស៊ីបានបញ្ជាក់ថា ពាក្យបណ្តឹងនេះមានគោលបំណងការពារជនជាតិរុស្ស៊ីពី “ការរំលោភសិទ្ធិរបស់ពួកគេ”។ រដ្ឋអាជ្ញាបាននិយាយថា Meta បានបំពានច្បាប់របស់ខ្លួន ដោយអនុញ្ញាតឱ្យមានការបង្ហោះនូវសុន្ទរកថាដ៏ឃោរឃៅចំពោះយោធារុស្ស៊ី ហើយបានព្រងើយកន្តើយចំពោះសំណើជាង ៤,៥០០ ដើម្បីលុបព័ត៌មានក្លែងក្លាយស្តីពីប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី និងអំពាវនាវឱ្យមានបាតុកម្មដោយគ្មានការអនុញ្ញាត។
សេចក្តីសម្រេចរបស់តុលាការនឹងចូលជាធរមានភ្លាមៗ ប៉ុន្តែនឹងមិនប៉ះពាល់ដល់កម្មវិធីផ្ញើសារ WhatsApp ទេ។ Meta ក៏ត្រូវបានហាមឃាត់មិនឱ្យធ្វើអាជីវកម្មនៅក្នុងប្រទេសរុស្ស៊ីផងដែរ ខណៈដែលការិយាល័យអគ្គព្រះរាជអាជ្ញា និងសេវាសន្តិសុខសហព័ន្ធរបស់រុស្ស៊ីក៏បានចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកនេះដែរថា បានធ្វើសកម្មភាពប្រឆាំងនឹងរុស្ស៊ី ក៏ដូចជាកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ លោក ឈឹម ទីណា