ឯកឧត្តម នេត្រ ភក្រ្តា ទិវាមួយម៉ោងសម្រាប់ភពផែនដី គឺជាឱកាសល្អមួយសម្រាប់យើងទាំងអស់គ្នាបង្ហាញពីការយកចិត្តទុកដាក់ចំពោះធម្មជាតិ និងបរិស្ថាន

រាជធានីភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ ទិវាមួយម៉ោងសម្រាប់ភពផែនដី គឺជាឱកាសល្អមួយសម្រាប់យើងទាំងអស់គ្នា បង្ហាញពីការយកចិត្តទុកដាក់ចំពោះធម្មជាតិ និងបរិស្ថាន ក៏ដូចជាប្រាប់ដល់អ្នកដទៃទៀតឱ្យបានយល់ពីសារៈសំខាន់នៃធនធានធម្មជាតិចំពោះជីវិតនៅលើភពផែនដី ព្រមទាំងចូលរួមស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមជាច្រើនដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ន ជាពិសេសការប្រែប្រួលអាកាធាតុ ការខូចខាតប្រព័ន្ធអេកូឡូស៊ីដែលជាកត្តាគំរាមកំហែងសកលដល់មនុស្ស និងធម្មជាតិ ។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ បានលើកឡើងដោយបញ្ជាក់ថា”ទិវានេះផ្តល់ឱកាសសម្រាប់យើងចូលរួមអបអរ ក៏ប៉ុន្តែវាក៏ជាពេលដែលយើងត្រូវបង្ហាញឆន្ទៈដ៏មោះមុតចំពោះការការពារបរិស្ថាន និងធនធានធម្មជាតិជាតិផងដែរ ហើយការការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិនេះមិនមែនធ្វើត្រឹមរយៈពេល ១ ម៉ោងនៃការប្រារព្ធទិវានេះទេ គឺយើងត្រូវធ្វើជាប្រចាំ»។

គួរបញ្ជាក់ថា ទិវាមួយម៉ោងសម្រាប់ភពផែនដីគឺជាយុទ្ធនាការបរិស្ថានដ៏ធំមួយនៅលើពិភពលោកដែលបានចាប់បដិសន្ធិឡើងដោយការរួមកំលាំងពីប្រជាជនជុំវិញសកលលោក។ ក្នុងឆ្នាំនេះ ការចូលរួមមានសន្ទុះកាន់តែខ្លាំងឡើងពីសំណាក់ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា សហគមន៍ ក្រុមយុវជន គ្រឹះស្ថានសាធារណៈ និងឯកជន អង្គការអន្តរជាតិ ស្ថាប័នព័ត៌មាន និងប្រជាពលរដ្ឋកម្ពុជា នៅទូទៅប្រទេស ដើម្បីសំដែងសកម្មភាព និងឆន្ទៈ ក្នុងការរួមចំណែកកសាងអនាគតមួយប្រកបដោយសុខុមាលភាព និងសុខភាពល្អប្រសើរសម្រាប់គ្រប់ៗគ្នា ។

ក្នុងពិធីនេះដែរក៏មានការចូលរួមពីសំណាក់សិល្បៈករ និងសល្បៈការនីដែលពោរពេញដោយប្រជាប្រិយភាពដូចជា កញ្ញា មាស សុខសោភា កញ្ញា Adda កញ្ញា នាង សុវឌ្ឍនា ដែលត្រូវបានគេស្គាល់ថាឌីជេ ណាណា និងលោក សាយ សុទ្ធ បាន និង កំពុងចូលរួមក្នុងចលនានៃទិវានេះដើម្បីលើកកម្ពស់ការយល់ដឹងឱ្យកាន់តែទូលំទូលាយអំពីសារៈសំខាន់នៃធម្មជាតិសម្រាប់សុខភាព និងសុខុមាលភាពរបស់មនុស្ស បរិស្ថាន ក៏ដូចជាចូលរួមឃោសនាបន្ថែមទៀតក្នុងចំណោមមហាជនទូទៅ ក៏ជាអ្នកគាំទ្រខ្លួនពីភាពចាំបាច់ក្នុងការរៀបចំនូវអនាគតដ៏ល្អប្រសើរមួយសម្រាប់មនុស្ស និងធម្មជាតិ។

កញ្ញា មាស សុខសោភា ជាតារាចម្រៀងដ៏ល្បីនៅកម្ពុជាបាននិយាយថា៖«ធម្មជាតិអំពាវនាវឱ្យមានយើងបង្ហាញឆន្ទៈនិងធ្វើសកម្មភាពរួមគ្នា។ ប្រសិនបើយើងមិនរួមចំណែកនាពេលនេះទេ មនុស្សជាតិ សត្វព្រៃ និងភពផែនដីដែលយើងស្រលាញ់ នឹងទទួលរងទុក្ខកាន់តែខ្លាំងឡើងជាងស្ថានភាពដែលបានកើតឡើងរួចមកហើយនោះថែមទៀត”។ កញ្ញាបានបន្ថែមទៀតថា៖ «ឥឡូវនេះ គឺជាពេលដែលយើងត្រូវធ្វើសកម្មភាពឆ្ពោះទៅកសាងសង្គម និងភពផែនដីមួយប្រកបដោយនិរន្តរភាពសម្រាប់គ្រប់គ្នា។»

ឆ្នាំនេះ គឺជាឆ្នាំទី១៣ហើយដែលកម្ពុជាបានចូលរួមប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដី ហើយគេសង្កេតឃើញកិច្ចខិតខំប្រឹងប្រែង និងសកម្មភាពក្នុងការការពារបរិស្ថានមានការកើនឡើងពីសំណាក់សហគមន៍ និងរដ្ឋាភិបាល ។

លោក សេង ទៀក នាយកអង្គការWWF មានប្រសាសន៍ថា៖ ធនធានធម្មជាតិព្រមទាំងប្រព័ន្ធអេកូឡូស៊ីផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់ទ្រទ្រង់ដល់ការរស់នៅរបស់មនុស្ស សត្វ និងជីវៈចម្រុះគ្រប់ប្រភេទ ខណៈវាក៏ជាធាតុដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាពផងដែរ។ ការថែរក្សាការពារធនធានធម្មជាតិ និងភពផែនដីដែលជាផ្ទះរួមរបស់យើង គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។ រួមគ្នាយើងអាចកសាងអនាគតមួយដែលមនុស្ស និងធម្មជាតិអាចរស់នៅបានដោយសុខដុមរមនាជាមួយគ្នា ។

ការបិទភ្លើងមួយម៉ោងនាម៉ោង៨:៣០នាទីយប់ នៅថ្ងៃសៅរ៍ចុងក្រោយនៃខែមីនា បានក្លាយជាសកម្មភាពនិមិត្តរូបសកលមួយចាប់តាំងពីព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនេះបានចាប់កំណើតឡើងក្នុងឆ្នាំ២០០៧ នៅទីក្រុងស៊ីដនីនៃប្រទេសអូស្រ្តាលីមកម្ល៉េះ ដែលពេលនោះទិវានេះត្រូវបានធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់ភ្លើងអគ្គិសនីទៅលើបរិស្ថាន។ តាមរយៈការបិទភ្លើងមួយម៉ោងនេះ ប្រជាជននៅលើពិភពលោកបង្ហាញឆន្ទៈ និងចូលរួមចំណែកលើកកម្ពស់ការយល់ដឹងជាសកល ជម្រុញការផ្លាស់ប្តូរឥរិយាបថជាវិជ្ជមានក្នុងការប្រើប្រាស់ថាមពលអគ្គីសនី ដើម្បីរួមចំណែកកាត់បន្ថយផលប៉ះពាល់ពីការឡើងកំដៅផែនដី។

ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជាមានប្រសាសន៍ថា៖ ទិវាមួយម៉ោងសម្រាប់ភពផែនដីបានបន្តឆ្លុះបញ្ចាំងឱ្យយើងឃើញពីលទ្ធផលដែលយើងទទួលបានចេញពីភាពរួបរួមសាមគ្គីគ្នា ដែលវាផ្តល់នូវក្ដីសង្ឃឹមក្នុងការរៀបចំអនាគតដ៏ប្រសើរមួយសម្រាប់មនុស្សជំនាន់ក្រោយៗទៀត។ យើងអាចចូលរួមធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានចំពោះវិបត្តិអាកាសធាតុតាមរយៈការកាត់បន្ថយការប្រើប្រាស់ថាមពល និងបន្តប្រកាន់ខ្ជាប់នូវសកម្មភាពមេត្រីភាពបរិស្ថានងាយៗក្នុងការរស់នៅប្រចាំថ្ងៃរបស់យើង គឺអនាគតបែបនេះហើយដែលយើងគ្រប់គ្នាត្រូវចូលរួមកសាងរួមគ្នា។

ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា៖ យើងចាំបាច់ត្រូវការបង្កើតសេដ្ឋកិច្ចនៅមូលដ្ឋានតាមរយៈទិសស្លោករក្សាឈើឈរដើម្បីរកចំណូលក្នុងនោះរួមមានការលក់ឥណទានកាបូននៅក្នុងទីផ្សារស្ម័គ្រចិត្តអន្តរជាតិ យកចំណូលថវិកាមកពង្រឹងការងារអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ ក៏ដូចជាជំរុញលើការអភិវឌ្ឍទេសចរណ៍ធម្មជាតិ បង្កើតមុខរបរថ្មី បង្កើនចំណូល និងធ្វើឱ្យជីវភាពពលរដ្ឋមូលដ្ឋានកាន់តែមានភាពល្អប្រសើរ និងដើម្បីកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ខ្លួន។

កម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងបន្តទៀតក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ និងធ្វើយ៉ាងណាធានាឱ្យបាននូវនិរន្តរភាពបរិស្ថាន គុណភាពបរិស្ថាន ត្រូវបានធានា ធនធានធម្មជាតិ ត្រូវបានថែរក្សាការពារបានយ៉ាងល្អសម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិរាប់ជំនាន់ទៀត ក្នុងនោះកម្ពុជាបាននិងកំពុងអនុវត្តផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួនក្នុងការធ្វើអព្យាក្រឹត្យភាពកាបូនត្រឹមឆ្នាំ២០៥០ ។

ប្រទេសកម្ពុជាបានប្តេជ្ញា ដាក់ឱ្យដំណើរការនូវប្រព័ន្ធ ត្រួតពិនិត្យព្រៃឈើជាតិ និងប្រព័ន្ធព័ត៌មានសុវត្ថិភាពបរិស្ថាន និង សង្គម សម្រាប់ការ អនុវត្ត គម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីការបាត់បង់និងរេចរឹលព្រៃឈើ (REDD+) និងកំណត់គោលដៅកាត់បន្ថយអត្រានៃការបាត់បង់ព្រៃឈើមកត្រឹមពាក់កណ្តាលនៅត្រឹមឆ្នាំ២០៣០ ក្នុងវិស័យព្រៃឈើនិងការប្រើប្រាស់ដី (FOLU) ស្របតាមយុទ្ធសាស្ត្ររ៉េដបូកជាតិកម្ពុជា»៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner