ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន បសំណេះសំណាលជាមួយក្រុមប្រឹក្សាក្រុង និងក្រុមប្រឹក្សាសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ឆ្នាំង
កំពង់ឆ្នាំង ៖ ឯកឧត្តមបណ្ឌិត សភាចារ្យអ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោកជំទាវកែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានជួបណេះសំណាលជាមួយ ប្រឹក្សាក្រុង និងក្រុមប្រឹក្សាសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ឆ្នាំង នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នៅសាលាក្រុងកំពង់ឆ្នាំង ។
លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំងបានរាយការណ៍ពីវឌ្ឍនភាពការងារដោះស្រាយទំនាស់នានា ការបំរើសេវា ការធានាសន្តិសុខជូនប្រជាពលរដ្ឋ និងបញ្ហាផ្សេងៗជាច្រើនទៀតក្នុងក្រុងកំពង់ឆ្នាំង ព្រមទាំងដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋទទួលបានលទ្ធផលល្អ ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សភាចារ្យអ៊ុក រ៉ាប៊ុន បានថ្លែងនូវការកោតសរសើរការខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្រុង សង្កាត់ លើការអភិវឌ្ឍក្រុង ឱ្យកាន់តែមានសោភ័ណភាព ដើម្បីទទួលស្វាគមន៍ដល់ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ចូលមកទស្សនាកម្សាន្តនៅក្រុងកំពង់ឆ្នាំងដោយធានាបានសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍បានល្អប្រសើរផងដែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានផ្តាំផ្ញើដល់អាជ្ញាធរក្រុង សង្កាត់ទាំង៤ត្រូវបន្តបំរើសេវាសាធារណ ដោះស្រាយបញ្ហាប្រឈមនិងណូមពរជូនប្រជាពលរដ្ឋ អោយបានទាន់ពេលវេលាស្របតាមយន្តការច្បាប់។ ជាពិសេសអនុវត្តអោយបានល្អនូវគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពព្រមទាំងការត្រៀមខ្លួនឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នាពេលខាងមុខ និងពង្រឹងការងារទប់ស្កាត់ជម្ងឺកូវីដ១៩ ដែលជាភារកិច្ចការពារសុខភាពនិងអាយុជីវិតរបស់ប្រជាជន , ពង្រឹងការថែរក្សាអនាម័យបរិស្ថាន និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងកំពង់ឆ្នាំងឱ្យកាន់តែប្រសើរថែមទៀត ។
ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន បានឧបត្ថម្ភដល់ មេឃុំ ចៅសង្កាត់ នូវថវិកា ក្នុងម្នាក់ៗចំនួន ៥០០០០រៀល ផងដែរ ៕ សុខ គឹមសៀន