អភិបាលរងខេត្តសៀមរាប ៖ ក្មួយៗសិស្សានុសិស្សដែលទទួលបានចំណេះដឹង ប្រកបដោយ គុណភាព ដោយសារការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់លោកគ្រូ អ្នកគ្រូ

សៀមរាប ៖ ការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់លោកគ្រូ អ្នកគ្រូ ដើម្បីផ្ទេរនូវចំណេះដឹង និងបទពិសោធន៍ល្អៗទៅឱ្យក្មួយៗសិស្សានុសិស្សទាំងអស់ទទួលបាននូវចំណេះដឹង ប្រកបដោយ គុណភាព ដែលទាំងអស់នេះបានបញ្ជាក់ពីការផ្សារភ្ជាប់ រវាងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ការបំរើសេវាសា ធារណៈ និងប្រសិទ្ធភាព គុណភាព ស្តង់ដារអប់រំ ដែលអាចទទួលយកបានក្នុងស្ថានភាព នៃការរីកចម្រើនរបស់ ពិភពលោកដែលយើងរស់នៅ ។

លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចែកវិញ្ញាបនបត្រមធ្យមសិក្សាទុតិយភូមិ ជូនដល់សិស្សានុសិស្សថ្នាក់ទី១២ និងបណ្ណសរសើរដល់សិស្សានុសិស្សទទួលបានជ័យលាភីនិទ្ទេសA និង ចំណាត់ថ្នាក់ល្អ ក្នុងឆ្នាំសិក្សា២០២០-២០២១ របស់សាលាវេសហ្គេតអន្តរជាតិ សាខាទី២ ផ្សារដើមក្រឡាញ់ ស្ថិតក្នុងភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២២នេះ។

លោក រ័ត្ន រស្មី នាយកសាលាវសហ្គេតអន្តរជាតិ បានបង្ហាញថា សាលាវេសហ្គេតអន្តរជាតិ មាន ៣សាខានៅក្រុងសៀមរាបដែលផ្តល់ជូននូវកម្មវិធីសិក្សាពីកម្រិតមត្តេយ្យសិក្សា ទាំងចំណេះដឹងទូទៅខ្មែរ ចំណេះដឹងទូទៅអង់គ្លេស និងចំណេះទូទៅភាសាចិន ហើយអ្វីជាពិសេសជាងនេះទៅទៀតនោះ គឺកម្មវិធីចេះ ៣ភាសាក្នុងពេលតែ១។

ចំពោះលទ្ធផលសិក្សា និងលទ្ធផលនៃការប្រលងកន្លងមកនេះ គឺមានផលប៉ះពាល់យ៉ាងខ្លាំងដោយជំងឺរាតត្បាតកូវីដ១៩ ដែលធ្វើឱ្យសាលាទាំងរដ្ឋ និង ឯកជនត្រូវបានបិទទ្វារមិនអនុញ្ញាតឱ្យចូលរៀននៅសាលាផ្ទាល់។ ក្នុងនោះសាលាវេសហ្គេតអន្តរជាតិបានរៀបចំផ្តល់ការសិក្សាអប់រំ ពីចំងាយ និងតាមប្រព័ន្ធអេឡិចត្រូនិចពីកម្រិតមត្តេយ្យសិក្សាដល់កម្រិតមធ្យមសិក្សា តាមការណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡាកន្លងមក ។

លទ្ធផលសំរាប់សិស្សបឋមសិក្សាបានជាប់លើសពី៩៥%សិស្សកំរិត មធ្យមសិក្សាបានជាប់លើសពី៩៨% ដោយឡែកសិស្សដែលបានប្រឡងជាប់ថ្នាក់មធ្យមសិក្សាបឋមភូមិមាន៩៨% និង មធ្យមសិក្សាទុតិយភូមិបាន៨៨%។ ក្នុងនោះមាននិទ្ទិស A ១ នាក់ និទ្ទេស B ៥នាក់ និទ្ទេស C ១៣ ក្រៅពីនោះគឺនិទ្ទេស D និង E ។ ក្រៅពីការរៀបចំផ្តល់វិញ្ញាបណ្ណបត្រផ្ដល់ប្អូនៗ ដែលទើបប្រឡងជាប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ សាលាក៏បាន រៀបចំផ្តល់ជូននូវលិខិតសរសើរដល់សិស្សឆ្នើមដែលបានខិតខំប្រឹងប្រែងសិក្សាតាំងពីកំរិតថ្នាក់ទី១ ដល់ ថ្នាក់ទី១២ ទាំងចំណេះដឹងទូទៅភាសាខ្មែរ អង់គ្លេស និងភាសាចិន ពីចំណាត់លេខ១ ដល់ លេខ៣ ដែលមានសិស្សសរុបប្រមាណ ១២៥នាក់ផងដែរ ៕ ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner