មន្តី្រថ្នាក់ដឹកនំាក្រសួង បានអញ្ជើញចូលរួមការពារសេចក្តីព្រាងច្បាប់ នៅក្នុងសម័យប្រជុំជាមួយក្រុមសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា តាមប្រព័ន្ធ Zooming
បន្ទាប់ពីត្រូវបានគណៈកម្មការទី៣ និងគណៈកម្មការជំនាញផ្សេងទៀតនៃរដ្ឋសភាអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ” កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ រួចមក នៅទីស្តីការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រួមជាមន្តី្រថ្នាក់ដឹកនំាក្រសួង បានអញ្ជើញចូលរួមការពារសេចក្តីព្រាងច្បាប់នេះ នៅក្នុងសម័យប្រជុំជាមួយក្រុមសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា តាមប្រព័ន្ធ Zooming ដើម្បីស្នើសុំពិនិត្យ និងអនុម័ត ។ សម័យប្រជុំនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ។
ឯកឧត្តម ឡូយ សុផាត ប្រធានគណ:កម្មការទី៣ នៃរដ្ឋសភាព បានអានសេចក្តីថ្លែងហេតុនៃសេចក្តីព្រាងច្បាប់ និងដំណើរការនៃការត្រួតពិនិត្យ កែសម្រួល នៅក្នុងគណ:កម្មការទី៣ និងនៅក្នុងកិច្ចប្រជុំជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយបានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់នេះ តាមសំណើរបស់រាជរដ្ឋាភិបាល។
បន្ទាប់មក ក្នុងនាមក្រសួងកសិកម្ម និងជាតំណាងរាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលបានអនុញ្ញាតឱ្យដាក់សេចក្តីព្រាងច្បាប់នេះនៅក្នុងរបៀបវារៈនៃសម័យប្រជុំជាមួយក្រុមសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភានៃគណបក្សប្រជាជនកម្ពុជានាពេលនេះដើម្បីស្នើសុំពិនិត្យ និងអនុម័តដ៏ខ្ពង់ខ្ពស់ ។
ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនសម្តេចប្រធាន និងសមាជិក សមាជិកានៃកិច្ចប្រជុំអំពីប្រវត្តិនៃដំណើរការរៀបចំសេចក្តីព្រាងច្បាប់នេះយ៉ាងលម្អិត ជាបន្តបន្ទាប់ ពីដំណាក់កាលមួយទៅ ដំណាក់កាលមួយ ស្របទៅតាមនិន្នាការនៃការវិវធ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិទាំងសេដ្ឋកិច្ច និងសង្គម និងជាពិសេសឆ្លើយតបតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យនៃទីផ្សារនាំចេញកសិផល និងការនាំចូលកសិផល និងរុក្ខជាតិមកក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយយល់ច្បាស់ពីសេចក្តីត្រូវការចាំបាច់អំពីឯកសារគតិយុត្តរបស់កម្ពុជា រាជរដ្ឋាភិបាលដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាសេនាធិការ ចាំបាច់ និងជាបន្ទាន់ត្រូវបង្កើតច្បាប់ស្តីពី “ការការពាររុក្ខាជាតិ និងភូតគាមអនាម័យ” នេះឡើង។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលេចជូនអង្គប្រជុំបានជ្រាបអំពីគោលបំណង និងអត្ថប្រយោជន៍នៃសេចក្តីព្រាង ច្បាប់នេះយ៉ាងលម្អិតផងដែរ។
សេចក្តីព្រាងច្បាប់ត្រូវបានសមាជិក សមាជិការដ្ឋសភា-ព្រឹទ្ធសភាធ្វើការពិនិត្យ ពិភាក្សា និងលើកជាសំណួរក្នុងន័យស្ថាបនាដែលផ្តល់ធាតុចូលសម្រាប់ជាមូលដ្ឋានគ្រឹះ និងគាំទ្រលើខ្លឹមសារបច្ចេកទេស និងមូលដ្ឋានគតិយុត្តនៃច្បាប់នេះបន្ថែម។
ចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចវិបុលសេនាភក្តី ឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា ដែលបានចំណាយពេលដ៏មានតម្លៃ ធ្វើការពិនិត្យ និងពិភាក្សា ហើយបានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ” តាមសំណើរបស់រាជរដ្ឋាភិបាល ៕ ដោយ ៖ ក្រសួងកសិកម្ម