លោក ស្តូថែនប៊ឺគ ៖ អង្គការ NATO ត្រៀមខ្លួនជាស្រេច ដើម្បីការពារសម្ព័ន្ធមិត្ត ប្រឆាំងនឹងការគំរាមកំហែង គ្រប់ពេលវេលា

ព្រុចសែល៖ អគ្គលេខាធិការអង្គការណាតូលោក ជេនស៍ ស្តូថែនប៊ឺគ ថ្លែងថា ការប្រើប្រាស់អាវុធជីវសាស្រ្ត ឬគីមីណាមួយនឹងមាន “ផលវិបាកដ៏វែងឆ្ងាយ” ខណៈលោកបានសង្កត់ធ្ងន់ថា ណាតូត្រៀមខ្លួនជាស្រេច ដើម្បីការពារសម្ព័ន្ធមិត្តប្រឆាំងនឹងការគំរាមកំហែងគ្រប់ពេលវេលា។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅមុនកិច្ចប្រជុំកំពូលវិសាមញ្ញអង្គការណាតូ ដើម្បីពិភាក្សាអំពីជម្លោះរុស្ស៊ី-អ៊ុយក្រែនដែលកំពុងបន្តនោះ លោក ស្តូថែនប៊ឺគ បាននិយាយថា លោករំពឹងថា សម្ព័ន្ធមិត្តនឹងយល់ព្រមលើការពង្រឹងជំហររបស់អង្គការណាតូ ទាំងនៅលើផ្លូវគោក អាកាស និងសមុទ្រ។ ជំហានដំបូងគឺការដាក់ពង្រាយក្រុមសមរភូមិថ្មីរបស់ណាតូចំនួនបួន នៅក្នុងប្រទេសប៊ុលហ្គារី ហុងគ្រី រូម៉ានី និងស្លូវ៉ាគី។ រួមជាមួយនឹងកងកម្លាំងដែលមានស្រាប់របស់យើងនៅក្នុងប្រទេសបាល់ទិក និងប៉ូឡូញ ដែលនេះមានន័យថា យើងនឹងមានក្រុមសមរភូមិពហុជាតិចំនួនប្រាំបីនៅតាមបណ្តោយផ្នែកខាងកើត។

ស្របពេលជាមួយគ្នានោះដែរ ប្រមុខអង្គការណាតូរូបនេះក៏បានរំពឹងផងដែរថា សម្ព័ន្ធមិត្តនឹងយល់ព្រមផ្តល់ការគាំទ្របន្ថែម រួមទាំងជំនួយសន្តិសុខតាមអ៊ីនធើណិត និងឧបករណ៍ដើម្បីជួយអ៊ុយក្រែនការពារខ្លួនប្រឆាំងនឹងការគំរាមកំហែងដោយអាវុធគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner