ក្រុមហ៊ុន LM Car និង Lixin ចាប់ដៃគូរបម្រើសេវាកម្មពង្រឹងសុវត្ថិភាព និងផាសុកភាពជូនដល់អ្នកធ្វើដំណើរនៅកម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុន LM Car និងក្រុមហ៊ុន Lixin Biotech Germagic បានចាប់ដៃគូគ្នាតាមរយៈការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ក្នុងការប្រើប្រាស់ទឹកថ្នាំសម្លាប់មេរោគ Germagic ដែលមានប្រសិទ្ធភាពយូរសម្រាប់ធ្វើការសំអាត និងការពារមេរោគជាប្រចាំ ដើម្បីរក្សានូវសុវត្ថិភាព និងផាសុខភាពដល់អ្នកធ្វើដំណើរទាំងភ្ញៀវជាតិ និងអន្ដរជាតិ។
ពិធីចុះកិច្ចសហការនេះ បានធ្វើឡើងនៅមជ្ឈមណ្ឌលនាយកប្រតិបត្តិ Lixin ក្រោមវត្តមាន លោក ចឹងភៃ អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន LM CAR និង លោកស្រី ឃ៊ារី លីវ ប្រធានក្រុមហ៊ុន LIXINYI នាពេលថ្មីៗនេះ។
លោក គង់ ចាន់តារា ប្រធានទីផ្សាររបស់ក្រុមហ៊ុន LM CAR មានប្រសាសន៍ថា LM Car ជាក្រុមហ៊ុនផ្តល់សេវារថយន្តតាក់ស៊ីប្រកបដោយគុណភាព ដោយមានក្រុមហ៊ុន Lixin Biotech Germagic ក្នុងការបាញ់ថ្នាំសម្លាប់មេរោគ នៅក្នុងរថយន្ត ជាការផ្តល់សេវា និងទំនុកចិត្តខ្ពស់ សម្រាប់ភ្ញៀវដែលទទួលបាននូវសេវាកម្មរថយន្តតាក់ស៊ីទំនើបតាមរយៈអេបទូរស័ព្ទដៃនៅរាជធានីភ្នំពេញដំបូងគេបង្អស់ប្រកបដោយផាសុកភាពខ្ពស់។ សេវាកម្មនេះមានការហៅភ្លាមៗ ការកក់ហៅទុកមុន សេវាជូនទៅមកព្រលានយន្តហោះ សេវាជួលរថយន្តក្នុង និង ក្រៅក្រុងទៅតាមតំរូវការជាក់ស្តែងរបស់អតិថិជន ដើម្បីទទួលបានសេវាល្អ លឿនរហ័សទាន់ចិត្ត។ លោក ចាន់តារា បន្តថា ដើម្បីអបអរសាទរដល់កិច្ចសហការនេះ រាល់អតិថិជនទាំងអស់ដែលទាញយកកម្មវិធី LM Car អេបឥឡូវនេះ នឹងទទួលបានគូប៉ុងបញ្ចុះតំលៃរហូតដល់ ១០០ដុល្លាភ្លាមៗ។
ជាមួយគ្នានេះ លោកប្រធានទីផ្សារបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការនេះ ក្នុងការរឹតបន្ដឹងកិច្ចសហប្រតិបត្តិការល្អរវាងក្រុមហ៊ុនទាំងពីរ ហើយក៏ឆ្លើយតបនឹងគោលបំណងរបស់ក្រុមហ៊ុនខ្លួន ពិសេសក្នុងបរិបទកូវីដ-១៩ តាមរយៈការប្រើប្រាស់ថ្នាំសម្លាប់មេរោគ Germagic ដើម្បីផ្ដល់នូវសុវត្ថិភាព និងផាសុកភាព ក៏ដូចជាបទពិសោធន៍ក្នុងការធ្វើដំណើរដ៏ល្អដល់អតិថិជនរបស់ខ្លួនប្រកបដោយភាពជឿជាក់។
ទន្ទឹមគ្នា ក្រុមហ៊ុន LM Car ក៏រំពឹងផងដែរថា កិច្ចសហការនេះនឹងផ្ដល់នូវទំនុកចិត្តកាន់តែខ្ពស់ ក្នុងការធ្វើដំណើររបស់អតិថិជន ហើយក៏រួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋខ្មែរមួយចំនួន តាមរយៈការផ្ដល់នូវឱកាសការងារដល់អ្នកមានបំណងចង់ក្លាយជាអ្នកបើកបរបម្រើសេវាកម្មធ្វើដំណើរនៅក្រុមហ៊ុនរបស់ខ្លួនទៀតផង៕ ដោយ៖ ឈឹម ទីណា