អឺរ៉ុបធ្លាក់ចូលក្នុងភាពច្របូកច្របល់ បន្ទាប់ពីលោក ពូទីន ចង់ឱ្យប្រទេសអមិត្តបង់ប្រាក់រូបល្ល៍ សម្រាប់ការទិញប្រេង និងឧស្ម័នរបស់រុស្ស៊ី
ព្រុចសែល ៖ បណ្តាប្រទេសនៅអឺរ៉ុបបានធ្លាក់ចូលក្នុងភាពច្របូកច្របល់ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បញ្ជាក់ថា បណ្តាប្រទេសដែលមិនពេញចិត្តទិញឧស្ម័នរបស់រុស្ស៊ី ឥឡូវនេះនឹងត្រូវបង់ជាលុយរូបល្ល៍ (Rubble) វិញ ជំនួសឱ្យលុយដុល្លារអាមេរិក។
លោក ពូទីន បានបញ្ជាក់នៅក្នុងកិច្ចប្រជុំតាមវីដេអូអនឡាញជាមួយរដ្ឋមន្ត្រីរដ្ឋាភិបាលថា ពិតណាស់ រុស្ស៊ីនឹងបន្តផ្គត់ផ្គង់ឧស្ម័នធម្មជាតិស្របតាមបរិមាណនិងតម្លៃថេរ ក្នុងកិច្ចសន្យាដែលព្រមព្រៀងគ្នាពីមុន។ ប្រធានាធិបតីរុស្ស៊ីបានសង្កត់ធ្ងន់ទៀតថា ការផ្លាស់ប្តូរនឹងប៉ះពាល់តែរូបិយវត្ថុនៃការទូទាត់ប៉ុណ្ណោះ ដែលនឹងប្តូរទៅជារូបិយវត្ថុរូបល្ល៍របស់រុស្ស៊ី។
គួរបញ្ជាក់ថា បណ្តាប្រទេសនៅអឺរ៉ុប និងសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើរុស្ស៊ី ចាប់តាំងពីទីក្រុងម៉ូស្គូ បានបញ្ជូនទាហានចូលអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ។ ប៉ុន្តែអឺរ៉ុបពឹងផ្អែកខ្លាំងលើប្រេង និងឧស្ម័នរុស្ស៊ីសម្រាប់ផលិតកម្តៅ និងថាមពល ហើយសហភាពអឺរ៉ុបបានបែកបាក់គ្នា ជុំវិញបញ្ហាថាតើត្រូវដាក់ទណ្ឌកម្មលើវិស័យថាមពលរបស់រុស្ស៊ីឬអត់៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា