អាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច បង្កើនការដាក់ទណ្ឌកម្មលើរុស្ស៊ី
សេតវិមាន បានបង្ហាញសញ្ញាថាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនមានបំណងបង្កើនការដាក់ទណ្ឌកម្មលើរុស្ស៊ីនៅសប្ដាហ៍នេះ ខណៈពេលដែលខ្លួននិយាយថាសង្គ្រាមនៅទឹកដីអ៊ុយក្រែន «នឹងមិនបញ្ចប់ដោយងាយ ឬឆាប់រហ័សឡើយ»។
ទីប្រឹក្សាសន្តិសុខអាមេរិកលោកជេក ស៊ួលីវ៉ាន់បាននិយាយថាលោកចូ បៃដិនគ្រោងនឹងប្រកាសវិធានការទាំងនេះក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទ្វីបអឺរ៉ុប ដែលចាប់ផ្ដើមនៅនៅទីក្រុងប្រ៊ុចសែល ដោយប្រធានាធិបតីអាមេរិករូបនេះគ្រោងជួបជាមួយដៃកូណាតូ និងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុប និងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសអ្នកមាន G7។
លោកស៊ូលីវ៉ាន់និយាយថា៖ «លោកប្រធានាធិបតីនឹងចូលជាមួយដៃគូរបស់យើងក្នុងការដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសរុស្ស៊ី ហើយរឹតបន្តឹងទណ្ឌកម្មដែលមានស្រាប់ ដើម្បីបង្ក្រាបការគេចវេះ និងធានាការអនុវត្តដ៏រឹងមាំ»។ បើទោះជាយ៉ាងនេះក៏ដោយលោកស៊ូលីវ៉ាន់ បានបដិសេធមិនបញ្ជាក់ថាវិធានការដាក់ទណ្ឌកម្មបន្ថែមនឹងរួមមានអ្វីខ្លះទេ។
យ៉ាងណាមិញលោកស៊ូលីវ៉ាន់និយាយថាលោកបៃដិន នឹងពិភាក្សាអំពីការកែសម្រួលរយៈពេលវែងចំពោះវត្តមានរបស់ណាតូនៅក្នុងផ្នែកខាងកើតរបស់អឺរ៉ុប ក៏ដូចជាសកម្មភាពរួមគ្នាលើការពង្រឹងសន្តិសុខថាមពលក្នុងតំបន់ និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលឧស្ម័នរបស់រុស្ស៊ី។
លោកបៃដិនក៏នឹងធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញ ដោយនៅទីនោះលោកជួបសំណេះសំណាលជាមួយទាហានអាមេរិក ដែលដាក់ពង្រាយក្នុងបេសកកម្មរបស់ណាតូ៕
ប្រភព៖ FT