ឯកឧត្តម ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា បានពុះពាររួមសុខរួមទុក្ខ និងហែលឆ្លងការលំបាកជាច្រើនជាមួយប្រជាជនកម្ពុជា 

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានមានប្រសាសន៍បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានពុះពាររួមសុខរួមទុក្ខ និងហែលឆ្លងការលំបាកជាច្រើនជាមួយប្រជាជនកម្ពុជាជាប់រហូតមក ហើយក៏នឹងបន្តរួមដំណើរដ៏វែងឆ្ងាយតទៅមុខទៀត ដើម្បីធ្វើយ៉ាងណាបន្តនិរន្តរភាពនៃសុខសន្តិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ។ ឈរលើមូលដ្ឋានទិសដៅ និងទស្សនវិស័យនេះ យុវជនដែលជាកម្លាំងបន្តវេនដ៏មោះមុតរបស់គណបក្ស ត្រូវពង្រឹងសមត្ថភាព និងរក្សាឱ្យបានខ្ជាប់ខ្ជួននូវគុណធម៌ សីលធម៌ ព្រមទាំងភាពម៉ឺងម៉ាត់ក្នុងការបំពេញភារកិច្ច ដោយត្រូវប្រើប្រាស់សិទ្ធិអំណាចដែលទទួលបាន ដើម្បីតែនឹងសម្រេចភារកិច្ចបម្រើប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវ តម្លាភាព និងយុត្តិធម៌។

ការបញ្ជាក់របស់ឯកឧត្តម បានធ្វើឡើងក្នុងពិធីប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ។

ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានអរគុណដល់យុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ដែលក្រៅពីភារកិច្ចស្នូល បានលះបង់កម្លាំងកាយចិត្ត និងពេលវេលាដោយពុំគិតពីការនឿយហត់ ដើម្បីបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានប្រកបដោយការយកចិត្តទុកដាក់ និងភាពស្និទ្ធស្នាល ដែលបង្ហាញឱ្យឃើញនូវការរួបរួមសាមគ្គី និងភាពស្មោះត្រង់របស់មន្ត្រីវ័យក្មេងរបស់គណបក្សនៅក្នុងការបន្តស្មារតី និងសកម្មភាពរបស់ថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ដែលបានខិតខំកសាងស្នាដៃ និងសមិទ្ធផលជាច្រើននៅក្នុងការបំពេញភារកិច្ចជូនជាតិ មាតុភូមិ និងប្រជាជន។

ឯកឧត្តម ហ៊ុន ម៉ាណែត បានរម្លឹកថា ខេត្តកំពង់ធំបានប្រែក្លាយពីស្ថានភាពនៃការបំផ្លិចបំផ្លាញខ្ទេចខ្ទាំដោយសារសង្គ្រាម មកជាខេត្តដែលមានការ អភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ ជាពិសេសនៅក្រោយការទទួលបានសន្តិភាពពេញលេញក្រោមម្លប់នៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហើយក៏កំពុងបន្តពង្រីកសក្តានុពលរបស់ខ្លួនឆ្ពោះទៅរកវឌ្ឍនភាពរុងរឿងបន្ថែមទៀតតាមរយៈកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅទូទាំងខេត្ត៕ 

ដោយ៖ពលជ័យ

ads banner