រថយន្តបុកម៉ូតូពេញទំហឹង បណ្តាលឱ្យយុវជនម្នាក់ស្លាប់នៅនឹងកន្លែង

ភ្នំពេញ ៖ យុវជនម្នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ខណៈពេលកំពុងតែធ្វើដំណើរតាមម៉ូតូហើយ ត្រូវបានរថយន្តម៉ាក TOYOTA RALLY បើកបរក្នុងល្បឿនលឿន បុកពេញទំហឹង ក្នុងទិសដៅបញ្ច្រាស់គ្នាកាលពីវេលាម៉ោងជាង២ រសៀល ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ចូលមណ្ឌលឱកាសខ្ញុំ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សពរងគ្រោះ ពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ មានអាយុ ប្រមាណជិត ២០ឆ្នាំ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់បណ្ដាញព័ត៌មានអប្សរា (AMS) ឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះបើកម៉ូតូមួយវ៉េវ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1AI-4491 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនគួរសម ។ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តម៉ាក TOYOTA RALLY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BM-9950 បើកបរដោយបុរសធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ទិសដៅពីកើតទៅលិច បញ្ច្រាស់ទិសដៅគ្នា ក្នុងល្បឿនលឿន មកបុកម៉ូតូពេញទំហឹង បណ្តាលឪ្យយុវជនជិះម៉ូតូ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ចំណែកឯ រថយន្ត និងម៉ូតូវិញ បានរងការខូចខាតយ៉ាងដំណំ។បន្ទាប់មកភ្លាមៗនោះ អ្នកបើកបររថយន្ត បានគេចខ្លួនបាត់ពីកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចក៏បានធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក ចុះទៅធ្វើការវាស់វែងយករថយន្ត និងម៉ូតូ យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកឯ សពត្រូវបានសមត្ថកិច្ច ដឹកបញ្ជូនទៅកាន់ឈាបនដ្ឋានវត្តទឹកថ្លា ដើម្បីធ្វើការទំនាក់ទំនងរកក្រុមគ្រួសារសាច់ញាតិឱ្យមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយៈឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner