លោក បៃដិន ៖ អាមេរិកនឹងគោរពតាមការសម្រេច ចិត្តរបស់ អ៊ុយក្រែន ប្រសិនបើចង់បោះបង់ទឹកដីណាមួយ ដើម្បីចរចា បញ្ចប់ជម្លោះជាមួយរុស្សី

ព្រុចសែល៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាន ប្រាប់ អ្នកយកព័ត៌មាននៅទីក្រុងព្រុចសែល នៅថ្ងៃព្រហស្បតិ៍ ទី២៤ខែមីនាថា ប្រសិនបើអ៊ុយក្រែនមានបំណងចង់បោះបង់ ចោល ទឹកដី ណាមួយ ដើម្បីចរចាបញ្ចប់ជម្លោះរបស់ខ្លួន ជាមួយ រុស្ស៊ីនោះ ទីក្រុងវ៉ាស៊ីនតោននឹងគោរពតាមជម្រើស របស់ទីក្រុងកៀវ។

លោក បៃដិន បន្តថា អង្គការណាតូនឹងឆ្លើយតប ប្រសិន បើរុស្ស៊ីបានប្រើប្រាស់អាវុធគីមីក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែលោកនឹងមិននិយាយថា តើខ្លួននឹងធ្វើដោយរបៀប ណានោះទេ។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត បានធ្វើការចោទប្រកាន់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះថា ទីក្រុងម៉ូស្គូអាចនឹងត្រៀមប្រើប្រាស់អាវុធគីមីក្នុងប្រទេសអ៊ុយក្រែន។ តែរុស្ស៊ីបានច្រានចោលការអះអាងនេះ ហើយបាន ចោទវិញថា ទីក្រុងកៀវប្រហែលជាកំពុងរៀបចំផែនការ “ទង់ជាតិក្លែងក្លាយ” ដើម្បីបន្ទោសលើទីក្រុងម៉ូស្គូ និងបង្កឱ្ យមានអន្តរាគមន៍ពីណាតូ។

ជាមួយគ្នានេះ លោក បៃដិន បានទទួលស្គាល់ថា ទណ្ឌកម្ម ដែលដឹកនាំដោយសហរដ្ឋអាមេរិកប្រឆាំងនឹងរុស្ស៊ី ដែល ចូលរួមដោយអង្គការណាតូ ជប៉ុន អូស្ត្រាលី និងកូរ៉េខាងត្បូង រហូតមកដល់ពេលនេះ នឹងបណ្តាលឱ្យមានការខ្វះខាត ស្បៀងអាហារជាសាកល ប៉ុន្តែបានចង្អុលបង្ហាញថា អាមេរិក និងកាណាដា គឺជាប្រភពស្រូវសាលីដ៏សំខាន់ ហើយកំពុង ស្វែងរកមធ្យោបាយដើម្បី បង្កើនការផលិត និងការនាំចេញ។

ប្រធានាធិបតីអាមេរិករូបនេះបន្ថែមថា អង្គការណាតូ និង សហភាពអឺរ៉ុបកំពុងធ្វើការដើម្បីបង្កើតអង្គការមួយដែលនឹងតាមដានប្រទេសដទៃទៀតដែលបំពានលើទណ្ឌកម្មរបស់ពួកគេ។ លោកបន្តទៀតថា លោកបានព្រមានចិនប្រឆាំងនឹង ការ ជួយរុស្ស៊ី ពីព្រោះថា នឹងធ្វើឱ្យផលប្រយោជន៍សេដ្ឋកិច្ចរបស់ ខ្លួន នៅលោកខាងលិចស្ថិតក្នុងគ្រោះថ្នាក់ដ៏ធំ។

លោក បៃដិន បានប្រាប់ក្រុមអ្នកយកព័ត៌មានទៀតថា ពាក់ ព័ន្ធ នឹងបញ្ហានេះ ប្រទេសចិននឹងយល់ច្បាស់ថា អនាគត សេដ្ឋកិច្ចរបស់ខ្លួនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលោកខាងលិចជាងប្រទេសរុស្ស៊ី៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner