ណាតូ​នឹង​ផ្ដល់​គ្រឿង​ការពារ​ដល់​អ៊ុយក្រែន​ ប្រឆាំង​នឹង​អាវុធ​គីមី​ និង​នុយក្លេអ៊ែរ​

អគ្គ​លេខាធិការ​អង្គការ​ណាតូ លោក ​ជេនស៍​ ស្តូលថេនបឺគ ​(Jens Stoltenberg) ​​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា​ មេ​ដឹក​នាំ​ប្រទេស​នានា​នៃ​សម្ព័ន្ធ​ភាព​យោធា​នេះ​ កំពុង​រៀប​ចំ​បញ្ជូន​ឧបករណ៍​​ប្រើ​ប្រាស់​ក្នុង​ការ​ការពារ​ពី​ផល​ប៉ះពាល់​អាវុធ​គីមី​ និង​នុយក្លេអ៊ែរ​ ទៅ​ឱ្យ​អ៊ុយក្រែន​។​

លោក​ ស្តូលថេនបឺគ ​និយាយ​ថា​ សម្ព័ន្ធ​ភាព​រំពឹង​ថា​នឹង​យល់​ព្រម​គ្នា​ក្នុង​កិច្ច​ប្រជុំ​កំពូល​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ផ្ដល់​ «​ការ​គាំទ្រ​​បន្ថែម​»​ ដល់​អ៊ុយក្រែន​ រួម​ទាំង​ឧបករណ៍​សម្រាប់​ការពារ​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​គីមី​ ជីវសាស្ត្រ​ វិទ្យុសកម្ម​ ក៏​ដូច​ជា​ជំនួយ​សន្តិសុខ​តាម​អ៊ីនធឺណិត​។​

វា​គឺ​ជា​គំនិត​ផ្ដួច​ផ្ដើម​​លើក​ដំបូង​ ដែល​រដ្ឋ​ជា​សមាជិក​ណាតូ​​នឹង​បញ្ជូន​ការ​ផ្គត់​ផ្គង់​ទៅ​អ៊ុយក្រែន​ជា​ពិសេស​ដើម្បី​ទប់​ទល់​នឹង​អាវុធ​ប្រល័យ​លោក​ ចំ​ពេល​​ការ​ភ័យ​ខ្លាច​កាន់​កើន​ឡើង​នៅ​បណ្ដា​ប្រទេស​ខាង​លិច​ដែល​ថា​ ទីក្រុង​ម៉ូស្គូ​អាច​ប្រើ​ប្រាស់​អាវុធ​ទាំង​អស់​នោះ​។​

លោក​ ស្តូលថេនបឺគ ​​និយាយ​ថា​ ណាតូ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ប្រើ​ប្រាស់​អាវុធ​គីមី​ ឬ​ជីវសាស្រ្ត ​ហើយ​​កត់​សម្គាល់​ ​«​ការ​គំរាម​កំហែង​នុយក្លេអ៊ែរ​»​ ពី​ប្រធានាធិបតី​រុស្ស៊ី​លោក​ វ្ល៉ាឌីមៀ​ ពូទីន​។​ លោក​និយាយ​ថា​៖​ «​ការ​ប្រើប្រាស់​អាវុធ​គីមី​ណា​មួយ​នឹង​ផ្លាស់​ប្តូរ​ទាំង​ស្រុង​នូវ​ធម្មជាតិ​នៃ​ជម្លោះ​ ហើយ​​មាន​​ផល​​វិបាក​​យ៉ាង​​ឆ្ងាយ​»​។​

ការ​ប្រកាស​របស់​ណាតូ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ ចូ ​បៃដិន​ (Joe Biden) ​​និយាយ​នៅ​មុន​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​អឺរ៉ុប​ថា​មាន​ «​ការ​គំរាម​កំហែង​ពិត​ប្រាកដ​»​ ដែល​រុស្ស៊ី​អាច​ប្រើ​ប្រាស់​អាវុធ​គីមី​នៅ​អ៊ុយក្រែន​។​ ​ ទីក្រុង​វ៉ាស៊ីនតោន​ និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​បាន​ចោទ​ប្រកាន់​រុស្ស៊ី​ថា​បាន​ផ្សព្វផ្សាយ​ការ​អះអាង​គ្មាន​ភស្តុតាង​ ដែល​ថា​អ៊ុយក្រែន​​បង្កើត​កម្មវិធី​អាវុធ​ជីវសាស្រ្ត​ដែល​ជា​លេស​ដែល​អាច​មាន​សក្តានុពល​សម្រាប់​ការ​ចាប់​ផ្តើម​ការ​វាយ​ប្រហារ​ជីវសាស្ត្រ​ ឬ​គីមី​របស់​ខ្លួន​។​

ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​នេះ​ ក្រសួង​ការពារ​ជាតិ​របស់​រុស្ស៊ី​​ចោទ​ប្រកាន់​ក្រុង​កៀវ​ម្តង​ហើយ​ម្តង​ទៀត​ ដោយ​មិន​ផ្តល់​ភស្តុតាង​ អំពី​ការ​រៀប​ចំ​ផែន​ការ​វាយ​ប្រហារ​អាវុធ​គីមី​ប្រឆាំង​នឹង​ប្រជាជន​របស់​ខ្លួន​ ដើម្បី​ចោទ​ប្រកាន់​ក្រុង​ម៉ូស្គូ​ថា​​ប្រើ​ប្រាស់​អាវុធ​គីមី​នៅ​ក្នុង​ជម្លោះ​រយៈ​ពេល​១​ខែ​របស់​ខ្លួន​ជាមួយ​អ៊ុយក្រែន​។​

NATO Secretary General Jens Stoltenberg speaks during a press conference ahead of the alliance’s Defence Ministers’ meeting at the NATO headquarters in Brussels on March 15, 2022. (Photo by Kenzo TRIBOUILLARD / AFP)

ប្រភព៖ FT

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner