រដ្ឋបាល ជលផល ខេត្តកណ្តាល សហការ ជាមួយ អាជ្ញាធរ ស្រុកពញាឮ ចុះធ្វើការបង្ក្រាបបទល្មើសនេសាទជាក់ស្តែង តាមដងទន្លេសាប

ខេត្តកណ្តាល៖ លោក ហេង សុភារិទ្ធ បានអំពាវនាវ និងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមគ្នាគោរពច្បាប់ស្ដីពីជលផលទាំងអស់គ្នា ជាពិសេសប្រជានេសាទ សូមយោគយល់ និងសុំឱ្យមានការចូលរួមថែរក្សា ការពារ នូវធនធានជលផលឱ្យគង់វង្ស ដោយត្រូវបញ្ឈប់ទាំងស្រុងនូវការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលច្បាប់ស្ដីពីជលផលហាមឃាត់ ដូចជា៖ ឧបករណ៍ ឆក់ត្រី និងឧបករណ៍នេសាទស្បៃម៉ុង លបនរកជាដើម មកធ្វើការនេសាទក្នុងដែននេសាទ ទាំងនៅតាមដងទន្លេ បឹង ព្រែក ស្ទឹង និងអូរ ព្រោះថា ឧបករណ៍ទាំងនេះបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរទាំងត្រីមេពូជ និងកូនត្រីតូចៗ ដែលជាដើមហេតុធ្វើត្រីផុតពូជ។

ការអំពាវនាវនេះបានធ្វើឡើង ក្នុងឱកាសដែលឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល និងលោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានដឹកនាំកម្លាំងមានសមត្ថកិច្ច ចុះពិនិត្យមើលបទល្មើសនេសាទ ដើម្បីធ្វើការបង្ក្រាបភ្លាមៗនៅនឹងកន្លែង តាមដងទន្លេសាប ត្រង់ចំណុចភូមិតាពៅ ភូមិជ្រោយសំបួរ ស្ថិតក្នុងឃុំកោះចិន និងភូមិជ្រៃអណ្ដែត ស្ថិតក្នុងឃុំកំពុងអុស កាលពីនៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២២។

លោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានឱ្យដឹងថា ក្នុងប្រតិបត្តិ ការបង្ក្រាបបទល្មើសនេសាទនេះ កម្លាំងជំនាញបានសម្រេចរុះរើ និងបំផ្លាញចោលលូស្បៃមុង ចំនួន ៣៣មាត់លូ របាំងស្បៃប្រវែង ២៩០០ម៉ែត្រ បង្គោលតូចធំ ចំនួន ១៩៨០ដើម និងលបនរក ចំនួន ២០គ្រឿង។

លោកបានបញ្ជាក់ថា ដើម្បីលុបបំបាត់់បទល្មើសនេសាទខុសច្បាប់បាន លុះត្រាប្រជានេសាទទាំងអស់ ត្រូវចូលរួមគោរពច្បាប់ស្ដីពីជលផលទាំងអស់គ្នា ពីព្រោះបើពឹងលើកម្លាំងសមត្ថកិច្ចតែម្ខាងគឺមិនអាចបង្ក្រាបបានជោគជ័យ ១០០%បានទេ គឺយើងទាំងអស់គ្នាត្រូវតែចូលរួមថែរក្សាទាំងអស់គ្នា ទើបធ្វើឱ្យធនធានជលផលមានការកើនឡើង គង់វង្សដល់កូនចៅជំនាន់ក្រោយទៀត ។

លោកបញ្ជក់ទៀតថា ខណ្ឌ រដ្ឋបាល ជលផល ខេត្តកណ្តាល នឹងបន្តសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីចុះធ្វើការទប់ស្កាត់បង្រ្កាបបទល្មើស ជលផលក្នុងភូមិសាស្រ្តខេត្តកណ្ដាលឱ្យដូចភ្លៀងរលឹមចាប់ពីពេលនេះតទៅ ពិសេសចាត់វិធានការទៅលើឡូត៍ដាយត្រីខុសច្បាប់ទាំងអស់ ដើម្បីជួយការពារធនធានមច្ចាជាតិរបស់យើងមានការកើនឡើង ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងពេលថ្មីៗនេះ បានជម្រុញឱ្យក្រសួងស្ថាបន័ពាក់ពន្ធ័ក្នុងដែនសមត្ថកិច្ចនេសាទទាំងអស់ ត្រូវបង្ក្រាបបទល្មើនេសាទគ្រប់ប្រភេទឱ្យអស់ ដើម្បធ្វើឱ្យធនធានមច្ចាជាតិមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ៕ ប្រភព ៖ ខេត្តកណ្តាល

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner