គ.ជ.ប រកឃើញគណបក្សភ្លើងទៀនយកឈ្មោះប្រជាពលរដ្ឋទៅដាក់ឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប ដែលមានសមាសភាព៩រូប ដឹកនាំដោយឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃគ.ជ.ប កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានបើកសវនាការជាសាធារណៈ ដើម្បីដោះស្រាយពាក្យបណ្តឹងលេខ០៥១ ដែលប្រជាពលរដ្ឋប្តឹងបដិសេធបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀននៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ គ.ជ.ប បានឱ្យដឹងថា ដើមបណ្តឹងឈ្មោះ ម៉ៅ មុន្នី ភេទប្រុស កើតថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៨៤ ជាប្រជាពលរដ្ឋ មានទីលំនៅ ផ្ទះលេខ២២អឺ០អឺ១ ផ្លូវលេខ៣៧៤ ភូមិ៥ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានឆ្លើយនៅក្នុងអង្គសវនាការថា ឈ្មោះបេក្ខជន៤រូប ក្នុងបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀននៅសង្កាត់ទួលស្វាយព្រៃទី១ គឺពួកគាត់មិនបានសរសេរ និងផ្តិតមេដៃ ឬចុះហត្ថលេខាលើជីវប្រវត្តិសង្ខេប និងសេចក្តីប្រកាសយល់ព្រមឈរឈ្មោះជាបេក្ខជននៃគណបក្សភ្លើងទៀនទេ។
តាមការឆ្លើយបំភ្លឺរបស់លោក យ៉ែម សារ៉ាក់ តំណាងគណបក្សភ្លើងទៀន នាពេលសវនាការ បានទទួលស្គាល់ថា បេក្ខជនទាំងបួនរូបខាងលើពិតជាមិនបានបំពេញឯកសារដូចការលើកឡើងរបស់ដើមចោទប្រាកដមែន ហើយលោកក៏ទទួលស្គាល់របាយការណ៍ស្តីពីការចុះស៊ើបអង្កេត និងស្រាវជ្រាវរបស់មន្ត្រីអគ្គលេខាធិការដ្ឋាន គ.ជ.ប ដែលបានបញ្ជាក់ចម្លើយរបស់លោក សួន វណ្ណី អនុប្រធានទី២ ក្រុមការងារគណបក្សភ្លើងទៀននៅខណ្ឌបឹងកេងកង ថា បេក្ខជនឈរឈ្មោះរបស់គណបក្សភ្លើងទៀនមួយចំនួនមិនបានបំពេញ និងចុះហត្ថលេខាលើជីវប្រវត្តិសង្ខេប និងសេចក្តីប្រកាសយល់ព្រមឈរឈ្មោះជាបេក្ខជនដោយផ្ទាល់នោះទេ គឺក្រុមការងាររបស់គណបក្សភ្លើងទៀន ជាអ្នកបំពេញ និងចុះហត្ថលេខាជំនួស។
បន្ទាប់ពីបានពិនិត្យនិងពិចារណាគ្រប់អង្គហេតុ និងអង្គច្បាប់រួចមក ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប យល់ឃើញថា ផ្អែកតាមមាត្រា ៤២ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងចំណុច ៦.៦.៣.៥ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជីវប្រវត្តិសង្ខេប និងសេចក្ដីប្រកាសយល់ព្រមឈរឈ្មោះរបស់បេក្ខជនត្រូវបំពេញផ្ទាល់ដៃរបស់បេក្ខជនម្នាក់ៗ។
ដោយយល់ឃើញថា គណបក្សភ្លើងទៀនបានអនុវត្តខុសពីបទប្បញ្ញត្តិ ដូចមានចែងក្នុងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងបទបញ្ជា និងនីតិវិធីសម្រាប់ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប បានសម្រេចយល់ព្រមតាមពាក្យបណ្ដឹង ដោយលុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៃគណបក្សភ្លើងទៀន នៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងឱ្យគណៈកម្មការរៀបចំការបោះឆ្នោតសង្កាត់ទួលស្វាយព្រៃទី១ បដិសេធ និងលុបបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀនក្នុងសង្កាត់ទួលស្វាយព្រៃទី១ ព្រមទាំងដកហូត និងបដិសេធពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ និងសេចក្ដីសម្រេចរបស់ គឃ.សប (ទម្រង់បែបបទ ១០០៨) នៃគណបក្សភ្លើងទៀន សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប បានប្រកាសជាសាធារណៈ នៅចំពោះមុខគូភាគី និងមេធាវីតំណាង ជាសេចក្ដីសម្រេចស្ថាពរបិទផ្លូវតវ៉ា៕
ដោយ៖ពលជ័យ