សមត្ថកិច្ចចម្រុះ ចុះរុះរើដំបូលបែរត្រី នៅលើទឹកទន្លេ ក្នុងភូមិសាស្ត្រឃុំឆ្នុកទ្រូ ស្រុបរិបូណ៌
ខេត្តកំពង់ឆ្នាំង ៖ អភិបាលរងស្រុកបរិបូណ៌នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ និងអាជ្ញាធរឃុំឆ្នូកទ្រូ ចុះធ្វើការុះរើដំបូលលើបែរត្រី ដែលបន្លំឱ្យមនុស្សរស់នៅលើផ្ទៃទឹកជាថ្មីប្រឆាំងនឹងបទបញ្ជា របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ។
លោក ផល សុភាព អភិបាលរង ស្រុកបរិបូណ៌ បានឲ្យដឹងថា៖ ដោយទទួលបានបទបញ្ជាពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ឋិ អភិបាលខេត្តកំពង់ឆ្នាំង ស្ដីមានអ្នកលួចចូលទៅរស់នៅលើផ្ទៃទឹក ដោយប្រក់ដំបូលបន្លំរស់នៅជាមួយបែរត្រី នៅព្រឹកនេះ លោកបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ដែលមានប្រមាណជាង ២០នាក់ រួមទាំងអាជ្ញាធរភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ បានចុះណែនាំឲ្យម្ចាស់ បែត្រីទាំងនោះរុះរើដំបូលចេញដោយខ្លួនឯងផង និងកន្លែងខ្លះ មានកងកម្លាំងសមត្ថកិច្ចជួយផង ។ ចំពោះការអនុវត្តនៅព្រឹកនេះគឺបានរុះរើដំបូលបែត្រីធំៗ ចំនួន ៤កន្លែង ដែលមួយកន្លែងៗ មានទំហំជាង ៨០ម៉ែត្រការ៉េឡើងទៅ ។
លោក អភិបាលរងស្រុកបរិបូរណ៌ បានបន្តថា ៖ ម្ចាស់បែត្រីដែលបន្លំប្រក់ដំបូលនិងលួចរស់នៅបែបនេះ គឺបានប្រឆាំងនឹងអនុសាសន៍ របស់អាជ្ញាធរខេត្តដែលតម្រូវឱ្យអ្នករស់នៅលើផ្ទៃទឹកទាំងអស់ឡើងទៅរស់នៅលើគោក ។ ជាមួយគ្នានោះដែរលោកក៏បានណែនាំហាមដាច់ខាតមិនឱ្យមានការលួចមករស់នៅលើផ្ទៃទឹកទៀតឡើយ ហើយបើពុំនោះទេនឹងត្រូវទទួលទោសចំពោះមុខច្បាប់ ហើយផែនការនេះ នឹងធ្វើបន្តទៀត ព្រោះមិនទាន់អស់នៅឡើយ ។
គួររំលឹកដែរថាកន្លងទៅរដ្ឋបាលខេត្តកំពង់ឆ្នាំងបានដាក់ចេញនូវផែនការ ផ្លាស់ទីប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្ដែតទឹក ឱ្យឡើងមករស់នៅលើគោកវិញ ដែលក្នុងនោះមានស្រុកកំពង់ត្រឡាច ស្រុកជលគិរី ស្រុកកំពង់លែង ស្រុកបរិបូណ៌ និងជាពិសេសក្រុងកំពង់ឆ្នាំង ហើយប្រជាពលរដ្ឋ ១០០% បានឡើងមករស់នៅលើគោក តាមការរៀបចំរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ប៉ុន្តែកន្លងទៅនៅតែមានជនឆ្លៀត
ឱកាសលួចចូលទៅរស់នៅលើទឹកដោយបន្លំធ្វើជាបែរត្រីនៅពីក្រោម ប្រក់ដំបូលនិងរស់នៅពីលើ ដែលការធ្វើបែបនេះ អាជ្ញាធរខេត្តមិនអនុញ្ញាត្តិឡើយ ៕សុខ គឹមសៀន






