ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ៖ ការមករួមរស់ជាមួយគណបក្សប្រជាជនរបស់បងប្អូននៅពេលនេះគឺមិនមានការបង្ខិតបង្ខំឡើយ
កំពង់ធំ ៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយបានថ្លែងថា ការមករួមរស់ជាមួយគណបក្សប្រជាជនរបស់បងប្អូននៅពេលនេះគឺមិនមានការបង្ខិតបង្ខំឡើយ ។
លោកជំទាវបានថ្លែងបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនម្ពុជា និងប្រកាសបញ្ចូលសមាជិកបក្សចំនួន ២០២នាក់ ស្រី ១០៨នាក់ មកពី ភូមិចំនួន៦ ក្នុងឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ២៧ មិនា ឆ្នាំ២០២២ ។
ជំទាវបានកោតសរសើរចំពោះអជ្ញាធរដែនដីក្នុងការយកចិត្តទុកដាក់បម្រើការងារជូនបងប្អូនប្រជាពលរដ្ឋយ៉ាងសកម្ម និងសំណូមពរលើកទឹកចិត្តឱ្យបន្តខិតខំប្រឹងប្រែងបំពេញការងារបន្ថែមទៀត ដើម្បីរួមគ្នាធ្វើអំពើល្អបម្រើប្រជាជន និងជម្រុញដល់បងប្អូនប្រជាពរដ្ឋទាំងអស់ដែលគ្រប់អាយុបោះឆ្នោតទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នា។
លោកជំទាវបានមានប្រសាសន៍សង្កត់ធ្ងន់ថា សុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់ សម្រាប់ធ្វើការអភិវឌ្ឍប្រទេសជាតិរបស់រាជរដ្ឋាភិបាល ។ ប្រទេសមួយមានសន្តិភាព គឺមានលទ្ធ ភាពផ្តោតការយកចិត្តទុកដាក់លើកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសុខមាល ភាពរបស់ប្រជាជន។ ផ្ទុយទៅវិញ បើបាត់បង់សន្តិភាព នោះអ្វីៗគ្រប់យ៉ាងរួមទាំងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យបានជឿនលឿនលើគ្រប់វិស័យ នឹងត្រូវបាត់បង់ផងដែរ ។ ដូច្នេះសន្តិភាព គឺជាធាតុផ្សំដ៏សំខាន់សម្រាប់ធានាចីរភាពនៃកិច្ចអភិវឌ្ឍន៍ ហេតុដូចនេះ យើងត្រូវចូលរួមក្នុងការថែរក្សាសុខសន្តិភាពឱ្យបានពេញលេញ ដោយមិនឱ្យរបូតពីដៃរបស់យើងឡើយ។
លោកជំទាវបានបន្តទៀតថា បន្ទាប់ពីទទួលបានសុខសន្តិភាពពេញលេញ នៅទូទាំងប្រទេសអាស្រ័យដោយនយោបាយឈ្នះឈ្នះ ដែលផ្តួចផ្តើម ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឱ្យកម្ពុជា មានការប្រែប្រួលរីកចម្រើន និងមានការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិស័យ ដូចដែលយើងបានឃើញ ក្នុងបច្ចុប្បន្ននេះ ៕ ដោយ ៖ ប៊ុន រដ្ឋា