រដ្ឋលេខាធិការក្រសួងមហាផ្ទៃក្រសួងមហាផ្ទៃបានបញ្ជាក់ថា ជនជាប់ឃុំគ្រឿងញៀនមានច្រើនពេក បង្កការព្រួយបារម្ភ អំពីការគ្រប់គ្រង និងការរក្សាសុវត្ថិភាពនៅតាមពន្ធនាគារ

(ភ្នំពេញ)៖ ឯកឧត្តមប៉ាវ ហម ផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា ជនជាប់ឃុំពាក់ព័ន្ធបទល្មើសគ្រឿងញៀនមានជាង៥៤% នៃជនជាប់ឃុំសរុប បង្កឲ្យមានការព្រួយបារម្ភ អំពីការគ្រប់គ្រង និងការរក្សាសុវត្ថិភាព នៅតាមពន្ធនាគារ។

ឯកឧត្តមប៉ាវ ហម ផាន ថ្លែងបែបនេះ ក្នុងសន្និបាតផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ លទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ និងផែនការសកម្មភាពឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានពន្ធនាគារ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។

ឯកឧត្តម ប៉ាវ ហម ផាន បានថ្លែងថា យោងតាមការណែនាំរបស់សម្តេចក្រឡាហោម ស ខេង ដែលបានលើកឡើង នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ គឺនៅក្នុងការគ្រប់គ្រងពន្ធនាគារ បញ្ហាប្រឈមចម្បងបំផុត ដែលត្រូវយកចិត្តទុកដាក់ដោះស្រាយ គឺភាពចង្អៀតណែនដោយសារការកើនឡើងនៃជនជាប់ឃុំ អាគារ និងហេដ្ឋារចនាសម្ព័ន្ធនៅពន្ធនាគារមួយចំនួន មានភាពចាស់ទ្រុឌទ្រោម និងភាពយឺតយ៉ាវនៃចំណាត់ការរបស់តុលាការ ជាក់ស្តែងក្នុងចំណោមជនជាប់ឃុំ ជាង ៣៧.០០០នាក់ មានជនជាប់ឃុំដែលមានសាលក្រម និងសាលដីកា តុលាការ ចំនួនត្រឹមជាង ១១.០០០នាក់ ប៉ុណ្ណោះ។

«ទន្ទឹមនឹងនេះ ជនជាប់ឃុំដែលពាក់ព័ន្ធបទល្មើសគ្រឿងញៀន មានចំនួន ៥៤,៤៤% នៃចំនួនជនជាប់ឃុំសរុប ដែលស្ថានភាពនេះ បានបង្កឲ្យមានការព្រួយបារម្ភ អំពីការគ្រប់គ្រង និងការរក្សាសុវត្ថិភាពនៅតាមពន្ធនាគារ»។

ដើម្បីដោះស្រាយបញ្ហាប្រឈមខាងលើនេះ ឯកឧត្តម ប៉ាវ ហម ផាន បានលើកយកនូវការណែនាំរបស់ សម្តេចក្រឡាហោម អំពីវិធានការសំខាន់ៗមួយចំនួនផ្សព្វផ្សាយជូនដល់អង្គពិធីផងដែរ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានឲ្យដឹងថា គិតត្រឹមខែធ្នូ ឆ្នាំ២០២១ ជនជាប់ឃុំសរុប ៣៨.០៧០នាក់ ក្នុងនោះស្រី្ត ២.៣៦៧នាក់ ជនជាប់ឃុំដែលចោទពីបទល្មើសគ្រឿងញៀនស្មើនឹង ៥៤.៤៤% ជនជាប់ឃុំបរទេសចំនួន ១.៦១២នាក់ និងអនីតិជន ១.៤២២នាក់។ ជនត្រូវចោទ ចំនួន ៦.៩៥៥នាក់ ជនជាប់ចោទ ៣.៥៥០នាក់ ពិរុទ្ធជន ១៥.៥៧៣នាក់ និងទណ្ឌិត ១១.៩៩២នាក់។

បើតាមឯកឧត្តម ឆែម សាវុធ បញ្ជាក់ទៀតថា «ជាការកត់សម្គាល់ ជនជាប់ឃុំមានការកើនឡើងកំហុក ចាប់ពីឆ្នាំ២០១៧ បន្ទាប់ពីរាជរដ្ឋាភិបាលដាក់ចេញផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងធ្វើការរឹតបន្តឹងការអនុវត្តច្បាប់ ទើបតែនៅឆ្នាំ២០២១ ជនជាប់ឃុំបានថយចុះប្រមាណ ១.២០០នាក់ ស្មើនឹង ៣.១៧% បើធៀបនឹងខែធ្នូ ឆ្នាំ២០២០»។

អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ បានឲ្យដឹងបន្ថែមថា ដើម្បីឆ្លើយតបតាមបទដ្ឋានជនជាប់ឃុំ ដែលធានាសន្តិសុខ សុវត្ថិភាព សុខភាព និងមនុស្សធម៌ រាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ដោះស្រាយ ជារួមបច្ចុប្បន្ននៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត មានអគារឃុំឃាំង ចំនួន ១៧៣អគារ ស្មើនឹង ១.០១៤បន្ទប់ ដែលធ្វើឡើងឲ្យផ្ទៃក្រឡាសម្រាប់ជនជាប់ឃុំដេក ប្រសើរជាងមុន ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner