លោក ហ្សេលេនស្គី៖ មនុស្សជិត ១០ម៉ឺននាក់ដែលជាប់គាំងក្នុងទីក្រុងម៉ារីយូប៉ូល កំពុងប្រឈមនូវគ្រោះទុរភិក្ស និងការទម្លាក់គ្រាប់បែកឥតឈប់ឈរពីរុស្ស៊ី
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ថ្លែងថា មនុស្សជិត ១០០,០០០នាក់កំពុងជាប់គាំង ក្នុងចំនោមការបំផ្លិចបំផ្លាញក្នុងទីក្រុងម៉ារីយូប៉ូល (Mariupol) របស់អ៊ុយក្រែន កំពុងប្រឈមនឹងការអត់ឃ្លាន គ្រោះទុរភិក្ស និងការទម្លាក់គ្រាប់បែករបស់រុស្ស៊ីឥតឈប់ឈរ ខណៈដែលអង្គការសហប្រជាជាតិបានទាមទារដាច់ខាតឱ្យទីក្រុងម៉ូស្គូបញ្ចប់សង្រ្គាម ដែល “មិនសមហេតុផល” និង “មិនអាចឈ្នះបាន”របស់ខ្លួន។
អង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថា អ្នកស្រុករាប់ម៉ឺននាក់បានភៀសខ្លួនចេញពីទីក្រុងកំពង់ផែភាគខាងត្បូង ដែលត្រូវបានឡោមព័ទ្ធដោយកងទ័ពរុស្ស៊ី ដោយបន្សល់ទុកនូវសក្ខីកម្មដ៏អាក្រក់ក្នុងស្ថានភាពដ៏ត្រជាក់ដែលពោរពេញដោយសាកសពមនុស្សស្លាប់ និងអគារដែលត្រូវបានបំផ្លាញ។ នៅក្នុងសន្ទរកថាតាមវីដេអូចុងក្រោយរបស់ខ្លួន កាលពីថ្ងៃអង្គារសប្តាហ៍នេះ លោក ហ្សេលេនស្គី បាននិយាយថា មនុស្សជាង ៧,០០០នាក់បានរត់គេចខ្លួនគិតត្រឹមរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ទន្ទឹមគ្នា លោក ហ្សេលេនស្គី បានព្រមានថា មនុស្សរាប់ពាន់នាក់ទៀតមិនអាចចាកចេញបានទេ ខណៈស្ថានការណ៍មនុស្សធម៌កាន់តែអាក្រក់នៅទីនោះ។
ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានបញ្ជាក់ដូច្នេះថា សព្វថ្ងៃនេះ ទីក្រុងនៅតែមានមនុស្សជិត ១០០,០០០នាក់ស្ថិតក្នុងស្ថានភាពអមនុស្សធម៌ នៅក្នុងការឡោមព័ទ្ធទីក្រុងទាំងមូល ដោយគ្មានអាហារ ទឹក ថ្នាំពេទ្យ ក្រោមការបាញ់ផ្លោង និងក្រោមការទម្លាក់គ្រាប់បែកឥតឈប់ឈរពីកងកម្លាំងរុស្ស៊ី ដោយលោកបានអំពាវនាវសារជាថ្មីឱ្យទីក្រុងម៉ូស្គូ អនុញ្ញាតឱ្យមានច្រករបៀងមនុស្សធម៌ប្រកបដោយសុវត្ថិភាពសម្រាប់ជនស៊ីវិលក្នុងការរត់គេចខ្លួន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា