គុយ ជាលតាជាតិមួយប្រភេទ ដែលដុះតោងដើមឈើធំៗ ក្នុងព្រៃក្រាស់

ឈ្មោះខ្មែរ៖ វល្លិគុយ
ឈ្មោះវិទ្យាសាស្ត្រ ៖ Willughbeia edulis Roxb.

គុយជា លតាជាតិមួយប្រភេទដែលដុះតោងដើមឈើធំៗ ក្នុងព្រៃក្រាស់ ដែលមានប្រវែងរហូតដល់ ៣០ម ដោយដើមមានសណ្ឋានជាឈើ ធំជាង លតាជាតិដ៏ទៃទៀត ជារុក្ខជាតិស្ទើរគ្មានស្លឹក ! សំបកដើមមានសភាពរលោង និងមានពណ៌ត្នោត ផ្នែកនីមួយៗនៃដើមមានជ័រពណ៌សដូចទឹកដោះគោ ច្រើនមានដុះនៅក្នុងព្រៃធំ ព្រៃស្រោង ព្រៃស្បាត និងព្រៃរបោះតាមចម្រាក់ភ្នំ គុយជារុក្ខជាតិដែលបន្តពូជដោយគ្រាប់ ! ស្លឹកគុយ ច្រើនដុះតម្រៀបទល់មុខគ្នាជាគូ ស្លឹកមានរាងពងក្រពើ ចុងនៃស្លឹកស្រួចនិងស្តើង គែមនៃស្លឹកមានសណ្ឋានរលោង ឬ រលកបន្តិច ! ស្លឹកមានទទឹង ៥-៧ សង់ទីម៉ែត្រ បណ្តោយ ១០-១៤ សង់ទីម៉ែត្រ បន្ទះស្លឹកមានពណ៌បៃតង ស្លឹកក្រាស់ ផ្នែកខាងលើរលោង ផ្នែកខាងក្រោមគឺមានលក្ខណៈគគ្រាត មានស្លឹកប្រហែល ១៥-១៦ គូ ស្លឹកមានរោមនៅផ្នែកខាងលើ ទងស្លឹកមានប្រវែងប្រហែល ១-២ សង់ទីម៉ែត្រ!

ផ្ការីកនៅខែ កុម្ភៈ ដល់ខែមីនា
ផ្លែគុយ ជាផលផ្លែមានសាច់ជោ និងគ្រាប់ ផ្លែមានរាងមូល ឬ រាង
ពងក្រពើ សំបកក្រាស់ មានទំហំជាមធ្យម ៥.៨-៧.២ ស.ម សាច់ផ្លែមានជាតិទឹកច្រើន សំបកមានជ័រស្អិត មានគ្រាប់វែង ទំហំប្រហែល ០.៨-១.២ ស.ម !

គុណប្រយោជន៍ ៖

នៅប្រទេសម៉ាឡេស៊ី ឫសត្រូវបានគេយកទៅស្ងោរផឹក ជាឱសថព្យាបាលជំងឺខាន់លឿងដែលបណ្ដាលមកពីជំងឺគ្រុនចាញ់ (ឫស)

ឫសមានរសជាតិហិល បើយកមកស្ងោរផឹកជាថ្នាំព្យាបាលឈឺបំពង់ក និងឈឺទ្រូង (ឫស)

វល្លិ ដើម ឬឫស ស្ងោរផឹកជាថ្នាំព្យាបាលរោគរាគ (វល្លិ ដើម ឫស)

ផ្លែគុយទុំយកមកបរិភោគ ជួយរំអិលពោះវៀន ធ្វើឱ្យងាយស្រួលក្នុងការបញ្ចេញចោល (ផ្លែទុំ)

ដើមស្ងោរនឹងទឹកផឹកជាឱសថព្យាបាលការក្រិនថ្លើម (ដើម)

តាមក្បួនឱសថបុរាណភាគខាងត្បូងនៃប្រទេសថៃ គេយកដើមមកស្ងោរជាមួយទឹកផឹកជាថ្នាំព្យាបាលការហូរទឹករងៃ (ដើម)

ផ្លែខ្ចីមានរសជាតិជូរ គេប្រើផ្លែខ្ចី ហាលស្ងួត យកទៅដុតបន្ទាប់មកលាយជាមួយទឹក ប្រើជាថ្នាំព្យាបាលរបួស (ផ្លែខ្ចី)

ជ័រយកលាបលើមុខរបួស ជួយផ្សះរបួសអោយឆាប់ជា(ជ័រ)

ដើមយកមកស្ងោរជាមួយទឹកផឹកជាឱសថព្យាបាលជំងឺអសន្ទរោគ (ដើម)

ឫសត្រូវហាន់ល្អិតៗ ហើយប្រើជាឱសថព្យាបាលជំងឺខាន់លឿងចំពោះទារក (ឫស)

ដើមត្រូវស្ងោរជាមួយទឹកផឹកជាឱសថលើកកំលាំង ! ឫស និងវល្លិក៏មានលក្ខណៈសម្បត្តិជាថ្នាំប៉ូវកំលាំងផងដែរ (ដើម វល្លិ ឫស)

គ្រូឱសថបុរាណនៅខេត្តឧប៊ុនរាជធានី បានយកវល្លិគុយមកស្ងោរជាមួយទឹកផឹកជាឱសថព្យាបាលជំងឺខ្វិន (វល្លិ)
អត្ថប្រយោជន៍ ៖

ផ្លែគុយទុំ មានរសជាតិផ្អែមនិងជូរ អាចបរិភោគបាន

វល្លិត្រូវបានគេប្រើជំនួសខ្សែរសម្រាប់ចងរបស់របរ

ឫសគេអាចយកមកផលិតជាថ្នាំពណ៌ ដោយវាផ្តល់ពណ៌ក្រហម៕

ប្រភព៖ ក្រសួងបរិស្ថាន
អួន ស្រីរុំ

អួន ស្រីរុំ
អួន ស្រីរុំ
ជាអ្នកយកព័ត៌មានជាតិ សម្រួលអត្ថបទព័ត៌មាន បញ្ជូលសម្លេង កាត់តសម្លេង និងផលិតបទយកការណ៍។ មានបទពិសោធន៍ច្រើនឆ្នាំ នៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ព្រមទាំងមានទំនាក់ទំនងល្អជាមួយក្រុមការងារផងដែរ។
ads banner
ads banner
ads banner