ថេង គឹមឈា ចាត់ទុកជើងឯកកីឡាការ៉ាតេអាស៊ីអាគ្នេយ៍ ប្រៀបដូចការប្រកួតស៊ីហ្គេមដូច្នោះដែរ
ភ្នំពេញ៖ កីឡាករការ៉ាតេជម្រើសជាតិកម្ពុជា ថេង គឹមឈា បានចាត់ទុកការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ប្រៀបដូចការប្រកួតកីឡាស៊ីហ្គេមដូច្នោះដែរ ទាំងការរៀបចំ ការប្រកួតប្រជែង និងការចូលរួម ពោលគឺខុសគ្នាតែស៊ីហ្គេមមានប្រភេទកីឡាច្រើនចូលរួមប៉ុណ្ណោះ។
ការលើកឡើងនេះ ស្របពេលកម្ពុជា កំពុងដំណើរការរៀបចំការប្រកួតកីឡាការ៉ាតេ ជ្រើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៩ ដែលគ្រោងនឹងចាប់ផ្ដើមការប្រកួតផ្លូវការ ពីថ្ងៃទី២៥-២៧ ខែមីនា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលហ្វឹកហាត់កីឡាការ៉ាតេ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានប្រតិភូ និងអត្តពលិកជាង ២០០នាក់ មកពី ៩ប្រទេសចូលរួម។
គឹមឈា បានបង្ហាញការតាំងចិត្ត ក៏ដូចជាការត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួមព្រឹត្តិការណ៍ថ្នាក់តំបន់លើកដំបូងនៅកម្ពុជានេះ ទោះបីការហ្វឹកហាត់កន្លងមក ពួកគេបានជួបឧបសគ្គ ដោយសារជំងឺរាតត្បាតជាសកល កូវីដ-១៩ ក៏ដោយ។ គេរំពឹងថា ក្រុមកីឡាការ៉ាតេជម្រើសជាតិកម្ពុជា នឹងទទួលបានលទ្ធផលល្អប្រសើរទៀតផង ដើម្បីជាទុនត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម ផង និងស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ផង។
កីឡាករវ័យ ២៥ឆ្នាំរូបនេះ បន្ដថា «ក្នុងនាមម្ចាស់ផ្ទះ ខ្ញុំគិតថា ការប្រកួតនេះ ពិតជាមានសារសំខាន់ខ្លាំងមែនទែន សម្រាប់ជាស្ពានមួយឲ្យយើងវាស់ស្ទង់សមត្ថភាពរបស់កីឡាករ-កីឡាការិនីកម្ពុជា ជាមួយកីឡាករ-កីឡាការិនីនៃបណ្ដាប្រទេសផ្សេងៗ ដើម្បីត្រៀមការប្រកួតស៊ីហ្គេម នៅវៀតណាម នាខែឧសភា ឆ្នាំ២០២២ ក៏ដូចជាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ»។
អ្នកលេងវិញ្ញាសាសម្ដែង និងប្រយុទ្ធដដែលបន្ថែមថា «ការប្រកួតនេះ អាចថា ដូចជាការប្រកួតស៊ីហ្គេមដែរ ខុសគ្នាតែស៊ីហ្គេម មានប្រភេទកីឡាចូលរួមច្រើន ឯព្រឹត្តិការណ៍នេះ មានតែកីឡាការ៉ាតេ ១មុខ។ ចំពោះការរំពឹងទុក នៃការដណ្ដើមមេដាយវិញ ខ្ញុំអត់ទាន់អាចវាស់ស្ទង់បានប៉ុន្មានទេ ប៉ុន្ដែខ្ញុំជឿជាក់ថា ក្រុមកីឡាការ៉ាតេជម្រើសជាតិកម្ពុជាយើង នឹងទទួលបានមេដាយក្នុងព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ»។
សូមបញ្ជាក់ថា ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ នាចុងសប្ដាហ៍នេះ គឺមានអត្តពលិកចូលរួម ៩ប្រទេស រួមមានម្ចាស់ផ្ទះកម្ពុជា ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ពោលគឺអវត្តមានតែមីយ៉ាន់ម៉ា និងទីម័រខាងកើត ប៉ុណ្ណោះ៕ Camsoc ចាន់វិចិត្រ