រុស្ស៊ី បង្គាំងបំពង់បង្ហូរប្រេងដ៏សំខាន់ ជាការគំរាមកំហែងបន្ថែមទៀតដល់ការផ្គត់ផ្គង់ពិភពលោក
ប្រទេសរុស្ស៊ី កំពុងកាត់បន្ថយសមត្ថភាពបង្ហូរប្រេងដ៏សំខាន់ ដែលបញ្ជូនប្រេងឆៅទៅកាន់ទីផ្សារពិភពលោក ដែលជាកត្តាជំរុញឱ្យតម្លៃឡើងថ្លៃ និងបង្កើនការភ័យខ្លាចថា ទីក្រុងម៉ូស្គូ ត្រូវបានរៀបចំឡើង ដើម្បីសងសឹកប្រឆាំងនឹងទណ្ឌកម្មរបស់លោកខាងលិច ដោយគំរាមគំហែងលើការផ្គត់ផ្គង់ថាមពលរបស់ខ្លួនលើពិភពលោក។
អនុរដ្ឋមន្ត្រីថាមពលរបស់រុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រេងរហូតដល់ ១ លានបារ៉ែលក្នុងមួយថ្ងៃ ដែលដឹកជញ្ជូនតាមបំពង់ Caspian Pipeline Consortium (CPC) ពីអាស៊ីកណ្តាលទៅកាន់សមុទ្រខ្មៅ អាចត្រូវបានកាត់បន្ថយរហូតដល់ ២ ខែ ខណៈពេល ដែលការជួសជុលត្រូវបានធ្វើឡើង ចំពោះកន្លែងផ្ទុកដែលរងការខូចខាតដោយព្យុះ។ នេះបើតាមឱ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន Tass កាលពីថ្ងៃអង្គារ។
ការផ្អាកការផ្គត់ផ្គង់នេះកើតឡើងនៅមុនថ្ងៃនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ទៅកាន់ទ្វីបអឺរ៉ុប ដែលគេរំពឹងថា បណ្តាប្រទេសសហភាពអឺរ៉ុប នឹងពិភាក្សាអំពីការដាក់ទណ្ឌកម្មលើវិស័យប្រេងរបស់រុស្ស៊ីជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់ប្រទេសអ៊ុយក្រែន ខណៈអាមេរិក ក៏បានហាមប្រាមការនាំចូលប្រេងពីរុស្ស៊ីរួចហើយ។
តម្លៃប្រេងអន្តរជាតិ បានកើនឡើងជាង ២ ភាគរយដល់ ១១៧ ដុល្លារក្នុងមួយបារ៉ែលភ្លាមៗ បន្ទាប់ពីការប្រកាសអំពីបំពង់បង្ហូរប្រេង។
អ្នកវិភាគ បានចោទជាសំណួរអំពីពេលវេលានៃការខូចខាត ដោយព្យុះ ដែលបានរាយការណ៍ ដោយសារតែគ្មានដៃគូខាងលិចរបស់បំពង់បង្ហូរប្រេងណា អាចត្រួតពិនិត្យគ្រឿងបរិក្ខារបានទេ។
លោក Kevin Book នាយកគ្រប់គ្រងនៅក្រុមហ៊ុន ClearView Energy Partners ដែលជាក្រុមស្រាវជ្រាវ ដែលមានមូលដ្ឋាននៅទីក្រុង Washington បាននិយាយថា៖ «ប្រសិនបើព្យុះបិទហេដ្ឋារចនាសម្ព័ន្ធ ឬ ប្រសិនបើរុស្ស៊ី បិទហេដ្ឋារចនាសម្ព័ន្ធ រុស្ស៊ីអាចសម្រេចចិត្តថាគួរបើកឡើងវិញនៅពេលណាបាន»។
បំពង់បង្ហូរប្រេង មានប្រវែង ១៥០០ គីឡូម៉ែត្រពីអណ្តូងប្រេង Tengiz ដ៏ធំនៅភាគខាងលិចប្រទេសកាហ្សាក់ស្ថានទៅកាន់កំពង់ផែ Novorossiysk នៅលើឆ្នេរសមុទ្រខ្មៅរបស់រុស្ស៊ី មានសមត្ថភាពបំពង់បង្ហូរប្រេងសរុប ប្រហែល ២,៥ ភាគរយនៃពាណិជ្ជកម្មប្រេងសមុទ្រពិភពលោក និងមានចំនួនប្រហែល ២ ភាគ ៣ នៃការនាំចេញប្រេងរបស់កាហ្សាក់ស្ថាន ដែលធ្វើឱ្យវាក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់សេដ្ឋកិច្ចរបស់ប្រទេស។
សេចក្តីថ្លែងការណ៍ចេញពីគម្រោងដឹកជញ្ជូនប្រេងឆៅអន្តរជាតិធំៗ (CPC) បានឱ្យដឹងថា៖ «លក្ខខណ្ឌទីផ្សារបច្ចុប្បន្ន ជាការយោងជាក់ស្តែង ចំពោះការដាក់ទណ្ឌកម្មលោកខាងលិចនាពេលថ្មីៗនេះ ហើយវានឹងធ្វើឱ្យវាពិបាកក្នុងការជួសជុលផ្នែកខ្លះនៃកន្លែងផ្ទុកកំពង់ផែដែលខូចខាតក្នុងអំឡុងពេលព្យុះនាពេលថ្មីៗនេះ ដែលមានន័យថា ការដឹកជញ្ជូនអាចត្រូវបានកាត់បន្ថយ ២ ភាគ ៣»។
ប្រភព៖ FT