សហព័ន្ធការ៉ាតេអាស៊ីអាគ្នេយ៍ បោះឆ្នោតគាំទ្រប្រធានអាណត្តិថ្មី ខណៈឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា ជាប់ឆ្នោតជាអនុប្រធានទី៣

CAMSOC-ភ្នំពេញ៖ សហព័ន្ធកីឡាការ៉ាតេអាស៊ីអាគ្នេយ៍ បានរៀបចំសន្និបាត នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារ DYVITH រាជធានីភ្នំពេញ ដោយសមាជិកបានបោះឆ្នោតគាំទ្រប្រធានសហព័ន្ធអាណត្តិថ្មី ជាជនជាតិវៀតណម ខណៈឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា អនុប្រធានសហព័ន្ធការ៉ាតេកម្ពុជា ជាប់ជាអនុប្រធានទី៣។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាការ៉ាតេកម្ពុជា ថ្លែងក្រោយបញ្ចប់សន្និបាតនេះថា កម្ពុជាបានទទួលរៀបចំធ្វើជាម្ចាស់ផ្ទះសន្និបាតសហព័ន្ធការ៉ាតេអាស៊ីអាគ្នេយ៍ ហើយលទ្ធផលដែលទទួលបានរួមមាន៖ ប្រធានសហព័ន្ធអាស៊ីអាគ្នេយ៍ ដែលជាជនជាតិម៉ាឡេស៊ី អាណត្តិចាស់ បានចប់អាណត្តិ ហើយប្រធានសហព័ន្ធអាណត្តិថ្មី ឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ ជាជនជាតិវៀតណាម ខណៈឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា ជាប់ឆ្នោតជាអនុប្រធានទី៣ និងឯកឧត្តម ណុប វណ្ណថារ៉ូ អគ្គលេខាធិការរង សហព័ន្ធការ៉ាតេកម្ពុជា ត្រូវបានតែងតាំងជាសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធការ៉ាតេអាស៊ីអាគ្នេយ៍។ សន្និបាតនេះ ទទួលបានការគាំទ្រចំនួន៩ប្រទេស បានចូលរួមផ្លាស់ប្តូរយោបល់ បើទោះបីជា២ប្រទេសទៀត មិនបានចូលរួមក្តី ក៏ដំណើរការសន្និបាតនេះ ទទួលបាននូវស្មារតីសាមគ្គីភាពយ៉ាងល្អប្រសើរ។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ទៀតថា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំសន្និបាតនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានផ្តល់អនុសាសន៍ឲ្យយើងជាអ្នករៀបចំធ្វើម្ចាស់ផ្ទះកម្ពុជាជំរុញធ្វើយ៉ាងណាឲ្យការរៀបចំ និងស្វាគមន៍សមាជិកទាំងអស់ ឲ្យទទួលបាននូវភាពកក់ក្តៅ ទាំងការរៀបចំសន្និបាតនេះ និងការរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ លើកទី៩ នាថ្ងៃទី២៥-២៧ ខែមីនា ឆ្នាំ២០២២នេះ។

ឯកឧត្តមសង្កត់ធ្ងន់ថា យើងមានថ្នាក់ដឹកនាំការ៉ាតេកម្ពុជា នៅក្នុងការដឹកនាំរបស់សហព័ន្ធកីឡាការ៉ាតេអាស៊ីអាគ្នេយ៍។ នេះគឺជារឿងល្អប្រសើរណាស់ សម្រាប់កម្ពុជាក្នុងដំណើរឆ្ពោះទៅរៀបចំការប្រកួត កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូង។ «វៀតណាមធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣១ នាខែឧសភា ឆ្នាំ២០២២នេះ។ គេទទួលបានឱកាសធ្វើជាប្រធាន ជារឿងល្អ សម្រាប់ស៊ីហ្គេមរបស់គេផងដែរ។ ប៉ុន្តែអ្វីដែលសំខាន់ គឺកម្ពុជាក៏មានសមាសភាពដឹកនាំ នៅក្នុងសហព័ន្ធការ៉ាតេអាស៊ីអាគ្នេយ៍ដែរ»។

នេះគឺជាគោលបំណង និងជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលជំរុញឲ្យយើងខិតខំអភិវឌ្ឍទាំងផ្នែកជំនាញ ទាំងផ្នែកការគ្រប់គ្រង ដឹកនាំ ក្នុងចលនាកីឡាការ៉ាតេ នៅក្នុងតំបន់ ទ្វីប និងពិភពលោក ជាបន្តបន្ទាប់តទៅមុខទៀត។

«ក្រោមការជំរុញទឹកចិត្តដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ យើងខ្ញុំជាប្រតិបត្តិករកីឡារបស់សហព័ន្ធទាំងអស់ ពិតជាខិតខំអស់ពីសមត្ថភាព ដើម្បីលើកកម្ពស់ឲ្យការរៀបចំធ្វើម្ចាស់ផ្ទះ សន្និបាត និងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នេះ ឲ្យទទួលបានលទ្ធផលល្អ ជាពិសេសគឺប្រឹងប្រែងកសាងនូវអនុស្សាវរីយ៍ល្អៗរបស់កម្ពុជា ជូនដល់សមាជិកអាស៊ីអាគ្នេយ៍ទាំងអស់ រួមទាំងសុខសុវត្ថិភាពទៀតផង។ ជារួម យើងនឹងខិតខំធ្វើឲ្យព្រឹត្តិការណ៍នេះ ទទួលបានជោគជ័យ»៕ចាន់ វិចត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner