រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ ប្រគល់សញ្ញាបត្រ ដល់និស្សិតបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ចំនួន ១១៩នាក់

រាជធានីភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រគល់សញ្ញាបត្រដល់និស្សិត នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាចំនួន ១១៩នាក់ នៅអគារនវានុវត្តនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ។

ថ្លែងក្នុងពិធីដែលបានរៀបចំឡើងនារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវការអបអរសាទរដល់និស្សិតជ័យលាភីទាំងអស់ រួមជាមួយគ្រួសារ អាណាព្យាបាល ព្រមទាំងសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបង្រៀនរបស់សាស្ត្រាចារ្យ និងការខិតខំសិក្សារបស់និស្សិត ក្នុងរយៈពេល ៤ឆ្នាំកន្លងមក រហូតសម្រេចលទ្ធផលដ៏គួរជាទីមោទនៈ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើនិស្សិតជ័យលាភីទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនឯងបន្ថែមទៀត ដើម្បីសម្របខ្លួននឹងការវិវត្តឥតឈប់ឈរនៃពិភពលោក ហើយត្រូវធ្វើខ្លួនជាយុវជនគំរូ រស់នៅដោយមានសីលធម៌និងសុជីវធម៌ខ្ពស់ បំពេញការងារដោយមានការយកចិត្តទុកដាក់និងការទទួលខុសត្រូវ។

យោងតាមការសិក្សារបស់បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និស្សិតដែលបានបញ្ចប់ការសិក្សាមានជាង ៩៥% ទទួលបានការងារធ្វើត្រូវនឹងជំនាញរបស់ខ្លួនជាមួយក្រុមហ៊ុនល្អៗ ក្នុងវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាឌីជីថល ក៏ដូចជាធុរកិច្ចថ្មីឌីជីថល ហើយមាននិស្សិតមួយចំនួនបានទទួលអាហារូបករណ៍សិក្សាបន្តនៅបរទេសផងដែរ និងខ្លះទៀតចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន។

ក្នុងអំឡុងពេលសិក្សានិស្សិតនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល តែងតែបានចុះធ្វេីកម្មសិក្សាផ្ទាល់តាមក្រុមហ៊ុន ចូលរួមក្នុងការប្រកួតប្រជែងពានរង្វាន់ថ្នាក់ជាតិ និងអន្តរជាតិ ហើយទទួលបានជោគជ័យជាបន្តបន្ទាប់ ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner