អតិផរណាខ្ពស់ និងការប្រេះឆាជាមួយយោធា គំរាមកំហែងជីវិតនយោបាយមេដឹកនាំប៉ាគីស្ថាន
អ៊ីស្លាម៉ាបាដ៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក អ៊ីមរ៉ាន ខាន់ (Imran Khan) កំពុងតែប្រឈមមុខនឹងការគំរាមកំហែងនៃជីវិតនយោបាយរបស់លោក បន្ទាប់ពីគណបក្សនយោបាយប្រឆាំងបោះជំហានទាមទារឱ្យមានការបោះឆ្នោតដកសេចក្ដីទុកចិត្តកាលពីសប្ដាហ៍មុន ហើយក្រុមយោធាដ៏មានឥទ្ធិពលដកការគាំទ្ររបស់ខ្លួនចំពោះរដ្ឋាភិបាលរបស់លោក។
លោក ខាន់ ដែលជាអ្នកនយោបាយមានប្រវត្តិជាកីឡាករគ្រីកឃីត បានបរិហារអ្នករិះគន់ថាជាផ្នែកមួយនៃការសមគំនិតដែលទទួលឥទ្ធិពលពីអាមេរិក។ ប៉ុន្តែស្របពេលដែលការទាមទារឱ្យលោកលាលែងចេញពីតំណែងកើនឡើង អ្នករិះគន់ និងអ្នកវិភាគនិយាយថា លោកបានបាត់បង់សំឡេងភាគច្រើនក្នុងសភា ហើយវិធានការទាំងនេះទំនងជាមិនអាចផ្លាស់ប្តូរនោះបានទេ។
លោក Arif Rafiq ប្រធានក្រុមហ៊ុន Vizier Consulting ដែលជាក្រុមហ៊ុនប្រឹក្សាហានិភ័យនយោបាយក្រុងញូវយ៉កនិយាយថា៖ «លោក[ខាន់]យល់ត្រឹមត្រូវថាទីបញ្ចប់អាចជិតមកដល់។ ទោះលោកជាអ្នកតស៊ូ វាគ្រាន់តែមើលទៅ មិនដូចជាលោកនឹងរួចពីការបោះឆ្នោតដកសេចក្ដីទុកចិត្តនោះទេ»។
ប៉ាគីស្ថាន ដែលជាប្រទេសមូស្លីមធំជាងគេទី២របស់ពិភពលោក មានការស្ទាក់ស្ទើរចំពោះយុទ្ធនាការប្រឆាំងភេរវកម្មជាមួយនឹងដៃគូអាមេរិកដ៏សំខាន់។ ប្រទេសដែលមានអាវុធនុយក្លេអ៊ែរនេះ បានគាំទ្ររដ្ឋាភិបាលតាលីបង់នៅអាហ្វហ្គានីស្ថាននោះ ហើយរសាត់ចេញពីសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក ខាន់ និងឱបក្រសោបភាពជាដៃគូយុទ្ធសាស្ត្រជាមួយចិន និងទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី។
ខណៈដែលគណបក្សប្រឆាំងជំរុញឱ្យមានទំនាក់ទំនងសហប្រតិបត្តិការបន្ថែមទៀតជាមួយសហរដ្ឋអាមេរិក លោក ខាន់ ដែលមានជួបប្រជុំជាមួយមេដឹកនាំរុស្ស៊ីញឹកញយនោះ បានបដិសេធមិនអនុញ្ញាតឱ្យ C.I.A. របស់អាមេរិក ប្រើប្រាស់មូលដ្ឋានទ័ពប៉ាគីស្ថានសម្រាប់ប្រតិបត្តិការប្រឆាំងភេរវកម្ម នៅក្នុងប្រទេសអាហ្វហ្គានីស្ថាននោះទេ។
យ៉ាងណាមិញ ការគំរាមកំហែងផ្នែកនយោបាយសម្រាប់លោក ខាន់ គឺជាបញ្ហាចម្បងក្នុងស្រុក។ ប៉ាគីស្ថានកំពុងរងសម្ពាធនៃការកើនឡើងអតិផរណាដ៏ខ្ពស់ ដែលជំរុញនាំឱ្យមានការមិនពេញចិត្ត និងការរិះគន់លោក ខាន់ ថាគ្រប់គ្រងប្រទេស និងសេដ្ឋកិច្ចមិនត្រឹមត្រូវ បន្ថែមពីលើការដើរផ្លូវខុសលើទំនាក់ទំនងការបរទេស។
ជាមួយគ្នានោះ ភាពប្រេះស្រាំជាមួយក្រុមយោធា ក៏កើតមាននៅពេលដែលមានរឿងចម្រូងចម្រាសដែលថាលោក ខាន់ អាចនឹងលើកជំនួយការរបស់លោកដែលជាអតីតប្រធានអង្គភាពចារកម្ម លោកឧត្តមសេនីយ៍ Faiz Hamid ឱ្យទទួលបន្ទុកលើដំណែងមេដឹកកងទ័ព។
ការគំរាមកំហែងនៃជីវិតនយោបាយរបស់លោក ទំនងជានឹងកើតមានក្នុងការបោះឆ្នោតនៅសភានៅសប្តាហ៍ក្រោយ។ គណបក្សនយោបាយសម្ព័ន្ធមិត្តធំៗចំនួន ៣ របស់លោក ខាន់ ដែលជាផ្នែកមួយនៃសម្ព័ន្ធចម្រុះគ្រប់គ្រង ឥឡូវនេះប្រកាសថា ពួកគេអាចចូលរួមជាមួយគណបក្សប្រឆាំងនៅក្នុងការបោះឆ្នោតសភា ដែលអាចឱ្យវាមានសម្លេងគ្រប់គ្រាន់ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក ខាន់។
មេដឹកនាំគណបក្សប្រឆាំងក៏អះអាងថា មានការគាំទ្រពីអ្នកប្រឆាំងរាប់សិបនាក់នៅក្នុងគណបក្សប៉ាគីស្ថាន Tehreek-e-Insaf របស់លោក ខាន់ ផ្ទាល់។ កាលពីសប្តាហ៍មុន ភាពរំជើបរំជួលផ្ទៃក្នុងបក្សរបស់លោកកើតឡើង នៅពេលសមាជិកសភានៃបក្សរាប់សិបនាក់ដកការគាំទ្រ ទាំងចោទប្រកាន់មេដឹកនាំរបស់ខ្លួនថាបរាជ័យក្នុងការដោះស្រាយអតិផរណា ខណៈដែលការបោះឆ្នោតដកសេចក្ដីទុកចិត្តមិនទាន់ប្រព្រឹត្តទៅផង។
លោក Mustafa Nawaz Khokhar សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំងប៉ាគីស្ថាននិយាយក្នុងបទសម្ភាសន៍មួយថា៖ «សម្ព័ន្ធភាពកាន់អំណាចបានបាត់បង់ការគាំទ្រភាគច្រើន។ យោធាក៏ហាក់ដូចជាមិនចាប់អារម្មណ៍ក្នុងការជួយសង្គ្រោះលោក ខាន់ ដែរ។ បញ្ហានៃការគ្រប់គ្រងសេដ្ឋកិច្ចខុស ក៏មានច្រើនអនេកមិនអាចទប់ទល់រួច»។
លោក ខាន់ ជាប់ឆ្នោតក្នុងឆ្នាំ ២០១៨ ដោយឈរឈ្មោះជាអ្នកជាតិនិយម ដែលសន្យាថានឹងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ធ្វើឱ្យសេដ្ឋកិច្ចស្លេកស្លាំងរបស់ប្រទេសនេះដើរលើផ្លូវត្រូវឡើងវិញ និងរក្សានូវគោលនយោបាយការបរទេសឯករាជ្យប្រឆាំងនឹងអាមេរិក។
ខុសពីការរំពឹងទុក លោក ខាន់ បានបរាជ័យក្នុងការរក្សាពាក្យសន្យា នៅពេលដែលបញ្ហាសេដ្ឋកិច្ចដែលមានស្រាប់ ជួបនឹងកំណើនអតិផរណា ដែលជំរុញដោយការរាំងស្ទះនៃខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោកបង្កពីជំងឺរាតត្បាត និងបញ្ហាផ្សេងទៀតដូចជាកំណើននៃតម្លៃថាមពលសកលជាដើម។ លោកក៏បន្ទោសរដ្ឋាភិបាលមុន ចំពោះបំណុលបរទេសខ្ពស់ដែលបន្សល់ទុកមកដល់លោកផងដែរ។
លោក Khurram Dastgir Khan សមាជិកសភាបក្សប្រឆាំងនិយាយក្នុងបទសម្ភាសន៍មួយថា៖ «រដ្ឋាភិបាលមិនអាចលាក់បាំងពីលេសនៃកូវីដ-១៩ សម្រាប់អតិផរណា ដែលវាយលុកប្រជាជនគ្រប់ស្រទាប់ទាំងអស់នោះទេ។ ត្រឡប់ទៅខែសីហា ២០១៩ តួលេខអតិផរណាឡើងហួស ១០ ភាគរយ។ ហើយការឡើងខ្ពស់នេះ មិនថយចុះទេចាប់ពីពេលនោះមក»។
ចំពោះរឿងចម្រូងចម្រាសមួយទៀត គឺការប្រេះស្រាំជាមួយក្រុមយោធា។ អ្នករិះគន់បានចោទលោក ខាន់ ថាអាចនឹងដំឡើងឋានន្តរស័ក្តិលោកឧត្តមសេនីយ៍ Hamid ឱ្យធ្វើជាមេទ័ពថ្មី បន្តពីលោកឧត្តមសេនីយ៍ Qamar Javed Bajwa ដែលបញ្ចប់ដំណែងនៅខែវិច្ឆិកា បង្កជាការភ័យខ្លាំងថានឹងមានការចាប់ខ្លួន ការរឹតត្បឹត និងការគាបសង្កត់លើក្រុមប្រឆាំងបន្ថែមទៀត។
កន្លងមក ក្រុមប្រឆាំងចោទប្រកាន់ឧត្តមសេនីយ៍ Hamid ពីបទរៀបចំការបោះឆ្នោតសកលឆ្នាំ ២០១៨ ដើម្បីផ្គាប់ចិត្តរបស់លោក ខាន់ ហើយខ្លាចថា ក្នុងនាមជាមេទ័ពថ្មី លោកអាចនឹងធ្វើដូច្នេះម្តងទៀតនៅក្នុងការបោះឆ្នោតបន្ទាប់។ លោក ខាន់ និងមន្ត្រីយោធាផ្សេងៗបដិសេធចំពោះការចោទប្រកាន់បែបនេះថា ប៉ុន្តែការគាំទ្រដំបូងរបស់យោធារបស់លោក ខាន់ ត្រូវបានគេគិតថា ជាហេតុផលចម្បងសម្រាប់ការឡើងកាន់អំណាចរបស់លោក។
អ្នកវិភាគនិយាយថា លទ្ធភាពបែបនេះនឹងបង្កជាការប្រេះឆាជាមួយក្រុមយោធា ដែលជាកត្តាសំខាន់បំផុតក្នុងវិបត្តិនយោបាយបច្ចុប្បន្ន នៅពេលយោធាដែលគាំទ្រលោក ខាន់ រយៈពេល ៣ ឆ្នាំកន្លងមក ដកខ្លួនចេញ។ ប៉ុន្តែការបែកបាក់រវាងលោក ខាន់ និងយោធា បានកើតឡើងតាំងពីឆ្នាំមុន ក្រោយលោក ខាន់ រារាំងការផ្ទេរទម្លាប់របស់យោធា ហើយទទូចឱ្យលោកឧត្តមសេនីយ៍ Hamid បន្តធ្វើជាប្រធានចារកម្ម។ ប៉ុន្តែការណ៍នេះមិនបានសម្រេចទេ ហើយឧត្តមសេនីយ៍ Hamid ក៏ត្រូវបញ្ជូនទៅកាន់តំណែងជាមេបញ្ជាការកងទ័ពសហភាពនៅក្រុង Peshawar ។
ប្រភព៖ New York Times