រុស្ស៊ីបរាជ័យក្នុងការអនុម័តសេចក្ដីសម្រេចមនុស្សធម៌នៅអ៊ុយក្រែនរបស់ខ្លួន នៅក្រុមប្រឹក្សាអង្គការសហប្រជាជាតិ
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ ទទួលបានសម្លេងគាំទ្រយ៉ាងលើសលប់លើការមិនអនុម័តសេចក្ដីសម្រេចរបស់រុស្ស៊ីដើម្បីទទួលស្គាល់តម្រូវការមនុស្សធម៌នៅអ៊ុយក្រែន ដែលមិននិយាយអំពីសកម្មភាពឈ្លានពានរបស់ខ្លួន ស្របពេលដែលប្រជាជនអ៊ុយក្រែនរាប់លាននាក់កំពុងត្រូវការអាហារ ទឹក និងទីជម្រក។
ដើម្បីអនុម័តសេចក្ដីសម្រេចនេះ បានរុស្ស៊ីត្រូវការសំឡេងគាំទ្រយ៉ាងតិច ៩ ក្នុងក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក ចំនួន ១៥ ហើយមិនត្រូវមានការបោះឆ្នោតវេតូពីសមាជិកអចិន្ត្រៃយ៍ណាមួយឡើយ។ ប៉ុន្តែរុស្ស៊ីទទួលបានការគាំទ្រតែពីចិនម្នាក់ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនប៉ុណ្ណោះ ដោយសមាជិកក្រុមប្រឹក្សាចំនួន ១៣ ផ្សេងទៀតបានអនុបវាទមិនបោះឆ្នោត។
ការបរាជ័យរបស់រុស្ស៊ីលើសេចក្ដីសម្រេចនេះ កើតឡើងក្នុងថ្ងៃតែ១ ចំពេលមហាសន្និបាតចាប់ផ្ដើមពិចារណាលើសេចក្ដីសម្រេចដែលព្រាងដោយអ៊ុយក្រែន និងប្រទេសជាង ២០ ផ្សេងទៀត រួមទាំងការសហការឧបត្ថម្ភដោយប្រទេសជិត ១០០ ដែលបញ្ជាក់យ៉ាងច្បាស់ថា ការឈ្លានពានរបស់រុស្ស៊ីបានបង្កភាពអាសន្នមនុស្សធម៌។
ឯកអគ្គរដ្ឋទូតរុស្ស៊ីរបស់អង្គការសហប្រជាជាតិ លោក Vassily Nebenzia ប្រាប់ក្រុមប្រឹក្សាមុនការបោះឆ្នោតថា សេចក្ដីសម្រេចរបស់ខ្លួន «មិនមានលក្ខណៈនយោបាយ» ដូចដំណោះស្រាយមនុស្សធម៌ផ្សេងទៀតរបស់ក្រុមប្រឹក្សាសន្តិសុខទេ ហើយលោកបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងរបស់សហរដ្ឋអាមេរិកដែលថា ប្រទេសរបស់លោកមិនមានសិទ្ធិដាក់ស្នើសេចក្ដីសម្រេចបែបនេះទេ។
ឯកអគ្គរដ្ឋទូតអាមេរិកអ្នកស្រី Linda Thomas-Greenfield ប្រឆាំងថា រុស្ស៊ីកំពុងព្យាយាមប្រើក្រុមប្រឹក្សានេះ ដើម្បីផ្ដល់ការបិទបាំងចំពោះសកម្មភាពដ៏ឃោរឃៅរបស់ខ្លួន។ អ្នកស្រីនិយាយថា៖ «រុស្ស៊ីមិនខ្វល់ពីលក្ខខណ្ឌមនុស្សធម៌ដែលកាន់តែយ៉ាប់យ៉ឺននោះទេ។ បើរុស្ស៊ីយកចិត្តទុកដាក់មែន គេនឹងឈប់ប្រយុទ្ធ ឈប់វាយប្រហារ ឈប់ឈ្លានពានហើយ។ ពួកគេចង់ឱ្យយើងអនុម័តដំណោះស្រាយ ដែលមិនទទួលស្គាល់កំហុសរបស់ខ្លួន»។
លោក Nebenzia និយាយក្រោយរុស្ស៊ីបរាជ័យក្នុងការបោះឆ្នោតថា លទ្ធផលនេះលាតត្រដាងប្រទេសទាំងអស់ពីភាពសំខាន់នៃនយោបាយកម្មលើបញ្ហាមនុស្សធម៌ ជាជាងការជួយគ្នាផ្ដល់ជំនួយដល់អ៊ុយក្រែន។ ស្រដៀងនឹងនេះដែរ លោក Zhang Jun ឯកអគ្គរដ្ឋទូតចិននិយាយថា សមាជិកក្រុមប្រឹក្សាគួរតែផ្តោតលើបញ្ហាមនុស្សធម៌ កុំខ្វល់ពីភាពខុសគ្នាផ្នែកនយោបាយ ព្យាយាមឈានឯកភាពគ្នា និងឆ្លើយតបទៅនឹងវិបត្តិមនុស្សធម៌ក្នុងលក្ខណៈវិជ្ជមាន ជាក់ស្តែង និងស្ថាបនា»។
យោងតាមអង្គការសហប្រជាជាតិ ប្រជាជនអ៊ុយក្រែនប្រហែល ១០ លាននាក់ ដែលស្មើនឹង ១/៤ នៃចំនួនប្រជាជនសរុប ត្រូវភៀសខ្លួនចេញពីផ្ទះរបស់ខ្លួន ដោយជាង ៦,៥ លាននាក់ផ្លាស់ទីលំនៅក្នុងប្រទេស និងជាង ៣,៦ លាននាក់ភៀសខ្លួនចេញទៅក្រៅប្រទេស។ ខណៈដែលរុស្ស៊ីបង្កើនការវាយប្រហាររបស់ខ្លួនរួមមានទាំងការទម្លាក់គ្រាប់បែប វិបត្តិមនុស្សធម៌កាន់តែអាក្រក់ទៅៗដោយអ៊ុយក្រែនត្រូវការជំនួយជាច្រើនជាពិសេសអាហារ ទឹក ទីជម្រក ការថែទាំសុខភាព និងកំដៅ។
ប្រភព៖ ABC News