ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាជំរុញនិងលើកទឹកចិត្តយុវជន
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជន កម្ពុជា(ស.ស.យ.ក.) បានជំរុញលើកទឹកចឹត្តឲ្យយុវជនចូល រួមសកម្មភាពសង្គម នយោបាយ ដើម្បីក្លាយជាយុវជនបន្តវេន។ យុវជន គឺជាសសរទ្រូងដ៏រឹងមាំ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការ ចូលរួមកសាងអភិវឌ្ឍន៍ និងកំណត់ជោគវាសនាប្រទេសជាតិ
ការជំរុញនេះបានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម អញ្ជើញចូលរួម ក្នុង ពិធីបឹទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ លើក ទិសដៅ ការងារឆ្នាំ២០២២របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថាន ឧត្តម សិក្សា នាល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ស្ថិតក្នុងបរិការណ៍នេះ ស្រប តាមបេសកកម្ម និងបុព្វហេតុរបស់ខ្លួន ស.ស.យ.ក. តែងតែផ្តល់ ឱកាស និងប្រមូលផ្តុំកម្លាំងយុវជនគ្រប់ទិសទីដើម្បីរួមគ្នាក្នុង ការ កសាងសង្គមកម្ពុជាមួយឯករាជ្យ អធិបតេយ្យ សន្តិភាព សេរីភាព និងការអភិវឌ្ឍនៅលើគ្រប់វិស័យ។ យុវជនជាសរសៃឈាម ដ៏រស់ រវើក និងរឹងមាំក្នុងការបន្តដំណើរលើមាគ៌ារួមរបស់ប្រជាជាតិ និងរាជ រដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម ហ៊ុន ម៉ានី ក៏បានគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះភារកិច្ច របស់ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្ដមសិក្សា ដែលសម្រេ ចលទ្ធផល បានល្អប្រសើរ។
ជាមួយគ្នានេះឯកឧត្តមក៏បានណែនាំឱ្យ គណៈគ្រប់គ្រង គ្រឹះស្ថាន ឧត្ដមសិក្សាទាំងអស់ បន្តកិច្ចសហការល្អ បង្កលក្ខណៈងាយស្រួល និងអនុញាតឱ្យក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា មាន លទ្ធភាពអាចធ្វើទំនាក់ទំនងនិងសកម្មភាពនានាបានពេញលេញទាក់ទងទៅនឹងយុវជន ដើម្បីឈានទៅសម្រេចឱ្យបាននូវ គោល បំណង និងសសរស្តម្ភទាំង៩ ដែលបានកំណត់នៅក្នុងផែន ការ យុទ្ធសាស្ត្រ(២០១៨-២០២៣) របស់ ស.ស.យ.ក.។
សូមបញ្ជាក់ សហភាពសហព័ន្ធយុវជនកម្ពុជា បានសម្រេច បង្កើតក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានភារកិច្ចកសាងកម្លាំងយុវជន ធ្វើចលនាប្រមូលផ្តុំយុវជនដែលបានបញ្ចប់ការសិក្សា និងកំពុងសិក្សានៅតាមគ្រឹះស្ថានឧត្តម សិក្សារដ្ឋ និងឯកជន ដើម្បីចូលរួមចំណែកជួយសង្គមជាតិ៕
ដោយ៖ហេងសម្បត្តិ



















