យោធាបេឡារុសអាចចូលរួមសង្គ្រាមអ៊ុយក្រែន «ឆាប់ៗនេះ» បើតាមការអះអាងមន្ត្រីលោកខាងលិច
សហរដ្ឋអាមេរិក និងណាតូ ជឿថា «ឆាប់ៗនេះ» បេឡារុសអាចចូលរួមជាមួយរុស្ស៊ី ក្នុងការលុកលុយចូលប្រទេសអ៊ុយក្រែន នេះបើតាមការរាយការណ៍ដោយ CNN ផ្អែកប្រភពមួយចំនួន ដែលបាននិយាយថាប្រទេសនេះបានចាត់វិធានការរួចរាល់ហើយដើម្បីត្រៀមធ្វើបែបនេះ។
មន្ត្រីយោធាអង្គការណាតូមួយរូបនិយាយបេឡារុស «ទំនង» នឹងចូលរួមសង្គ្រាមនេះ ដោយសារការលុកលុយរបស់រុស្ស៊ីគឺកំពុងត្រូវការជំនួយយ៉ាងខ្លាំង។ មន្ត្រីចារកម្មណាតូមួយរូបនិយាយដោយឡែកថារដ្ឋាភិបាលបេឡារុសគឺកំពុងរៀបចំបរិស្ថានដើម្បី «បង្កើតហេតុផលសម្រាប់ការវាយលុកដោយបេឡារុសប្រឆាំងនឹងអ៊ុយក្រែន»។
ប្រភពគណបក្សប្រឆាំងបេឡារុស បាននិយាយថាកងកម្លាំងបេឡារុសរាប់ពាន់នាក់បានត្រៀមខ្លួនដើម្បីឆ្លងចូលប្រទេសអ៊ុយក្រែន នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ក្នុងទស្សនៈរបស់ប្រភពនេះការចូលរួមរបស់បេឡេរុសគឺមិនមានសូវមានផលប្រយោជន៍យោធាប៉ុន្មានទេ ប៉ុន្តែមានឥទ្ធិពលភូមិសាស្ត្រនយោបាយដ៏ធំមួយសម្រាប់រុស្ស៊ី ដែលអាចធ្វើការអះអាងថាមានប្រទេសចូលរួមជាមួយគាំទ្រមួយខ្លួន។
ប្រទេសរុស្ស៊ី បានប្រើប្រាស់ទឹកដីរបស់បេឡារុសដើម្បីបើកការវាយប្រហារឆ្ពោះទៅកាន់ក្រុងគៀវ ដោយកាលពីមុនសង្គ្រាមចាប់ផ្ដើម ក្រុងម៉ូស្គូបានអះអាងថាទាហានរាប់ម៉ឺននាក់ប្រមូលផ្ដុំក្នុងទឹកដីនោះគឺដើម្បីធ្វើសមយុទ្ធរួមគ្នាជាមួយកងកម្លាំងបេឡេរុស។ រហូតមកដល់ពេលនេះបេឡារុសមិនទាន់បញ្ជូនជាផ្លូវការទាហានរបស់ខ្លួនឱ្យចូលរួមក្នុងការលុកលុយរបស់រុស្ស៊ី ប៉ុន្តែបានរងការដាក់ទណ្ឌកម្មយ៉ាងខ្លាំងពីលោកខាងលិច ដោយសារការអនុញ្ញាតឱ្យកងកម្លាំងរុស្ស៊ីប្រើប្រាស់ទឹកដីរបស់ខ្លួនក្នុងការលុកលុយនេះ។
បន្ថែមពីលើនេះ បេឡារុសបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ខ្លួនកាលពីខែមុន ដែលអាចអនុញ្ញាតឱ្យរុស្ស៊ីដាក់ពង្រាយទ័ព ឬអាវុធនុយក្លេអ៊ែរជាអចិន្ត្រៃយ៍នៅក្នុងទឹកដីរបស់ខ្លួន៕
ប្រភព៖ CNN